គម្រោង​ជាង ១០០ ស្ថិត​ក្រោម​​«កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ» បាន​បញ្ចប់ការសាងសង់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

គម្រោង​ជាង ១០០ ស្ថិត​ក្រោម​​«កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ» បាន​បញ្ចប់ការសាងសង់

 គម្រោង​ចំនួន ១៣៤ ក្នុង​ចំណោម​គម្រោង​សរុប ៤១២ ដែល​រាជរដ្ឋាភិបាលផ្តល់​អាទិភាព​ឱ្យ​​​ស្ថិត​ក្រោម​​«កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ» ​បញ្ចប់​ការសាងសង់ ឬ​ជួសជុល​រួចរាល់ហើយ ខណៈ​ចំនួន ១១៦ នៅ​មិន​ទាន់​មាន​សកម្ម​ភាព​សាងសង់ ឬ​ជួសជុល​អ្វី​ទំង​អស់​។


នេះ​បើ​យោង​តាម​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ (The Preah Sihanouk Province Investment Promotion Working Group) កាល​ពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥ ដែល​ដឹក​នាំ​ដោយ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ពិធី​នេះក៏មាន​ការ​ចូលរួម​​​ពីលោក ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ រួមទាំង​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។


ជាកិច្ច​ចាប់​ផ្តើម​លោក សាហ៊ីប បាន​លើក​ឡើង​ថា រយៈពេល ២​ឆ្នាំ គឺឆ្នាំ២០២៤-២០២៥ ក្រុមការងារ​បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង​ការសម្របសម្រួលដោះស្រាយវិវាទ​ចំនួន ៤១២ គម្រោង ក្រោម​ទុនវិនិយោគប្រមាណ ៧,៩៧ ពាន់​លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ ៥២ ពាន់​កន្លែង។


លោក​បន្ត​ថា សម្រាប់​ក្នុងឆ្នាំ​២០២៥ ​​ក្រុមការងារ​បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស​ចំនួន ១៩៩ ​គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០​ គម្រោង ដែល​ក្នុងនោះ​គម្រោងពាក់ព័ន្ធនឹងអគារ​កំពុងជាប់គាំង​ចំនួន ៩២ គម្រោង គម្រោងគម្រោងថ្មី​ចំនួន ៩០ គម្រោង ការពង្រីកគម្រោង​ចំនួន ៩ គម្រោង និង​គម្រោង​វិនិយោគ/ធុរកិច្ចដែលមានស្រាប់​ចំនួន ៨​គម្រោង ដោយគ្របដណ្តប់លើ​វិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ និង​អប់រំ ជាដើម​។


លោក​បាន​ថ្លែង​ថា៖​«​សម្រាប់រយៈពេល ២​ឆ្នាំ​(២០២៤-២០២៥) ក្នុងចំណោម ៤១២ គម្រោង​ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គឺ​គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់មាន​ចំនួន ១៣៤ ​គម្រោង ស្មើនឹង ៣៣​%។ សម្រាប់​គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬកែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩% និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨%»។


លោក​បន្ថែម​ថា ផ្អែកលើកិច្ចខិតខំប្រឹងប្រែង និង​លទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះ​រយៈពេល ២​ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ​២០២៧ ដោយរក្សាវិធានការដដែល និង​បន្ថែមវិធានការចំនួន ៤ ទៀត​រួមមាន ១. សម្របសម្រួល និង​ជំរុញការវិនិយោគក្នុងស្រុក ២. សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និង​បច្ចេកវិទ្យា និង ៤. ជំរុញការ​ប្រើប្រាស់ធាតុផ្សំ និង​ទំនិញដែលផលិតក្នុងស្រុក​នៅតាមសហគ្រាស និង​រោងចក្រ​ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ។


ក្នុង​ឱកាស​នោះ​ផងដែរ លោក សាហ៊ីប ក៏បាន​ដាក់ចេញទិសដៅការងារបន្តសម្រាប់​​ឆ្នាំ​២០២៦ និងឆ្នាំ​២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ​បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង​យកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន​ផងដែរ​។


ប្រធានសាខា​ក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំ​ខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ (Senghour Im) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​​ថា តាម​រយៈ​កិច្ច​ខិតខំ​របស់​អាជ្ញាធរខេត្ត​ បច្ចុប្បន្ន​ខេត្តព្រះសីហនុ គឺ​មានសន្តិសុខ សណ្តាប់ធ្នាប់ និង​បរិយាកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និង​ភ្ញៀវទេសចរ​ក្នុងចំនួនច្រើន និង​ច្រើនជាតិសាសន៍ឱ្យ​ចូល​មក​វិនិយោគ និង​កម្សាន្ត​។


លោក​បាន​ថ្លែង​ថា៖​«​ខេត្ត​ព្រះសីហនុ​កំពុង​វិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​​មជ្ឈមណ្ឌលនៃការអភិវឌ្ឍពហុបំណង និង​ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា»៕​


Post a Comment (0)
Previous Post Next Post