ក្រសួងជំនាញរៀបចំផែនការយុទ្ធសាស្ត្រការអភិវឌ្ឍប្រព័ន្ធអាងស្តុកទឹកនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ក្នុងខេត្តជាប់ព្រំដែន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងជំនាញរៀបចំផែនការយុទ្ធសាស្ត្រការអភិវឌ្ឍប្រព័ន្ធអាងស្តុកទឹកនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ក្នុងខេត្តជាប់ព្រំដែន

 ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម កំពុងពិភាក្សា ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងពង្រីកសក្តានុពលប្រព័ន្ធអាងស្តុកទឹក នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា ក្នុងទិសដៅធានាសន្តិសុខទឹក ការពារបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការរៀបចំផែនការយុទ្ធសាស្រ្តនេះធ្វើឡើងតាមរយៈកិច្ចប្រជុំចង្អៀតមួយដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងធនធានទឹកលោក ថោ ជេដ្ឋា កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ដើម្បីពិភាក្សា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងពង្រីកសក្តានុពលប្រព័ន្ធអាងស្តុកទឹក នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ នៅតំបន់ពាយ័ព្យនៃប្រទេស តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា ដែលរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

អង្គប្រជុំបានពិភាក្សាផ្តោតលើការពិនិត្យស្ថានភាពបច្ចុប្បន្ន ការកំណត់ទិសដៅអាទិភាព និងការរៀបចំផែនការមេ ដោយជំរុញឱ្យមានការសិក្សាផ្លូវទឹក និងលើកផែនការស្តារអាងស្តុកទឹកតាមលំអានផ្លូវទឹកធម្មជាតិ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទាំងក្នុងរដូវវស្សា និងរដូវប្រាំង។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ពីការរៀបចំប្រព័ន្ធរំដោះទឹក និងប្រឡាយស្រោចស្រព ដើម្បីបង្កើនផលិតភាពកសិកម្ម និងទ្រទ្រង់សេដ្ឋកិច្ចសហគមន៍តាមព្រំដែន ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងបំពាក់ស្ថានីយស្វ័យប្រវត្តិ រួមទាំងអភិវឌ្ឍអាងទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងវិស័យទេសចរណ៍។

លោកក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះសិក្សាវាយតម្លៃដល់ទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល៕


Post a Comment (0)
Previous Post Next Post