ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ដែលនៅទីនេះ ទីតាំងស៊ីវិលជាច្រើនត្រូវបានថៃទម្លាក់គ្រាប់បែកបំផ្លាញកាលពីខែធ្នូ កន្លងទៅ។
យោងតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការចុះសង្កេតការណ៍នៅថ្ងៃនេះ ធ្វើឡើងនៅទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងស្របទៅនឹងស្មារតីនៃសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ដែលធានាថា ភាគីកម្ពុជា និងថៃ ត្រូវពង្រឹងតួនាទី និងធ្វើការជាមួយក្រុមការងារ AOT ដើម្បីកត់ត្រា និងផ្ទៀងផ្ទាត់សភាពការជាក់ស្ដែង និងធានាថា ភាគីទាំងពីរគោរពបទឈប់បាញ់។
លោកស្រី ម៉ាលី សុជាតា ថ្លែងថា៖ «កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេត AOT ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក»៕




