អាជ្ញាធរកម្ពុជា ស្នើឲ្យចក្រភពអង់គ្លេសជួយជំរុញឲ្យភាគីថៃងាកមកតុចរចា រកដំណោះស្រាយដោយសន្តិវិធីជាមួយកម្ពុជា ចៀសវាងការប្រើច្បាប់ព្រៃដើម្បីឈ្លានពានយកទឹកដីកម្ពុជា។
លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែសីហានេះ បានអមដំណើរទស្សនកិច្ចរបស់លោកស្រី Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ព្រីតថេន ទៅកាន់តំបន់ព្រំដែន ដែលជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រីមកកម្ពុជា ក្នុងតំណែងនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក មាន ចាន់យ៉ាដា ថ្លែងថា៖ «ការវាយប្រហារដោយកម្លាំងយោធាកាលពីថ្ងៃទី១៣ [ខែធ្នូ] បានបណ្តាលបំផ្លាញអគារនេះ និងបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ក្នុងន័យនេះ យើងខ្ញុំសូមស្នើឱ្យចក្រភពអង់គ្លេសជួយអន្តរាគមន៍ ក្នុងការនាំយកភាគីកម្ពុជា និងថៃ មកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស ការទូត និងច្បាប់ ដោយមិនត្រូវប្រើប្រាស់ “ច្បាប់ព្រៃ” ឬកម្លាំងយោធាដើម្បីមកឈ្លានពានប្រទេសដទៃនោះឡើយ»។
លោកបន្តថា៖ «ដោយសារភាគីជម្លោះទាំងពីរសុទ្ធតែបានទាមទារថាខ្លួនជាអ្នកត្រឹមត្រូវដូចគ្នា ដូច្នេះយើងពិតជាត្រូវការអាជ្ញាកណ្តាលមួយដែលមានតួនាទីច្បាស់លាស់ ដើម្បីធ្វើជាអ្នកសម្របសម្រួល និងជួយផ្តល់យុត្តិធម៌ដល់ពួកយើង»។
ចេញពីតំបន់ព្រំដែននេះដែរ លោក មាន ចាន់យ៉ាដា បានសំណូមពរឱ្យឯកអគ្គរាជទូតអង់គ្លេស ក៏ដូចជាចក្រភពអង់គ្លេស ជួយគាំទ្រដល់អង្គការដៃគូនានាក្នុងការសម្អាតកាកសំណល់ដែលសេសសល់ពីសង្គ្រាម ដែលនេះគឺជាកិច្ចការដ៏សំខាន់ចាំបាច់បំផុត។
យោងតាមមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ឬ ស៊ីម៉ាក់ នៅក្នុងជម្លោះកាលពីឆ្នាំមុន ការវាយប្រហារដោយយោធាថៃមកលើកម្ពុជា បានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះ UXO ចន្លោះពី ១,៥លានទៅ ២,១ លានគ្រាប់ ហើយបើគិតជាកូនគ្រាប់បែកចង្កោមវិញ មានចន្លោះពី៦លាន ទៅ៧លានគ្រាប់ ដែលត្រូវបានបាញ់ដោយប្រភេទគ្រាប់ ១៥៥មីលីម៉ែត្រ៕

