រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា ចូលរួមសម្ពោធការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ រវាងក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំចេញដោយផ្ទាល់ពីកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន។
ពិធីនេះធ្វើឡើងនៅ នៅកំពង់ផែស្វយ័តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ កញ្ញានេះ ដែលជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា។ ការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ នេះបើតាមក្រសួងកសិកម្ម។
ការដឹកទំនិញរាយតាមនាវានេះ ត្រូវបានក្រសួងចាត់ទុកថាជាមធ្យោបាយជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។
ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF)។
CRC ថ្លែងថា ក្នុងរយៈពេលពីខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ប្រទេសហ្វីលីពីនមានទំហំ ៨៧ ៣៤៤ តោនទៀត ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។
ក្រសួងកសិកម្មថ្លែងថា៖ «នេះគឺជាការកើនឡើងដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយដែលរួមចំណែកក្នុងការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០ ៣២១ តោនកាលពីឆ្នាំ ២០២៥»។
ក្រសួងកសិកម្មចាត់ទុកកំណើននាំចេញអង្ករនេះថា ជាសមិទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្រសួងកសិកម្ម៖ «កិច្ចសហការរវាងរដ្ឋ និងរដ្ឋ រួមជាមួយវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការបើកទីផ្សារនាំចេញអង្ករដ៏ធំនេះ ហើយក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរឆ្ពោះទៅរកការបំបែកឯតទគ្គកម្មការនាំចេញជាបន្តបន្ទាប់នៅពេលអនាគត»៕

