ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកតម្លៃអគារថ្មីនៃព្រឹទ្ធសភា «វិមានសាមគ្គីភាព» ថាជាសមិទ្ធផលដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពជាតិ ខណៈព្រះអង្គបានលើកឡើងពីតួនាទីរបស់ព្រឹទ្ធសភាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ។
ព្រះរាជសារនេះត្រូវបានលើកឡើងក្នុងព្រះរាជសុន្ទរកថា នាឱកាសព្រះអង្គយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វិមានសាមគ្គីភាព» នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងព្រះរាជសុន្ទរកថា ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហឫទ័យសោមនស្សរីករាយដែលបានយាងចូលរួមក្នុងព្រះរាជពិធីសម្ពោធអគារថ្មីនេះ ជាមួយថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការ និងភ្ញៀវកិត្តិយស។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា: «វិមាននេះក៏ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចប្បន្ន ទៅនឹងភាពថ្តំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់មាន់អរិយធមិចំណាស់ត្រចះត្រចង់ ឧត្តង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទីនៅក្នងតំបន់ និងនៅលើសកលលោក។ យើឯអាចសន្និដ្ឋាន់បានថា វិមានសាមគ្គីភាព” និងមិនត្រឹម់តែជានិមិត្តរូប»។
ព្រះអង្គបានកត់សម្គាល់ពីតួនាទីរបស់ព្រឹទ្ធសភា ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិមួយរបស់កម្ពុជា ដែលបានរួមចំណែកក្នុងដំណើរការកសាង និងពង្រឹងរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រទេស។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «វិមានសាមគ្គីភាព» មិនត្រឹមតែជាសមិទ្ធផលរូបវន្តថ្មីសម្រាប់បំពេញការងាររបស់ព្រឹទ្ធសភាប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឱ្យស្មារតីនៃសាមគ្គីភាព ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាង និងការពារជាតិ។
ព្រះអង្គក៏បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងស្ថាប័នជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការដាក់ឈ្មោះអគារថ្មីថា «វិមានសាមគ្គីភាព» ក៏ឆ្លុះបញ្ចាំងពីគោលគំនិតនៃការបង្រួបបង្រួម និងឯកភាពជាតិ ដែលព្រឹទ្ធសភាចាត់ទុកជាមូលដ្ឋានសម្រាប់ការបំពេញបេសកកម្មរបស់ខ្លួន។
អគារនេះនឹងត្រូវប្រើជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជាទីកន្លែងទទួលឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិ។ វាក៏នឹងបម្រើដល់ការបំពេញតួនាទីរបស់ប្រធានព្រឹទ្ធសភាក្នុងនាមជាប្រមុខរដ្ឋស្ដីទី រួមទាំងការទទួលសារតាំងពីប្រធានស្ថានតំណាងបរទេស ការទទួលបដិសណ្ឋារកិច្ចឥស្សរជនជាន់ខ្ពស់ និងការរៀបចំកម្មវិធីផ្លូវការផ្សេងៗ។
ទោះជាមានអគារថ្មីនេះក៏ដោយ អគារកេរដំណែល «វិមានរដ្ឋចំការមន» ឬ «អគារក្រហម» ដែលជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នឹងនៅតែបន្តប្រើប្រាស់ជាទីតាំងសម្រាប់សម័យប្រជុំពេញអង្គព្រឹទ្ធសភា ក្នុងការពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ សេចក្ដីស្នើច្បាប់ និងបញ្ហាសំខាន់ៗផ្សេងទៀត។
«វិមានសាមគ្គីភាព» ត្រូវបានបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ប្រមាណបួនខែក្រោយព្រះមហាក្សត្រយាងបើកសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥។ ពិធីបើកការដ្ឋាននៅពេលនោះធ្វើឡើងក្រោមអធិបតីភាពលោក ប្រាក់ សុខុន ដែលជាអនុប្រធានទី១ព្រឹទ្ធសភានាពេលនោះ និងជាតំណាងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ការសាងសង់បានបញ្ចប់ក្នុងរយៈពេលប្រមាណ១៦ខែ ហើយអគារត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មុននឹងត្រូវសម្ពោធជាផ្លូវការក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រនៅថ្ងៃទី២១ ខែសីហា។ អគារនេះត្រូវបានរចនា និងតុបតែងដោយប្រើក្បាច់ចម្លាក់ខ្មែរ ដើម្បីឆ្លុះបញ្ចាំងអត្តសញ្ញាណជាតិ ខណៈបំពេញតម្រូវការរដ្ឋបាល និងពិធីការរបស់ស្ថាប័នព្រឹទ្ធសភា។
ក្នុងព្រះរាជសុន្ទរកថា ព្រះមហាក្សត្រក៏បានសម្ដែងព្រះរាជអំណរគុណ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមចំណែកដល់ការអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិនេះ។
ព្រះអង្គបានលើកទឹកចិត្តឱ្យព្រឹទ្ធសភាបន្តបំពេញភារកិច្ចរបស់ខ្លួន ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាព និងការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការពង្រឹងស្ថាប័នជាតិ ការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ព្រះមហាក្សត្រមានបន្ទូលថា: «ខ្ញុំ ក៏សូមសម្តែងនូវការកោតស្សប់ស្សែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរូបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ»។
ការសម្ពោធអគារថ្មីនេះ ដូច្នេះ មិនត្រឹមតែបន្ថែមហេដ្ឋារចនាសម្ព័ន្ធថ្មីដល់ព្រឹទ្ធសភានោះទេ ប៉ុន្តែត្រូវបានដាក់ក្នុងន័យទូលំទូលាយជាងនេះ គឺជានិមិត្តរូបនៃសាមគ្គីភាព និងការបន្តពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការកសាងរដ្ឋ និងសង្គមកម្ពុជា។

