មិនមែនតែពលរដ្ឋបរទេសទេដែលខាតបង់ប្រាក់រាប់ពាន់លានដុល្លារទៅលើក្រុមឆបោកតាមអនឡាញ ពលរដ្ឋខ្មែរក៏បាត់បង់ប្រាក់អស់ ប្រមាណ ២៦,២លានដុល្លារផងដែរ នៅឆ្នាំ ២០២៥ និងក្នុងរយៈពេល ៨ ខែឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ។
លោក ស ថេត បានថ្លែងនៅថ្ងៃនេះ នៅក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ថា នៅឆ្នាំ២០២៥ អគ្គស្នងការនគរបាលបានជាតិបានទទួលពាក្យបណ្ដឹងពីពលរដ្ឋខ្មែរចំនួន ១១៣៦បណ្ដឹង ដែលមានទឹកប្រាក់ប្រមាណ ៤,៧ លានដុល្លារ ដែលត្រូវបានចាញ់បោកទៅលើក្រុមឆបោកតាមអនឡាញ។
លោកថា ក្នុងចំណោមបណ្ដឹងទាំងនេះ មានតែ ៥១ករណីប៉ុណ្ណោះត្រូវបានដោះស្រាយបញ្ចប់។
សម្រាប់រយៈពេល ៨ ខែ ឆ្នាំ ២០២៦នេះ សមត្ថកិច្ចបានទទួបណ្ដឹងចំនួន ១០៨៤បណ្ដឹង មានទឹកប្រាក់ប្រមាណ ២១,៥ លានដុល្លារ ដោះស្រាយបាន ៤២បណ្ដឹង។
លោកពន្យល់ថា កម្ពុជាជួបបញ្ហាលំបាកមួយចំនួនក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសតាមបច្ចេកវិទ្យាដែលរួមមាន ការវិវត្តនៃប្រព័ន្ធបច្ចេកវិទ្យានិងទូរគមនាគន៍ដែលក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ និងបញ្ហាពាក់ព័ន្ធនឹងចរន្តផ្ទេរប្រាក់។ ការអប់រំសម្រាប់ពលរដ្ឋយល់ដឹងអំពីបញ្ហានេះក៏នៅទាបនៅឡើយ។
បន្ថែមពីលើនេះ លោកថា ការបង្ក្រាបចាប់បានតែអ្នកប្រព្រឹត្តតូចតាច និងអ្នកគ្រប់គ្រង ចំណែកមេខ្លោងធំស្ថិតនៅក្រៅប្រទេស ដែលធ្វើការកាត់ផ្ដាច់ឫសគល់មិនទាន់អាចធ្វើបាន។
លោកបន្តថា កម្ពុជាក៏ជួបនឹងការកំណត់អត្តសញ្ញាជនពាក់ព័ន្ធដោយសារឯកសារពួកគេបានផុតកំណត់ ធ្វើឲ្យនីតិវិធីធ្វើមាតុភូមិនិវត្តន៍ ឬ បណ្ដេញចេញមានការយឺតយ៉ាវ ដែលធ្វើការកម្ពុជាត្រូវរ៉ាប់រងលើការចំណាយនានា។
លោកស្នើឲ្យមានការរួមគ្នារវាងប្រទេស និងស្ថាប័នផ្សេងៗដើម្បីផ្ដាច់ច្រវ៉ាក់ បង្ក្រាបបទល្មើសដែលគ្មានព្រំដែននេះ៕

