អ្នក​​ពាក់ព័ន្ធ Online Scams ១១០នាក់ ត្រូវបានឃាត់ខ្លួន នៅខេត្ត​​ស្វាយរៀង រីឯ​​​៤នាក់​ទៀត ចាប់​ខ្លួន​នៅ​ត្បូងឃ្មុំ រឿង​គ្រឿងញៀន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អ្នក​​ពាក់ព័ន្ធ Online Scams ១១០នាក់ ត្រូវបានឃាត់ខ្លួន នៅខេត្ត​​ស្វាយរៀង រីឯ​​​៤នាក់​ទៀត ចាប់​ខ្លួន​នៅ​ត្បូងឃ្មុំ រឿង​គ្រឿងញៀន

 កម្លាំងស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​លួច​លាក់​ប្រព្រឹត្ត​បទ​ល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន​២ទីតាំង ដោយ​​ឃាត់​​ខ្លួន​​ជន​​សង្ស័យ​​ចំនួន ១១០នាក់​។ ចំណែក​នៅ​ឯ​ខេត្តត្បូងឃ្មុំ​វិញ កម្លាំង​ចម្រុះ​បាន​ឃាត់​ខ្លួន​ជនបរទេស​​៤នាក់ ពាក់ព័ន្ធ​នឹងការ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿង​ញៀន។

ប្រតិបត្តិការ​​បង្ក្រាបលួច​លាក់ប្រព្រឹត្តបទល្មើស Online Scams នេះ ត្រូវបាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃទី ២០ ខែសីហា ដោយ​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំ​កងកម្លាំង​នគរបាល​​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំងនាយក​ដ្ឋាន​ព្រហ្មទណ្ឌ ដឹកនាំដោយ​ឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ បាន​ចុះប​ង្រ្កាប​ទីតាំង​ចំនួន​២ គឺ​ផ្ទះ​ជួល​ និង​ផ្ទះ​សំណាក់ នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។

ជាលទ្ធផល​សមត្ថកិច្ច ​ឃាត់​ខ្លួន​មនុស្ស​​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១១០នាក់​ (ស្រី​​១៦នាក់) ក្នុង​នោះមាន​​ជនជាតិ​វៀតណាម​ ៩១​នាក់​( ស្រី​ ១៥​នាក់) ជនជាតិ​​ចិន​ ១៤នាក់​ និង​​ជនជាតិ​​ខ្មែរ​ ៥​នាក់​ (ស្រី​​១នាក់) ព្រមទាំង​បាន​ដក​ហូត​សម្ភារ​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើសរួម​មាន កុំព្យូ​ទ័រ​​យួរដៃ​, ទូរសព្ទដៃ, ថេបប្លេត និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ត្រូវ​បាន​សមត្ថ​កិច្ចជំនាញ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ រីឯ​​ទីតាំង​​ប្រព្រឹត្តិ​​ប​ទ​ល្មើស​ Online Scams ក្រុម​ការ​ងារ​បាន​បិទ​​ស៊ីល​ ទីតាំង​​បណ្ដោះ​អាសន្ន​។ដោយ​ឡែក​​កម្លាំង​ចម្រុះ​​ខេត្ត​ត្បូងឃ្មុំ កាលពី​​ថ្ងៃ​ទី ២០​ ខែ​សីហា​​នោះ​​ដែរ បាន​​ចុះ​​ត្រួត​ពិនិត្យ​​រដ្ឋ​បាល​​ចំហរ រក​​ឃើញ​​ជនបរទេស ២០នាក់ និង​​ឃាត់​​ខ្លួន​​ជន​​បរទេស​៤នាក់ ពាក់​ព័ន្ធ​​ការ​​រក្សា​ទុក និង​ប្រើប្រាស់​​គ្រឿងញឿន។

ប្រតិបត្តិការនេះ កម្លាំង​ចម្រុះ​ខេត្ត​ត្បូងឃ្មុំ បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យ​នៅ​តាម​ផ្ទះ​វីឡា ផ្ទះសំណាក់ បន្ទប់ជួល និងឃ្លាំង ចំនួន​៥​ទីតាំង ដែល​មាន​ចំនួន ៦៧បន្ទប់ នៅក្នុងភូមិ​សាស្ត្រ​ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ ជាលទ្ធផល កម្លាំងចម្រុះបានធ្វើរដ្ឋបាលលើជនបរទេសចំនួន ២០នាក់ (ស្រី ៤នាក់) ហើយបានរកឃើញជនបរទេសម្នាក់គ្មានលិខិតឆ្លងដែន។

ជាមួយគ្នានេះ កម្លាំងចម្រុះ​បានឃាត់​ខ្លួន​ជនបរទេសចំនួន​​៤នាក់ រួម​មាន​ជនជាតិ​​ចិន ២​នាក់ និងជនជាតិ​វៀតណាម ២ នាក់ (ស្រី) ដែល​ពាក់​ព័ន្ធ​នឹង​ការ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់នូវ​សារធាតុញៀន។ ជនសង្ស័យ​ទាំង​៤នាក់ ត្រូវបានបញ្ជូន​មក​ស្នងការ​ដ្ឋាននគរ​បាលខេត្ត ដើម្បីកសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់។

បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត កំពុង​បន្ត​ចុះ​ស្រាវជ្រាវ និង​ត្រួត​ពិនិត្យ​ស្វែងរក​ទីតាំង​ដែល​មាន​ការ​សង្ស័យ​លួច​លាក់​ប្រព្រឹត្ត​បទល្មើស និង​ការ​រស់​នៅ​ប្រមូល​ផ្តុំ​ខុស​ច្បាប់ នៅក្នុង​ភូមិ​សាស្ត្រ​ទាំង ៧​ក្រុង ស្រុក នៃ​ខេត្ត​ត្បូងឃ្មុំ ហើយ​​ក៏​​បាន​​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើន​ការ​យល់ដឹង និង​ចូលរួម​អនុវត្តច្បាប់។

ចំណែក​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន​ កាលពី​ថ្ងៃទី ២០ ខែសីហា បានបើកកិច្ចប្រតិបត្តិការបោសសម្អាតទីតាំង Online Scams ចំនួន​២ទីតាំង គឺ​ទីតាំងទី១ ស្ថិតនៅបុរីរីវើរ៉ា កោះពេជ្រ ផ្ទះលេខ I50 ដោយ​សមត្ថកិច្ច​បាន​​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ​​៣នាក់ និង​ដក​ហូត​វត្ថុ​តាង​រួមមាន កុំព្យូទ័រ All-in-One ចំនួន ២០៤​គ្រឿង, ទូរសព្ទដៃ ១,៥៥០គ្រឿង, ម៉ូនីទ័រចំនួន ៣គ្រឿង, ស៊ីភីយូ ៣​គ្រឿង និង​ស៊ីមកាត​បរទេស​មួយ​ចំនួន​ធំ​រាប់​ម៉ឺន​ស៊ីម។

ចំណែកនៅទីតាំងទី២ ស្ថិត​នៅ​បុរីដាយ​មិន​វ័ន ផ្ទះលេខ S55 សមត្ថកិច្ចបាន​ឃាត់​ខ្លួន​ជន​សង្ស័យចំនួន ៤នាក់ (ស្រី ១នាក់) និងដក​ហូត​​​វត្ថុ​តាង​រួម​មាន កុំព្យូទ័រ All-in-One ចំនួន ៣១​គ្រឿង, Laptop ចំនួន ២គ្រឿង, ម៉ូនីទ័រ ៣គ្រឿង និង​ទូ​រសព្ទ​ដៃ ចំនួន ២១១គ្រឿង។  ជន​​សង្ស័យ​​ទាំង​៧នាក់នេះ មាន​ជនជាតិចិន ៤នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរ៣នាក់ ហើយ​បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕




Post a Comment (0)
Previous Post Next Post