កម្ពុជាត្រៀមឈានទៅជំហានបន្ទាប់នៃដំណើរការផ្សះផ្សាដែនសមុទ្រក្រោម UNCLOS ដែលនឹងធ្វើឡើងនៅទីក្រុងឡាអេ
កម្ពុជាត្រៀមខ្លួនបន្តទៅជំហានបន្ទាប់នៃដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីកិច្ចប្រជុំលើកដំបូងបានបញ្ចប់ ខណៈការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលលាយបញ្ចូលបញ្ហាព្រំដែនគោកជាមួយបញ្ហាដែនសមុទ្រ ត្រូវបានអ្នកសារព័ត៌មានថៃជើងចាស់មួយរូបចាត់ទុកថាមានលក្ខណៈ «វាយប្រហារ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា គណៈកម្មការផ្សះផ្សានឹងបន្តទទួលបាន «ការជឿទុកចិត្ត និងការគាំទ្រពេញលេញ» ពីកម្ពុជា បន្ទាប់ពីកិច្ចប្រជុំលើកដំបូងដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ថា គោលដៅរបស់កម្ពុជាគឺសម្រេចបានដំណោះស្រាយដែលបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។
លោកថា កម្ពុជាចង់ឱ្យប្រទេសទាំងពីរឈានដល់សន្ធិសញ្ញាមួយស្តីពីការកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឬកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានប្រកបដោយសមធម៌ រហូតដល់មានកិច្ចព្រមព្រៀងចុងក្រោយស្តីពីព្រំដែនសមុទ្រ។
លោកថា ប្រសិនបើមិនអាចសម្រេចជម្រើសទាំងនេះបាន កម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំអនុសាសន៍ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោម UNCLOS។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចូលរួមដោយស្ថាបនា និងដោយសុចរិតភាព ដើម្បីសម្រេចបានដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែងចំពោះភាពខុសគ្នាផ្នែកដែនសមុទ្រ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា។
ចំណែករដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងថា ថៃចូលរួមក្នុងដំណើរការផ្សះផ្សាដោយសុចរិតភាព និងគោរពបទប្បញ្ញត្តិរបស់ UNCLOS ព្រមទាំងជឿទុកចិត្តលើឯករាជ្យភាព ភាពមិនលម្អៀង និងជំនាញរបស់គណៈកម្មការ។
ទោះជាយ៉ាងណា មុនការបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ លោក Sihasak បានលើកឡើងយ៉ាងវែងអំពីជម្លោះព្រំដែនគោកកាលពីឆ្នាំមុន និងចោទកម្ពុជាថា «ដើរតួជាជនរងគ្រោះ» ដោយលោកលើយកបញ្ហាព្រំដែនគោកមកលាយបញ្ចូលគ្នាជាមួយបញ្ហាដែនសមុទ្រ។
ការលើកឡើងនេះត្រូវបានលោក Pravit Rojanaphruk អ្នកសារព័ត៌មានជើងចាស់របស់ថៃ រិះគន់ថា មានលក្ខណៈ «វាយប្រហារ» និងមិនមានលក្ខណៈស្ថាបនានោះទេ។
លោកបានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៦ ខែកញ្ញាថា ការចោទកម្ពុជាថា «ធ្វើខ្លួនជាជនរងគ្រោះ» នៅពេលចាប់ផ្តើមដំណើរការ UNCLOS គឺមិនចាំបាច់ និងអាចបង្កើតបរិយាកាសមិនស្ថាបនា។
លោក Pravit ក៏បានលើកឡើងថា ការចាប់យកជាមុំដើម្បីសរសេរព័ត៌មានរបស់ស្ថាប័នសារព័ត៌មានបរទេសមួយចំនួនលើសម្តីវាយប្រហារនេះ ជំនួសឱ្យការលើកឡើងដែលមានលក្ខណៈសន្តិភាព និងផ្សះផ្សា អាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងកម្ពុជា-ថៃ ហើយប្រជាជននៃប្រទេសទាំងពីរអាចជាអ្នកទទួលផលប៉ះពាល់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) គណៈកម្មការផ្សះផ្សា និងភាគីទាំងពីរ នឹងបន្តពិភាក្សាលើបញ្ហាដែលបានលើកឡើង និងរៀបចំកិច្ចប្រជុំបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ។
បើតាមលោក ប្រាក់ សុខុន កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ខណៈដែលពេលវេលាជាក់លាក់មិនទាន់ត្រូវបានប្រកាស៕


