នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែលផ្សព្វផ្សាយ​នៅ​ថ្ងៃទី៩ កក្កដា ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ក្រសួងបានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។

ការ​ប្រកាស​ពី​ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មានជប៉ុនកាលពីថ្ងៃទី៧ ខែកក្កដា រួម​មាន​ទាំង The Japanese Times ដែល​ថា ប៉ូលិស​ជប៉ុន​បានបញ្ជូន​ឯកសារ​ និង​មន្ត្រី​ប្រតិបត្តិ​២រូប និង​អតីត​ទីប្រឹក្សា​មួយ​រូប​របស់ក្រុមហ៊ុន Fujipassc នៅ​កម្ពុជា​ ទៅ​កាន់​តុលាការ​ពាក់​ព័ន្ធ​នឹង​ការ​សូក​ប៉ាន់​។

បើ​តាម​កាសែត The Japanese Times ក្រុមហ៊ុន​ខាង​លើ​បម្រើ​សេវា​កម្ម​​បញ្ជូន​សិក្ខាកាម​បច្ចេកទេស​ទៅ​កាន់​ប្រទេស​ជប៉ុន ប៉ុន្តែ​ដោយសារ​តែ​​មាន​ការ​រាត​ត្បាត​ជំងឺកូវីដ១៩ ក្រុមហ៊ុន​នេះ​បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ក៏​បាន​ប្ដូរ​ព័ត៌មាន​លម្អិត​របស់​ក្រុមហ៊ុន​នេះ​ដើម្បី​លក់​ចេញ។ គឺ​នៅ​ពេល​ប្ដូរ​ព័ត៌មាន​នេះ​ហើយ​ដែល​អ្នក​បម្រើការ​ផ្នែក​ចុះ​បញ្ជី​កែប្រែក្រុមហ៊ុន​ ត្រូវ​បាន​រាយការណ៍​ថា​បាន​ទារ​ប្រាក់​សំណូក។

កាសែត​ជប៉ុន​បាន​ចុះផ្សាយ​ថា៖ «ភាគីក្រុមហ៊ុនត្រូវ​បាន​គេ​សង្ស័យថា បានផ្តល់សាច់ប្រាក់ប្រហែល ១,០០០ ដុល្លារដល់មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២១ ដើម្បីពន្លឿននីតិវិធីចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធ។ សំណូកនេះមានតម្លៃស្មើនឹងប្រាក់ឈ្នួលប្រចាំខែរបស់មន្ត្រីក្រសួងយ៉ាងតិចប្រាំខែ»។

កាសែត​ដដែល​បន្ត​ថា នាយកប្រតិបត្តិ Fujipassc ទាំងពីរបានយល់ព្រមបង់សំណូកនេះ ហើយបានណែនាំអតីតទីប្រឹក្សាក្រុមហ៊ុនបុត្រសម្ព័ន្ធឱ្យបង់ប្រាក់នោះ។

ស្រប​ពេល​ប្រកាស​ពី​ការ​ស៊ើបអង្កេត​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏​​បាន​បញ្ជាក់​ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើ ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួលនីតិវិធីចុះបញ្ជីពាណិជ្ជកម្មនិងសេវាសាធារណៈពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។

ក្រសួង​បន្ត​ថា ក្រុមហ៊ុន សហគ្រាស​ទាំង​អស់​ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស-នីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង។

ក្រសួងពាណិជ្ជកម្ម ក៏​បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ១២៦៦ សម្រាប់ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈ របស់ក្រសួងជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) រួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។

បន្ថែម​លើ​យន្តការ​នេះ​ កាលពី​ពេល​ថ្មីៗនេះ ក្រសួងបានធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការ​ចុះ​បញ្ជី មាន​ភាព​កាន់​តែ​សាមញ្ញ និង​ជំរុញការប្រើប្រាស់ប្រព័ន្ធនេះ​ឲ្យ​ដល់ ១០០%៕