ភ្នំពេញ៖ ឈាមក្រហមហូរស្រក់យឺតៗចេញពីសរសៃគន្លាក់ដៃ តាមទុយោសថ្លា មកស្តុកយ៉ាងស្ងៀមស្ងាត់នៅក្នុងថង់ឈាម។ វាគ្មានសំឡេង គ្មានភាពរំភើប ប៉ុន្តែក្នុងថង់តូចមួយនោះ កំពុងផ្ទុកនូវអ្វីដែលមន្ទីរពេទ្យមិនអាចខ្វះបាន គឺជាជីវិត។
សម្រាប់វេជ្ជបណ្ឌិត ឈាមជាឧបករណ៍សង្គ្រោះជីវិតបន្ទាន់។ សម្រាប់អ្នកជំងឺ វាជាឱកាសរស់រានមានជីវិតម្តងទៀត។ ហើយសម្រាប់អ្នកស្ម័គ្រចិត្ត វាជាការលះបង់ដោយស្ងៀមស្ងាត់ ដែលភ្ជាប់ជីវិតមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ផ្សេងទៀត ដោយមិនចាំបាច់ស្គាល់គ្នា។
ដោយមានគំនិតផ្ដួចផ្ដើមលើកដំបូងក្នុងគោលបំណងកៀរគរបុគ្គលិកស្ម័គ្រចិត្ដបរិច្ចាគឈាមសម្រាប់សង្គ្រោះកងទ័ពជួរមុខអំឡុងពេលការពារបូរណភាពទឹកដីកម្ពុជាពីការឈា្លនពានរបស់ថៃកាលពីខែធ្នូ ឆ្នាំ២០២៥ សកម្មភាពបរិច្ចាគឈាមធំមួយត្រូវបានពន្យាពេលមករៀបចំនៅថ្ងៃនេះ។
សកម្មភាពបរិច្ចាគឈាមនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន ដឹ ព្រេមៀ លេន ជាលើកដំបូងក្នុងយុទ្ធនាការ «រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម»។
លោក មាន សំអុល នាយកប្រតិបត្តិ បានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនមានគម្រោងបន្តរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីចូលរួមសង្គ្រោះជីវិតមនុស្សក្នុងសង្គម។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំនេះ បុគ្គលិកមកពីបណ្ដាក្រុមហ៊ុនសម្ព័ន្ធចំនួន ៣៨០នាក់ ក្នុងចំណោមជាង ១,០០០នាក់ បានចូលរួមបរិច្ចាគឈាម។
លោក សំអុល បានថ្លែងថា៖ «ក្រុមបុគ្គលិកស្ម័គ្រចិត្តរបស់យើង មានបំណងទៅបរិច្ចាគឈាមនៅកោះពេជ្រ តាមការអំពាវនាវសម្រាប់វីរៈកងប្រយុទ្ធ ប៉ុន្តែពេលនោះមានមនុស្សច្រើនខ្លាំង រង់ចាំដល់យប់»។
លោក សេង ញ៉ក់ អគ្គនាយកដឹ ព្រេមៀ សេនធ័រ សែនសុខ ដឹកនាំបុគ្គលិកក្រុមហ៊ុន ៣៨០នាក់ធ្វើការបរិច្ចាគឈាមក្រោមយុទ្ធនាការ «រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម»។ រូបថត ហុង រស្មី
ដោយមានទីតាំងស្រាប់ និងការពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមហ៊ុនបានសម្រេចរៀបចំកម្មវិធីនៅក្នុងបរិវេណ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដើម្បីឱ្យបុគ្គលិកអាចចូលរួមបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។
អ្នកស្រី ជា ផល្លា អាយុ៤០ឆ្នាំ បុគ្គលិកនៅ ហ្គាឌិនស៊ីធីវ៉តធើផាក បានចូលរួមបរិច្ចាគឈាមជាលើកទីពីរ បន្ទាប់ពីលើកដំបូងនៅឆ្នាំ២០១៩ ដោយមានបំណងដើមផ្ដល់ឈាមជូនកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃ។
ដោយមិនខ្លាចមុខម្ជុរឈឺប៉ុនស្រមោចខាំ អ្នកស្រី ផល្លា បានប្រាប់ភ្នំពេញប៉ុស្តិ៍ អំឡុងពេលទទួលទានអាហារបំប៉នក្រោយការបរិច្ចាគឈាមថា៖ «ខ្ញុំមានតែក្តីរំភើបក្នុងចិត្ត ពេលបានបរិច្ចាគឈាមសម្រាប់សេចក្តីត្រូវការសង្គ្រោះជីវិតមនុស្ស ជាពិសេសវីរៈកងទ័ពយើង ដែលប្តូរឈាមស្រស់សាច់ស្រស់ ការពារទឹកដីពីពួកឈ្លានពាន»។
អ្នកស្រីបានបញ្ជាក់ថា ការស្ម័គ្រចិត្តនេះត្រូវបានពន្យារពេលតាំងពីខែធ្នូកន្លងទៅ ប៉ុន្តែបំណងក្នុងចិត្តមិនដែលថយចុះ។
អ្នកស្រីបានបន្ថែមថា៖ «ពួកខ្ញុំនៅទីនេះ មិនបានផ្តល់អ្វីធំដល់ពួកគាត់ទេ មានតែឈាម និងជំនួយតិចតួច។ ពួកគាត់ការពារទឹកដី ហើយពួកខ្ញុំការពារពួកគាត់ តាមរយៈឈាម នៅពេលពួកគាត់ត្រូវការ»។
តាមការលើកឡើងរបស់បុគ្គលិកបម្រើការនៅសួនទឹករូបនេះ កងទ័ពជួរមុខប្រឈមមុខនឹងការលំបាកគ្រប់វិស័យ ទាំងសុវត្ថិភាព ការហូបចុក និងការសម្រាកសម្រាន្ត ខណៈការចូលរួមបរិច្ចាគឈាមរបស់ពលរដ្ឋ គ្រាន់តែជាការលះបង់តិចតួចបំផុត បើប្រៀបធៀបនឹងការលះបង់របស់ពួកគេ។
អ្នកស្រី ផល្លា ក៏បានអះអាងថា អ្នកត្រៀមជានិច្ចក្នុងការចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗ ទៅតាមលទ្ធភាពផ្ទាល់ខ្លួន។
ក្នុងពិធីនោះ អ្នកស្រីវេជ្ជបណ្ឌិត ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យជ្រាលជ្រៅ មិនត្រឹមតែសង្គ្រោះជីវិតអ្នកជំងឺទេ ប៉ុន្តែថែមទាំងបង្កើតវប្បធម៌នៃការចែករំលែក និងការលះបង់ក្នុងសង្គមជាតិ។
អ្នកស្រីបានលើកឡើងថា នៅរាជធានីភ្នំពេញ តម្រូវការឈាមមានចន្លោះពី ៣៥០ ទៅ ៤០០ប្លោកក្នុងមួយថ្ងៃ ខណៈអ្នកបរិច្ចាគស្ម័គ្រចិត្តមានត្រឹម ១០០ ទៅ ១៥០ប្លោកប៉ុណ្ណោះ ដែលបង្ហាញពីការខ្វះខាតយ៉ាងគួរឱ្យព្រួយបារម្ភ។
អ្នកស្រីវេជ្ជបណ្ឌិតបានថ្លែងថា៖ «ទូទាំងប្រទេស តម្រូវការឈាមប្រចាំឆ្នាំមានជិត ២១២,៤២៨ប្លោក ប៉ុន្តែការបរិច្ចាគដោយស្ម័គ្រចិត្តនៅមិនទាន់ឈានដល់គោលដៅអន្តរជាតិ»។
អ្នកស្រីវេជ្ជបណ្ឌិតបានរំឭក ដោយអំពាវនាវឱ្យវិស័យឯកជន អង្គការ និងស្ថាប័នរដ្ឋ បន្តចូលរួមយ៉ាងសកម្មថា៖ «ឈាមមិនអាចផលិតពីរោងចក្របានទេ មានប្រភពតែមួយគត់ គឺពីមនុស្ស»។
អ្នកស្រីបានឱ្យដឹងថា យុទ្ធនាការ «រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម» នាថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់មនុស្សគ្រប់រូប និងមានគោលបំណងសំខាន់២គឺ៖
ទី១៖ បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យ មានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយ គ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។
ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងសង្គម ។
អ្នកស្រី សុខចំរើន បានបញ្ជាក់ថា កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ និងថែមទាំងមានអត្ថប្រយោជន៍ជាច្រើន។
អ្នកបរិច្ចាគឈាមទទួលបានការពិនិត្យពិគ្រោះសុខភាព ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ក៏ដូចជាជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
ការបរិច្ចាគឈាមមិនត្រឹម តែអាចជួយក្រុមគ្រួសារខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសង្គ្រោះជីវិតមនុស្សទូទៅក្នុងសង្គមជាតិឱ្យផុតពីជ្រោះមរណៈ។
អ្នកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា៖ «សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ជួយគ្នា បែរជាហួសពេល និងមិនអាចធ្វើបាន ដោយសារតែកត្តាអាយុ វ័យ និងជំងឺ និងធម្មជាតិ»។
អ្នកស្រីបន្ដថា៖ «សូមចងចាំថា ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ គ្រាប់ឈាមក្រហមនឹង ស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ»។
លក្ខខណ្ឌនៃការបរិច្ចាគឈាម៖ មានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំទៅ៦០ឆ្នាំ ទម្ងន់៤៥គីឡូក្រាមឡើង សម្ពាធឈាមចន្លោះពី១០០/៦០mmhg ទៅ ១៤០/៩០mmhg អេម៉ូក្លូប៊ីន ១២,៥ ក្រ/១០០មល ឈាម ឡើងទៅ រៀងរាល់៣ខែម្តងចំពោះបុរស និង៤ខែម្តងចំពោះស្ត្រី។
ការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ៣៣,២% នៃ តម្រូវការក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ជាលទ្ធផលមួយមិនទាន់ល្អប្រសើរនៅឡើយ។
បើយោងតាមទិន្នន័យ របស់អង្គការសុខភាពពិភពលោក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវមាន ៩០%នៃតម្រូវការទើបជាគោលដៅល្អ ស្របតាមនិយាមអន្តរជាតិសម្រាប់ប្រទេសជាតិ។
អ្នកស្រីបានឱ្យដឹងថា ការចូលរួមចំណែករបស់វិស័យឯកជន ឬអង្គការនានាមានសារៈសំខាន់ណាស់ទោះបីជានៅមានការខ្វះខាតយ៉ាងណាក៏ដោយ។
អ្នកស្រីវេជ្ជបណ្ឌិត សុខចំរើន បានថ្លែងថា៖ «វិស័យឯកជន អង្គការ ក្រសួងស្ថាប័នដែលមានបុគ្គលិកច្រើនអាចបានច្រើនរហូតដល់ ៥០០ប្លោកដែរ ដោយអត្រាឈាមអាចយកជាការបានមានរហូតដល់ ៨០ភាគរយ»៕




