កម្ពុជា​ដាក់ចេញ​គោលនយោបាយជាតិ​បោស​សម្អាត​មីន​និង​សំណល់ជាតិផ្ទុះ​ឲ្យអស់​នៅ​ឆ្នាំ​២០៣៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​ដាក់ចេញ​គោលនយោបាយជាតិ​បោស​សម្អាត​មីន​និង​សំណល់ជាតិផ្ទុះ​ឲ្យអស់​នៅ​ឆ្នាំ​២០៣៥

 ក​ម្ពុជាប្រកាស​ជាផ្លូវការនូវ​​គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ក្នុង​គោល​បំណង​បោស​សម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះពី​សង្គ្រាម​ដែល​ត្រូវ​បាន​កំណត់ រួមបញ្ចូល​ទាំង​ទីតាំង​ដែល​រង​ការ​វាយ​ប្រហារ​ពី​យោធាថៃ​កាលពី​ឆ្នាំ​២០២៥ផងដែរ។

​​គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវ​បាន​ប្រកាស​នៅថ្ងៃទី២ ខែកញ្ញា​នៅ ដោយ​លោក លី ធុជ អនុប្រធានទី១ នៃ​អាជ្ញាធរមីន តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

សកម្មភាព​សម្រាប់​រយៈពេល១០ឆ្នាំ ទៅមុខ​នេះ មានលក្ខណៈប្រទាក់ក្រឡាគ្នា ផ្តោត​លើការធានានូវប្រសិទ្ធភាពនៃការបោសសម្អាត ការអប់រំកាត់បន្ថយ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ កិច្ចសង្គ្រោះជនរងគ្រោះ ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ ការបញ្ជ្រាបយេនឌ័រនិងការការពារបរិស្ថាន ការពង្រឹងសមត្ថភាពជាតិ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះបើ​តាម​ខ្លឹមសារ​នៃ​ឯកសារ​គោលនយោបាយនេះ។

យោង​តាម​អាជ្ញាធរ​មីន សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៩៨ បានបន្សល់ទុកនូវបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបណ្តាលឱ្យមនុស្សជាង ៦៥.០០០ នាក់រងគ្រោះថ្នាក់ចាប់តាំងពីឆ្នាំ ១៩៧៩ មក។

ចាប់តាំងពីកម្មវិធីសកម្មភាពមីនមនុស្សធម៌បានចាប់ផ្តើមនៅឆ្នាំ ១៩៩២ កម្ពុជាបានបោសសម្អាត និងរំដោះផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣.៥៤១ គីឡូម៉ែត្រក្រឡា ក្នុងនោះបានរកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សជាង ១,២ លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦.៧០០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,២៤ លានគ្រាប់ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥។

យ៉ាង​ណា​ក៏​ដោយ ផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅមានទំហំធំធេង ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៥៧ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោមចំនួន ៦៦៣ គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀតចំនួន ៥២៩ គីឡូម៉ែត្រក្រឡា។

ផ្ទៃដីខាង​លើ​នេះ មិនទាន់រាប់បញ្ចូលលទ្ធផលពេញលេញនៃការស្រាវជ្រាវចម្ការមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមបណ្តោយព្រំដែនកម្ពុជា ​ថៃ និងការស្រាវជ្រាវគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់នៅឡើយ។

យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)ភូមិ​​ចំនួន៣៣៥ ក្នុងចំណោម ៣៤៩ភូមិ ត្រូវ​បាន​កំណត់​ជា​តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ដែល​មាន​ផ្ទៃ​ដីជាង៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩ តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។

យោង​តាម​ឯកសារ​គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ កម្ពុជា​មានគោលបំណងបញ្ចប់ការបោសសម្អាតតំបន់ដែលដឹងថាមានមីននិងគ្រាប់បែកចង្កោម កាត់បន្ថយតំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត និងគាំទ្រកិច្ចសង្រ្គោះជនរងគ្រោះ ប្រកបដោយចីរភាពនិងបរិយាបន្ន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

គោលដៅ​ចម្បង​របស់​គោល​នយោបាយ​គឺ​​ រំដោះផ្ទៃដីដែលដឹងថាមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០ និងផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោទាំងអស់និងផ្ទៃដីអាទិភាពដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមត្រឹមឆ្នាំ២០៣៥។

លោក លី ធុជ បាន​ថ្លែង​នៅក្នុងកម្មវិធី​ផ្សព្វផ្សាយ​​គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដោយ​លោក​បាន​លើក​ឡើង​ថា ថ្នាក់​ដឹកនាំកម្ពុជា ចាប់តាំង​ពី​លោក ហ៊ុន សែន ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី រហូត​មក​ដល់​លោក ហ៊ុន ម៉ាណែត បានយកចិត្ត​ទុកដាក់ជា​អាទិភាព​លើ​ការ​បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់ផ្ទុះ ដើម្បីដោះដី និង​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់។

លោក​បន្ត​ថា កាលពី​ទសវត្សរ៍ ១៩៩០ មនុស្ស​ជាង​ ៤ពាន់នាក់​ត្រូវ​បាន​ស្លាប់​ឬ​រងរបួស​ពី​គ្រាប់​មីននិង​សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាមក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ប៉ុន្តែ កិច្ច​ប្រឹងប្រែង​បោស​សម្អាត បាន​ធ្វើ​ឲ្យ​ទំហំ​នៃ​ការរង​គ្រោះធ្លាក់ចុះ មកនៅ​ក្រោម​ ១០០​នាក់​ក្នុង​មួយ​ឆ្នាំនាពេល​បច្ចុប្បន្ន។ លោក​ថា ទាំងអស់នេះ​មិន​អាច​សម្រេច​បាន​ទេ​ បើ​គ្មាន​កិច្ច​ប្រឹងប្រែអ​របស់អ្នក​ដោះមីន និង ម្ចាស់​ជំនួយទាំងពី​ក្នុង​ប្រទេស​និងពី​អន្តរជាតិ។

លោក លី ធុជ៖ «ប៉ុន្តែ គោលនយោបាយដែលយើងដាក់ឱ្យអនុវត្តនាថ្ងៃនេះ បានចោទជាសំណួរមួយដែលកាន់តែស៊ីជម្រៅជាងមុន។ សំណួរនោះគឺ៖ តើមានអ្វីកើតឡើងចំពោះដីធ្លី ក្រោយពេលបោសសម្អាតរួច? តើកសិករបានចាប់ផ្តើមដាំដុះដែរឬទេ? តើសាលារៀនត្រូវបានសាងសង់ឡើងដែរឬទេ? ហើយតើជីវភាពរស់នៅរបស់ក្រុមគ្រួសារមានការផ្លាស់ប្តូរពិតប្រាកដដែរឬទេ?»។

លោក​បន្ត​ថា៖ «ចាប់ពីថ្ងៃនេះតទៅ យើងនឹងវាស់វែងភាពជោគជ័យតាមរយៈអ្វីដែលយើងកសាងនៅលើដីដែលបានបោសសម្អាតរួច មិនមែនវាស់វែងត្រឹមតែអ្វីដែលយើងបានដកចេញពីក្រោមដីនោះឡើយ។ នេះគឺជាការផ្លាស់ប្តូររបត់ថ្មី។ ការបោសសម្អាត បម្រើឱ្យការអភិវឌ្ឍ។ ការអភិវឌ្ឍ បម្រើឱ្យប្រជាជន។ ហើយប្រជាជន គឺជាមូលហេតុចម្បងដែលយើងធ្វើការងារនេះ»៕


Post a Comment (0)
Previous Post Next Post