អនុសេនីយ៍ទោនគរបាលអន្តោប្រវេសន៍​ម្នាក់​សម្រួលឲ្យ​ជនឆបោក​ជនជាតិ​ចិន​​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់ បានប្រាក់​ជាង២០ម៉ឺន​ដុល្លារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អនុសេនីយ៍ទោនគរបាលអន្តោប្រវេសន៍​ម្នាក់​សម្រួលឲ្យ​ជនឆបោក​ជនជាតិ​ចិន​​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់ បានប្រាក់​ជាង២០ម៉ឺន​ដុល្លារ

 អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បង្ហាញ​អ្នក​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​​ពុក​រលួយ និង​សម្អាត​ប្រាក់ របស់​មេឃុំ​ព្រែក​ខ្សាច់ រៀម រុំ នៅ​ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង។ មនុស្ស​ចុង​ក្រោយ​ដែល​ ACU បង្ហាញ​អត្តសញ្ញាណ មានឈ្មោះ​ ភេ ផាត់ផេង អនុសេនីយ៍ទោ នគរបាលអន្តោប្រវេសន៍។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ ACU នៅ​ថ្ងៃទី២៥​ កញ្ញា​នេះ ការ​ពាក់​ព័ន្ធ​របស់​ ភេ ផាត់ផេង ត្រូវ​បាន​រក​ឃើញ​តាម​រយៈ​មេខ្លោង​ក្រុម​ឆបោក​ឈ្មោះ ឆៃ យ៉ូវយៀន ដែល​ដឹកនាំ​ក្រុម​ឆបោក ៤២នាក់ នៅឃុំព្រែកខ្សាច់។ ឆៃ យ៉ូវយៀន ក៏​ជា​​មេខ្លោង និង​ជា​សមាជិកក្រុមអនឡាញស្គែម​ផ្សេងមួយចំនួនទៀត​ផងដែរ។

បើ​តាម ACU មេខ្លោង ឆៃ យ៉ូវយៀន បាន​នាំ​ក្រុម​ឆបោក​ពី​ប្រទេស​ចិន​ចូល​កម្ពុជាតាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ ដោយ​មាន ​លោក ភេ ផាត់ផេង ជា​អ្នក​ជួយ​សម្រួល និង​រៀបចំឯកសារ សូម្បីតែអ្នក​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​ ក៏​អាច​ចូល​មក​បានដែរ។

បើតាម​ ACU ភេ ផាត់ផេង កំណត់តម្លៃសេវាខុសច្បាប់របស់ខ្លួន រួម​មាន​ការរត់ការចូលប្រទេសកម្ពុជាសម្រាប់ទិដ្ឋាការពាណិជ្ជកម្ម Visa Business ក្នុង​តម្លៃពី ៣៨០ ដល់ ៤២០ដុល្លារ, ការចូលកម្ពុជាតាមទិដ្ឋាការពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce Entry) តម្លៃ ៩០០ដុល្លារ, តាម​រយៈ​ទិដ្ឋាការទេសចរ (Visa Tourist) តម្លៃ ១២០ដុល្លារ និង​សម្រួល​ការ​ឆ្លងដែន VIP Fast Track តម្លៃ ៤៥០ដុល្លារ។

ក្នុង​ចន្លោះ​ពីខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០២៦​នេះ ភេ ផាត់ផេង រក​ប្រាក់​ពី​សកម្មភាព​បាន​ជាង ២០ម៉ឺនដុល្លារ ក្នុង​ករណី​ ៣០១ ករណី ហើយ​យក​ទៅទិញ​រថយន្ត និង​ផ្ទះ។ នេះ​បើ​តាម ACU។

ACU បញ្ជាក់​ថា​ ភេ ផាត់ផេង ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ រំលោភអំណាច, សមគំនិតក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមបញ្ញត្តិ, និង​សម្អាតប្រាក់។

ក្នុង​សុំរឿង​របស់​មេឃុំព្រែក​ខ្សាច់ មាន​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​មនុស្ស ៤នាក់​រួចហើយ រួមមាន​មេឃុំ​ព្រែក​ខ្សាច់ រៀម រុំ ដែល​រៀបចំ​ឲ្យ​ក្រុម​ឆបោក​ធ្វើ​សកម្មភាព​លើ​ដី ៥ហិកតា​របស់​ខ្លួន, ​ឈ្មោះ ជិន សុភាន់ អតីតអធិការរងនគរបាលស្រុកគិរីសាគរ ដែល​បាន​សម្រួលសម្មភាព, និង ឈ្មោះ ជា សុទ្ធ និង ជា វាសនា ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​លាក់បាំង​ជនជន​ល្មើស៕


Post a Comment (0)
Previous Post Next Post