បាត់ដំបង: នារសៀលថ្ងៃសុក្រ ទី២៥ខែកញ្ញានេះ ស្ពានសម្ដេចក្រឡាហោម ស ខេង ឆ្លងកាត់ស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ត្រូវបានអាជ្ញាធរប្រកាសបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដោយសារតែកម្ពស់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនជាប់ៗនាប៉ុន្មានថ្ងៃមកនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។
រដ្ឋបាលខេត្តក៏បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកុមារ និងមនុស្សចាស់។ នៅថ្ងៃដដែលនេះផងដែរ ផ្លូវ និងស្ពានមួយចំនួននៅក្នុងភូមិសាស្រ្តស្រុកសំឡូត ក៏ត្រូវបានលិចផងដែរ ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ដែលធ្វើឱ្យមានទឹកជំនន់តាមអូរ និងស្ទឹង។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានប្រកាសថា ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែកញ្ញានេះ ការទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2626 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងប្រទេសកម្ពុជា បានបង្កឲ្យមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ស្ទើរទូទាំងខេត្តបាត់ដំបង ជាពិសេសស្រុកសំឡូត ដែលជាផ្ទៃរងទឹកភ្លៀងដ៏ធំរបស់អាងពហុបំណង បាត់ដំបង ហើយទឹកទាំងនោះក្លាយជាជំនន់រហ័ស ហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមានការ កើនឡើងគួរឲ្យកត់សម្គាល់លើសកម្រិតអតិបរមា។

ដោយឡែកតំបន់មួយចំនួនក្នុងខេត្តប៉ៃលិនដែលជាប់នឹងខេត្តបាត់ដំបង ក៏កំពុងទទួលរងការជន់លិចរហូតដល់ជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានប្រកាសថា នៅថ្ងៃសុក្រនេះ ភ្លៀងនៅតែបន្តធ្លាក់ដែលធ្វើឱ្យកម្រិតទឹកកើនឡើង។
លោកស្រីបានឱ្យដឹងថា ទោះបីយប់មិញក្រុមការងារបានសហការបើកទ្វាររំដោះទឹកចេញពីភូមិសាស្រ្តមួយចំនួន ក៏ស្ថានការនៅតែជួបហានិភ័យ។ ហេតុនេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនដែលស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងតំបន់មួយចំនួនទៀតដែលនៅជិត អូរ ស្ទឹង ត្រូវចាកចេញពីលំដៅដ្ឋាន ទៅរកទីទួលសុវត្តិភាពជាបណ្តោះអាសន្ន ដោយក្រុមការងារកងកម្លាំងគ្រប់លំដាប់ថ្នាក់នៅនៅរង់ចាំជួយសង្គ្រោះ ២៤ម៉ោង៕



