ភ្នំពេញៈ បេក្ខជនចំនួន ៥ ០០០នាក់ ត្រូវបានអញ្ជើញទៅពិនិត្យកាយសម្បទា និងសុខភាពនៅថ្ងៃទី៤ ខែវិច្ឆិកា សម្រាប់ការជ្រើសរើសចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូង ខណៈអ្នកចុះឈ្មោះស្ម័គ្រចិត្តមានដល់ ១៥ ០០០នាក់ ធៀបនឹងផែនការជ្រើសរើសចំនួន ១ម៉ឺននាក់ ក្នុងឆ្នាំ២០២៦ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីការចូលបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ ថា ការមានឈ្មោះក្នុងបញ្ជីបេក្ខជន ៥ ០០០នាក់ដំបូងនេះ មិនទាន់មានន័យថាត្រូវបានជ្រើសរើសជាស្ថាពរនៅឡើយទេ ដោយពួកគេត្រូវឆ្លងកាត់ការពិនិត្យកាយសម្បទា និងសុខភាពជាមុន។
លោកស្រីបានថ្លែងថា៖ «បេក្ខជនដែលបានជ្រើសរើសចំនួន ៥ ០០០នាក់ដំបូង ដែលត្រូវអញ្ជើញទៅពិនិត្យកាយសម្បទា និងពិនិត្យសុខភាពនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ មិនទាន់កំណត់ថានឹងត្រូវជាប់ជាស្ថាពរនៅឡើយទេ»។
បើតាមលោកស្រី ការពិនិត្យនេះធ្វើឡើងដើម្បីវាយតម្លៃថា បេក្ខជនមានកាយសម្បទា និងសុខភាពសមស្របសម្រាប់ការហ្វឹកហ្វឺន និងការបំពេញកាតព្វកិច្ចយោធាឬយ៉ាងណា។ ក្នុងករណីបេក្ខជនមិនជាប់ការពិនិត្យ គណៈកម្មការនឹងផ្តល់ឱកាសដល់អ្នកដែលមានលេខរៀងបន្ទាប់។
ការជ្រើសរើសនេះជាផ្នែកមួយនៃផែនការឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសប្រជាពលរដ្ឋខ្មែរអាយុពី ១៨ ដល់ ២៥ឆ្នាំ ចំនួន ១ម៉ឺននាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។
លោកស្រី សុជាតា បានឱ្យដឹងថា ចាប់តាំងពីដើមខែតុលា គណៈកម្មការជាតិកាតព្វកិច្ចយោធាបានផ្សព្វផ្សាយ និងបើកទទួលពាក្យនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ព្រមទាំងតាមប្រព័ន្ធអនឡាញ ដោយមានយុវជន និងយុវនារីចុះឈ្មោះសរុបដល់ ១៥ ០០០នាក់។
លោកស្រីបានពន្យល់ថា ការជ្រើសរើសជាវគ្គ គឺជាការរៀបចំសម្រាប់ការអនុវត្តឆ្នាំដំបូង ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន ហើយការជ្រើសរើសនឹងបន្តរហូតគ្រប់ចំនួនតាមផែនការ។
លោកស្រីបានបញ្ជាក់ថា៖ «វគ្គដំបូងយើងកំណត់យកចំនួន ៥ ០០០នាក់សិន។ សូមបញ្ជាក់ជូនថា នេះសម្រាប់វគ្គដំបូងប៉ុណ្ណោះ មានន័យថានឹងមានវគ្គបន្តទៀតរហូតគ្រប់ចំនួន ១ម៉ឺននាក់ តាមផែនការឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលបានកំណត់»។

ចំពោះអ្នកដែលបានដាក់ពាក្យរួច ប៉ុន្តែមិនទាន់មានឈ្មោះក្នុងបញ្ជីដំបូង លោកស្រីបានណែនាំឱ្យរក្សាបង្កាន់ដៃ និងឯកសារដាក់ពាក្យ ព្រមទាំងតាមដានសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិកាតព្វកិច្ចយោធា និងក្រសួងការពារជាតិ។
លោកស្រីបានឱ្យដឹងថា ការប្រកាសសម្រាប់វគ្គបន្ទាប់នឹងធ្វើឡើងនៅរយៈពេល៣ខែក្រោយវគ្គដំបូងចាប់ផ្តើម ដោយកាលបរិច្ឆេទជាក់លាក់នឹងត្រូវជូនដំណឹងជាផ្លូវការនាពេលខាងមុខ។
សម្រាប់វគ្គដំបូង បេក្ខជនត្រូវបានបែងចែកទៅកាន់សាលាហ្វឹកហ្វឺនចំនួន៨ទីតាំង ស្របតាមខេត្ត និងភូមិភាគដែលពួកគេរស់នៅ។ អ្នកមានឈ្មោះក្នុងបញ្ជីត្រូវទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌរបស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអំពីកាលបរិច្ឆេទ ទីតាំងជួបជុំ និងសាលាហ្វឹកហ្វឺនដែលត្រូវទៅ។
បេក្ខជននឹងធ្វើដំណើររួមគ្នាទៅពិនិត្យកាយសម្បទា និងសុខភាពនៅតាមសាលាហ្វឹកហ្វឺន ហើយស្នាក់នៅទីនោះរង់ចាំការប្រកាសលទ្ធផល។ ចំពោះអ្នកមិនជាប់ គណៈកម្មការនឹងរៀបចំការធ្វើដំណើរត្រឡប់ទៅទីតាំងជួបជុំវិញ ដើម្បីឱ្យពួកគេត្រឡប់ទៅលំនៅឋាន។
លោកស្រីបានណែនាំឱ្យបេក្ខជនត្រៀមឯកសារចាំបាច់តាមការកំណត់ និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា សម្លៀកបំពាក់ស៊ីវិល សម្លៀកបំពាក់ និងស្បែកជើងកីឡា ព្រមទាំងសម្ភារអនាម័យ។ ចំណែកសម្ភារ និងរបស់ប្រើប្រាស់ផ្សេងទៀត សាលាហ្វឹកហ្វឺននឹងរៀបចំផ្តល់ជូន។
ពាក់ព័ន្ធនឹងជីវភាពក្នុងអំឡុងពេលបំពេញកាតព្វកិច្ច លោកស្រីបានឱ្យដឹងថា យោធិននឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៤០ម៉ឺនរៀល និងរបបផ្សេងៗដូចយោធិនអាជីព រួមមានប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហ្វឺន ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករ ឯកសណ្ឋាន និងបរិក្ខារចាំបាច់មួយចំនួន។
ការហ្វឹកហ្វឺននឹងមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីលាន ដោយមានរយៈពេលប្រមាណពី៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ តាមកាលវិភាគ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា។
លោកស្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលហ្វឹកហ្វឺនមូលដ្ឋាន៣ខែដំបូង យោធិនត្រូវស្ថិតក្នុងដំណាក់កាលបិទបន្ទាយហ្វឹកហាត់ ហើយមិនទាន់អនុញ្ញាតឱ្យសុំច្បាប់ទៅលេងផ្ទះនៅឡើយទេ។ ការទៅលេងផ្ទះលើកដំបូងនឹងត្រូវអនុញ្ញាតក្រោយបញ្ចប់ការហ្វឹកហ្វឺនរយៈពេលនេះ។
ចំពោះបេក្ខនារីដែលបានស្ម័គ្រចិត្តដាក់ពាក្យ ប៉ុន្តែមិនទាន់មានឈ្មោះក្នុងវគ្គដំបូង លោកស្រី សុជាតា បានលើកឡើងថា ការរៀបចំត្រូវធ្វើជាដំណាក់កាល ដោយគិតគូរពីតម្រូវការជាក់ស្តែង ការត្រៀមលក្ខណៈ និងសមត្ថភាពហ្វឹកហ្វឺន។ លោកស្រីបានលើកទឹកចិត្តឱ្យពួកគេបន្តការសិក្សា ការងារ និងការកសាងសមត្ថភាពរបស់ខ្លួន។
លោកស្រីក៏បានអំពាវនាវឱ្យអ្នកដាក់ពាក្យតាមដានព័ត៌មានពីបណ្តាញផ្លូវការរបស់ក្រសួងការពារជាតិ និងគណៈកម្មការជាតិកាតព្វកិច្ចយោធា ព្រមទាំងរៀបចំការងារ ការសិក្សា និងជីវិតផ្ទាល់ខ្លួនតាមស្ថានភាពជាក់ស្តែង ខណៈរង់ចាំការជូនដំណឹងបន្ត៕


