ត្រឹមរយៈពេល៣១ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន ២១៩ករណី ហើយករណីនោះ បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរហូតដល់១៤៧នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាល៣៨៣នាក់។ មូលហេតុនៃគ្រោះថ្នាក់នេះភាគច្រើន ដោយសារបើកបរលើសល្បឿនកំណត់ និងមិនគោរពសិទ្ធិអាទិភាព។
បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់មកកាន់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែតុលាកន្លងមកនេះ បើធៀបរយៈពេលដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០២៦ដដែល បានកើនឡើង៧ករណី ចំនួនអ្នកស្លាប់កើនឡើង៣១នាក់ និងអ្នករបួសកើនឡើងរហូតទៅដល់ ១០៧នាក់។
តាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស១៤៧នាក់ និងអ្នករងរបួសធ្ងន់ និងស្រាលចំនួន៣៨៣នាក់នេះ ភាគច្រើនកើតឡើងនៅពេលយប់ ពោលគឺមានរហូតដល់១៣៨ករណីទៅហើយ។ ដោយឡែក មូលហេតុនៃគ្រោះថ្នាក់ ភាគច្រើន គឺ «ការបើកបរលើសល្បឿនកំណត់ មាន៩១ករណី និងមិនគោរពសិទ្ធិអាទិភាព ៥៣ករណី»។
គួរបញ្ជាក់ថា សមត្ថកិច្ចបានចាប់ផ្ដើម អនុវត្តវិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្តោតអនុវត្តតែនៅក្នុងភូមិសាស្ត្រ ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា៕

