លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អ្វីដែល​យើង​ចង់បាន​គឺ​បញ្ឈប់ការ​ប្រយុទ្ធគ្នា បញ្ចប់​នូវ​ទុក្ខ​វេទនា​របស់​ប្រជាជន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អ្វីដែល​យើង​ចង់បាន​គឺ​បញ្ឈប់ការ​ប្រយុទ្ធគ្នា បញ្ចប់​នូវ​ទុក្ខ​វេទនា​របស់​ប្រជាជន

 គោលដៅតែមួយគត់របស់កម្ពុជាក្នុងការចូលទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២២ ធ្នូ គឺបញ្ឈប់នូវទុក្ខវេទនារបស់ប្រជាជន និងបញ្ឈប់ការប្រយុទ្ធដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជន។ នេះជាការលើកឡើងរបស់លោក ប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។


ថ្លែង​ប្រាប់​ទូរទស្សន៍​ជាតិ​នៅ​ថ្ងៃទី២២ ធ្នូ នៅ​ពេល​ត្រឡប់​ពី​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លោកឧប​នាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានលើក​ឡើង​ថា លោក​បាន​លើក​ឡើង​នូវ​​ចំណុច​ចំនួន​​ ៣ ដែល​កម្ពុជា​ចង់បាន។

លោក​ថា៖ «ខ្ញុំ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា ការ​ឈប់​ប្រយុទ្ធ​ជា​បន្ទាន់ ហើយ​ខ្ញុំ​បាន​លើក​ឡើង​ថា បើ​សិន​មាន​ការឯកភាពអីចឹង ខ្ញុំ​បាន​សង្កត់​ធ្ងន់​ថា ភាគី​ទាំងពីរ​អាច​ឯកភាពគ្នា​ចាប់​ផ្ដើម​បញ្ឈប់​ការ​ប្រទូស្តសរាយ​គ្នា​នេះចាប់​ពី​ម៉ោង​ ១០​យប់ (២២ធ្នូ)។ បទឈប់បាញ់​ទាល់តែ​ឈប់​ទាំង​សងខាង បង្ខំ​ឲ្យ​ភាគី​តែ​ម្ខាង​ឈប់បាញ់​ វា​អត់​កើត»។

ចំណុច​ទី២ លោក​ស្នើ​ឲ្យ​អង្គប្រជុំ​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​​ដក​កម្លាំង​យោធា​​ទៅកាន់​ទីតាំង​ដើម​រៀងៗ​ខ្លួន​ដូច​មុន​ជម្លោះ​កើតឡើង ហើយ​លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ត្រូលប់​ទៅ​គេហដ្ឋាន​របស់​ខ្លួន​ជា​ធម្មតាវិញ។ ចំណែក​សំណូមពរ​ទី៣ គឺ​ការ​​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី មិន​ប្រើកម្លាំង ដោយគោរពច្បាប់ និង​អនុសញ្ញា និងសន្ធិសញ្ញា​ដែល​មាន​ស្រាប់។ លោក​ក៏​បានស្នើ​ឲ្យ​ដោះលែង​ទាហាន​កម្ពុជា ១៨​នាក់​ផងដែរ។

ជាជំហាន​ទៅមុខ​ទៀត លោក ប្រាក់ សុខុន ថ្លែង​ថា ស្រប​ពេល​ដែល​មានការ​ជួប​គ្នា​ផ្នែក​យោធា​នៃ​ប្រទេស​ទាំង​ពីរនៅ​ថ្ងៃទី២៤ ធ្នូ កម្ពុជា​​ក៏​នឹង​បន្ត​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ការទូត​បន្ត​ទៀត មិន​ថា​ជា​កម្រិត​ទ្វេភាគី ឬ មាន​ការ​ចូល​រួម​ពី​ខាង​ក្រៅ​នោះទេ។

លោក​ថ្លែង​ថា៖ «នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមួយ​គ្នា ពីព្រោះ​យើង​អត់​ចង់​ច្បាំង​ទេ យើង​មិន​ជ្រើសរើស​ផ្លូវយោធា​នោះទេ។ អ្វីដែល​យើង​ចង់បាន​គឺ​បញ្ឈប់ការ​ប្រយុទ្ធគ្នា បញ្ចប់​នូវ​ទុក្ខ​វេទនា​របស់​ប្រជាជន ការ​ស្លាប់​ទាំង​សងខាង ការ​រង​របួស ការ​ខូច​ខាត បាត់​បង់​ទ្រព្យ​សម្បត្តិ និង​ការ​ភៀស​ខ្លួន​ពី​ផ្ទះសម្បែង»។

លោកបន្ត​ថា កម្ពុជា​ចង់​ឃើញ​មាន​ការ​​ការ​ចរចា និង ការ​កសាង​ទំនុក​ចិត្ត​រវាង​គ្នា​ឡើង​វិញ៕

Post a Comment (0)
Previous Post Next Post