ភ្នំពេញ៖រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។
លោកជំទាវ ខាចា ខាឡាស់ បានចូលរួមរំលែកទុក្ខ និងសម្មានចិត្ត ចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស៊ីវិល និងទុក្ខវេទនាដែលមានក្នុងអំឡុងពេលវិបត្តិនេះ។ លោកជំទាវ បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ថែម និងគាំទ្រដល់ដំណោះស្រាយសន្តិភាពចំពោះវិវាទតាមរយៈការសន្ទនា។
ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព ដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។ ឯកឧត្តម ក៏បានផ្លាស់ប្តូរយោបល់ជាមួយ លោកជំទាវ ខាចា ខាឡាស់ អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
សូមបញ្ជាក់ថាលោកស្រីកាចាកាឡាស(Kaja Kallas) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា "ជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។
លោកស្រីបន្ថែមថា នឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។លោកស្រី Kallas គូសបញ្ជាក់ទៀតថា លោកស្រីបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជារួចហើយអំពីរឿងនេះ នៅក្នុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥។

