នគរបាលកូរ៉េខាងត្បូងបានទប់ស្កាត់លេខទូរស័ព្ទដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញចន្លោះពី ៥០០ ទៅ ១ ០០០លេខក្នុងមួយថ្ងៃ ហើយបានទប់ស្កាត់លេខសរុបប្រមាណ ៣០ម៉ឺនលេខ ក្នុងរយៈពេល ១០ខែកន្លងមក ដើម្បីរារាំងឧក្រិដ្ឋជនមិនឱ្យប្រើប្រាស់លេខទាំងនេះបន្តបោកប្រាស់ជនរងគ្រោះ។
លោក Kim Hyun Soo ប្រធានផ្នែកស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានថ្លែងដូច្នេះ នៅថ្ងៃទី២៤ ខែកញ្ញា ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅរាជធានីភ្នំពេញ។
លោកបានពន្យល់ថា កូរ៉េខាងត្បូងប្រើយុទ្ធសាស្ត្រ សសរស្តម្ភ៣ រួមមាន ការបង្ការ ការបង្ក្រាប និងកិច្ចសហការ ដោយការទប់ស្កាត់ឧបករណ៍ដែលឧក្រិដ្ឋជនប្រើប្រាស់ ត្រូវបានចាត់ទុកជាវិធានការសំខាន់មួយក្នុងការបង្ការ។
លោកថា នៅពេលមានការរាយការណ៍អំពីលេខទូរស័ព្ទគួរឱ្យសង្ស័យ ព័ត៌មានត្រូវបានបញ្ជូនទៅការិយាល័យជាតិប្រឆាំងការឆបោកភ្លាម ដើម្បីវិភាគ។ បន្ទាប់ពីបញ្ជាក់ថាលេខនោះត្រូវបានប្រើប្រាស់ក្នុងបទល្មើស សមត្ថកិច្ចសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ ដើម្បីទប់ស្កាត់លេខនោះក្នុងរយៈពេលប្រហែល ១០នាទី។
លោក Kim ថ្លែងថា៖ «បច្ចុប្បន្ន នគរបាលកូរ៉េបានទប់ស្កាត់លេខទូរស័ព្ទពី ៥០០ ទៅ ១ ០០០លេខក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល ១០ខែកន្លងមក លេខទូរស័ព្ទសរុប ៣០០ ០០០លេខត្រូវបានទប់ស្កាត់»។
កិច្ចសហការជាមួយកម្ពុជា ក៏ត្រូវបានលោកលើកឡើងជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រប្រឆាំងបទល្មើសឆ្លងដែនរបស់កូរ៉េខាងត្បូងផងដែរ។
លោក Kim បានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងភាគីកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) សមាជិកក្រុមឆបោកតាមអនឡាញចំនួន ១៧៣នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅកូរ៉េខាងត្បូងវិញ ចាប់ពីខែតុលាឆ្នាំមុនដល់ខែមករាឆ្នាំនេះ។
លោកបានចាត់ទុកប្រតិបត្តិការនេះថា ជាប្រតិបត្តិការបញ្ជូនត្រឡប់ ដែលមានទំហំធំបំផុតរបស់កូរ៉េខាងត្បូងក្នុងបទល្មើសប្រភេទនេះ ហើយបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងនគរបាលជាតិកម្ពុជា សម្រាប់កិច្ចសហការ។
តាមលោក Kim យុទ្ធសាស្ត្រសសរស្តម្ភ៣ នេះបានរួមចំណែកធ្វើឱ្យករណីឆបោកតាមទូរស័ព្ទថយចុះ ៤៣ភាគរយ និងការខាតបង់ផ្នែកហិរញ្ញវត្ថុថយចុះ ៤៩ភាគរយ ក្នុងឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានព្រមានថា បទល្មើសកំពុងកាន់តែទំនើប និងឆ្លងដែនកាន់តែខ្លាំង ដោយឧក្រិដ្ឋជនប្រើ AI សម្រាប់បង្កើតសំឡេង វីដេអូ និងកម្មវិធីព្យាបាទ ខណៈការផ្ទេរប្រាក់តាមទ្រព្យសកម្មនិម្មិតក៏ធ្វើឱ្យការតាមដានប្រាក់ដែលបានមកពីបទល្មើសកាន់តែពិបាក៕

