កម្ពុជា​​បង្កក​ប្រាក់​ជាង ៣០០លានដុល្លារ ក្នុង​ការ​បង្ក្រាប​សំណុំរឿង​ឆបោក​ចំនួន ៤៤៦ ករណីដែល​កំពុងស្ថិតក្នុងដៃតុលាការ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​​បង្កក​ប្រាក់​ជាង ៣០០លានដុល្លារ ក្នុង​ការ​បង្ក្រាប​សំណុំរឿង​ឆបោក​ចំនួន ៤៤៦ ករណីដែល​កំពុងស្ថិតក្នុងដៃតុលាការ

 សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំ មក​នេះ។

បើ​យោង​តាម​លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ​ទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត​របស់​ជន​ល្មើស​ក៏​​កំពុង​ស្ថិត​ក្នុង​នីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។

ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជន​ល្មើស​នេះ សបញ្ជាក់ពី​ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូហិរញ្ញវត្ថុនិងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។ នេះ​បើ​តាម​ការ​អះអាង​របស់​ គ.ប.ឆ.ប.។

តួលេខ​ខាង​លើ​នេះ​ គឺ​ជា​​លទ្ធផល​នៃ​ប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ក្នុង​រយៈ​ពេល​នេះ​ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន ៤៤៦ ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧ នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩ សញ្ជាតិ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធផងដែរ។ ក្នុងនោះ មានសំណុំរឿងចំនួន ៤ ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥ នាក់ ត្រូវបានចាត់វិធានការ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់​ គ.ប.ឆ.ប.កងកម្លាំងសមត្ថកិច្ចជំនាញ បាន​ត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុង​ចំណោម​ទីតាំង​ទាំង​នោះ​ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន។

កាស៊ីណូចំនួន ២៧ ដែល​មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ឆបោក​ ត្រូវ​បាន​ចាត់​វិធានការ ដោយ​ក្នុងនោះបានដកហូតអាជ្ញាបណ្ណចំនួន ១៨ កាស៊ីណូ និងព្យួរអាជ្ញាបណ្ណចំនួន ៩ កាស៊ីណូ។

លេខាធិការដ្ឋាន គ.ប.ឆ.ប. បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា»។

ទោះ​បីជា​ទីតាំង​ឆបោក​ទ្រង់ទ្រាយធំ​ «លែង​មាន» ក៏ដោយ​ក៏​អាជ្ញាធរ​ថ្លែង​ថា សកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ដោយសារ​វា​បានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេជាដើម។

គ.ប.ឆ.ប. ស្នើ​សុំការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ជនល្មើស​ឲ្យ​បានទាន់ពេល​វេលា៕


Post a Comment (0)
Previous Post Next Post