លោក ស សុខា ដាក់បញ្ជា​ឱ្យ​​ស្រាវជ្រាវ​​មុខ​សញ្ញា​គ្រឿង​ញៀន​ និង​ប្រភព​គ្រាប់បែក​ ក្រោយកើត​ហេតុ​​ស្លាប់មនុស្ស​​៦នាក់ នៅខេត្តពោធិ៍សាត់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក ស សុខា ដាក់បញ្ជា​ឱ្យ​​ស្រាវជ្រាវ​​មុខ​សញ្ញា​គ្រឿង​ញៀន​ និង​ប្រភព​គ្រាប់បែក​ ក្រោយកើត​ហេតុ​​ស្លាប់មនុស្ស​​៦នាក់ នៅខេត្តពោធិ៍សាត់

 លោកឧបនាយក​រដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ មានការ​ក្រៀម​ក្រំ​ខ្លាំង ជុំវិញករណីបង្ក្រាបមុខសញ្ញាប្រើប្រាស់​គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារមួយ នៅអូសោម ដោយជនសង្ស័យបាន​បោកគ្រាប់បែក​​បណ្តាលឱ្យមន្រ្តីនគរបាល និងប្រជាការពារចំនួន ៥រូប បានពលីជីវិត ជនបង្កម្នាក់ស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់។

ចំពោះ​ហេតុការណ៍ដ៏រន្ធត់ ដែល​បានកើតឡើង នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី ៥ ខែសីហា​នេះ លោក ស សុខា បានណែនាំ និង​ដាក់​បញ្ជា​ឱ្យ​អគ្គស្នងការដ្ឋាននគរបាលជាតិ និង​ភាគីពាក់ព័ន្ធ ត្រូវស្វែង​រក​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និងប្រភព​គ្រាប់បែក​ដែល​ជន​បង្ក​បាន​ប្រើប្រាស់។

តាម​រយៈការ​បង្ហោះសារ កាលពី​យប់ម៉ោង ៨:២៩ លោក ស សុខា បានបញ្ជាក់​ថា៖ «ខ្ញុំ​បានណែនាំ​អគ្គស្នងការ​ដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការ​ដ្ឋាន​នគរ​បាល​ខេត្តពោធិ៍សាត់ យក​ចិត្តទុក​ដាក់​ឱ្យ​បាន​ខ្ពស់​បំផុត ក្នុង​ដំណើរការរៀបចំ​ពិធី​បុណ្យ​សព​​មន្ត្រី​​នគរបាលជាតិ និង​កម្លាំងប្រជាការពារ ហើយ​ត្រូវ​បន្ត​​ខិតខំ​​ស្រាវជ្រាវ​​ទាំង​​មុខ​​សញ្ញា​​ចែក​ចាយគ្រឿង​ញៀន​ក្នុង​មូល​ដ្ឋាននោះ និង​ប្រភព​គ្រាប់បែក​ដែល​ជន​បង្ក​បាន​ប្រើប្រាស់»។

តាងនាមឱ្យ​​ក្រសួង​មហាផ្ទៃ និងក្នុងនាម​ខ្លួនឯង​ផ្ទាល់ ព្រមទាំង​ក្រុម​គ្រួសារ លោក ស សុខា បាន​​ចូលរួម​រំលែក​មរណទុក្ខ​ដ៏សែន​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារសព។ លោក​​បន្ថែម​ថា៖​ «ពលិកម្ម​​មន្ត្រីនគរ​បាលជាតិ និង​ប្រជាការពារយើង រួមទាំង​សោកនាដកម្ម​​ក្នុង​​ករណី​នេះ​​ទាំងមូល បានដាស់តឿន​​យើងថា គ្រឿង​ញៀន គឺជាឃាតករ និង​ជា​សត្រូវ​ដ៏​អាក្រក់​របស់​យើង​ទាំង​អស់គ្នា»។

យោងតាមសេចក្តីប្រកាសព័ត៌មាន​បឋមរបស់​ស្នងការដ្ឋាននគរបាល​ខេត្តពោធិ៍សាត់ កាលពីយប់​ថ្ងៃពុធ​នោះ បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់​ខាង​លើកនេះ បានកើតឡើងបន្ទាប់ពីប្រពន្ធ​របស់ជនសង្ស័យឈ្មោះ អែម ដុំ បានទៅ​ប្ដឹង​លោក​មេប៉ុស្តិ៍​អូរសោម អំពី​ប្ដី​របស់ខ្លួន​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​មក​លើ​ខ្លួន។

ក្រោយពី​ទទួល​បាន​ពាក្យ​បណ្ដឹងភ្លាម លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំង​នគរបាលប៉ុស្តិ៍ និង​កម្លាំងប្រជាការពារ​សរុបចំនួន ៧នាក់ ចុះ​ទៅ​អន្តរាគមន៍ភ្លាមៗ។
នៅពេល​កម្លាំង​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​នាំខ្លួន​ជនសង្ស័យ ជនសង្ស័យ​បាន​គំរាម​កំហែង​មិន​ឲ្យចូលទេ។

តែពេលនោះ លោកមេប៉ុស្តិ៍ និងប្រជាការពារ​បាន​ស្ទុះ​ចូល​ទៅ​ឱប​ជន​សង្ស័យ ស្រាប់​តែ​ជន​សង្ស័យដែល​មាន​គ្រាប់​បែក​នៅ​នឹង​ដៃ បានប្រលែង​គ្រាប់បែកផ្ទុះឡើង បណ្ដាលឲ្យមាន​ការ​បាត់​បង់​ជីវិត លោកអនុសេនីយ៍ឯក សោម រ៉ា លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ ជាមន្ត្រីប៉ុស្តិ៍ រួមទាំង​លោក ជន ប្រិម លោក សុខ អាន និង​លោក ចិន្តា ជាប្រជាការពារ ចំណែក​ជនបង្កឈ្មោះ អែម ដុំ បានស្លាប់បាត់បង់ជីវិត ហើយ​លោក វ៉ី វឿន ប្រជាការពារ បានរងរបួសធ្ងន់។

ចំណែកលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក កាលពីយប់​ថ្ងៃពុធ ម្សិលមិញ​ថា លោក និង​ក្រុមការងារ​របស់ខេត្ត​ នឹងចុះ​ទៅ​ចូល​រួម​ធ្វើពិធី​បុណ្យសព​របស់​មន្រ្តី​ជាប៉ូលិស និង​ប្រជាការពារ​​ទាំង​៥នាក់ នៅថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​​​ជួយពិនិត្យ និងរ៉ាប់​រង​ជាមួយក្រុម​គ្រួសារ​ ហើយ​លោកបានបញ្ជាក់​ថា «គ្រាប់បែក ដែល​ជនបង្ក​បានប្រើនោះ ជា​គ្រាប់បែក​ច្នៃ»។

លោក ខូយ រីដា មានការសោកស្តាយ​ខ្លាំងចំពោះ​ហេតុការណ៍ ដែលបានសម្លាប់​មន្រ្តីប៉ូលិស និង​ប្រជាការពារ​អស់​៥នាក់នេះ។ លោក​ថ្លែង​ថា៖ «បើយើងនិយាយពីការសោកស្តាយវិញ យើងពិបាកនឹងនិយាយណាស់ ព្រោះមនុស្ស​ដែល​យើង​ឃើញមុខគ្នា​រាល់​ថ្ងៃ​ ហើយមនុស្ស​ដែលមានសមត្ថ​ភាព គាត់​ធ្វើ​ការងារ​ល្អ ដូចមេប៉ុស្តិ៍អីហ្នឹង គាត់​ល្អណាស់។ ខ្ញុំ​ធ្លាប់បានទះស្មា​ ប្រាប់គាត់​ថា យើង​ប្រជាជនស្រឡាញ់​ហើយ ខំធ្វើការងារ​ទៀត»។

លោក រីដា បាន​ឱ្យ​ដឹង​ទៀត​ថា លោក​ធ្លាប់ជួប និង​​ធ្វើ​ការងារជាមួយលោកនាយប៉ុស្តិ៍ សោម រ៉ា ហើយ​​ធ្លាប់ណែនាំ​ថា រាល់ការបង្រ្កាបបទ​ល្មើស​ទាំងអស់​ គឺ​ត្រូវ​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជាស្រេច​ឱ្យ​ហើយ កុំ​ធ្វើប្រហែស។ តែទោះបីជា​យ៉ាងណា ហេតុការណ៍​ដ៏ក្រៀមក្រំ នៅតែ​បាន​កើតមាន​ឡើងចំពោះមន្រ្តីប៉ូលិស​រូបនេះ និង​អ្នក​ចូលរួមចំនួន​៤នាក់​ទៀត។

អភិបាល​ខេត្តពោធិ៍សាត់រូបនេះ បានបញ្ជាក់​ថា៖ «ពេល​ចុះ​ទៅ​បង្រ្កាប​ មេប៉ុស្តិ៍​ហ្នឹង ​គាត់ពាក់​អាវ​ក្រោះ​ដែរ តែ​គាត់​ចូល​ទៅ​ឱប​ផ្ទាល់​ជាមួយ​ជន​ល្មើស អ៊ីចឹង​គ្រាប់​បែក​ផ្ទុះ​មក​ វាការពារ​បាន​តែដើម​ទ្រូង តែផុតពីហ្នឹង​ទៀត វាត្រូវ ហើយ​គ្រាប់បែកនេះ ជា​គ្រាប់បែក​ច្នៃ»៕


Post a Comment (0)
Previous Post Next Post