ជិតមួយខែហើយចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបានចូលជាធរមាន ហើយកម្ពុជានៅតែបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលហាក់ដូចជាកំពុងអនុវត្តផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងនោះ។
របាំងកុងតឺន័រជាច្រើនទៀតត្រូវបានគេរាយការណ៍ថាត្រូវបានដាក់ពង្រាយនៅតាមតំបន់ព្រំដែនមួយចំនួន ហើយគ្រួសាររាប់ពាន់នៅតែត្រូវបានរារាំងមិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញឡើយ ដោយសារតែវត្តមានយោធាថៃលើទឹកដីរបស់ពួកគេ។
ចំណុចទី៣ នៃសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ បានប្រគល់ភារកិច្ចឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) នៃប្រទេសទាំងពីរ បន្តឡើងវិញក្នុងការងារវាស់វែង និងបោះបង្គោលព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុន្តែ ភាគីថៃបានពន្យារពេលកិច្ចប្រជុំ JBC ជាច្រើនលើក ខណៈដែលកងកម្លាំងរបស់ពួកគេត្រូវបានគេរាយការណ៍ថា បន្តបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា នៅតំបន់ដែលពួកគេកាន់កាប់។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ក្នុងចំណោមសកម្មភាពចុងក្រោយដែលធ្វើឡើងដោយយោធាថៃ គឺការដាក់តាំងរូបសំណាកព្រះពុទ្ធនៅខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែមករា នៅត្រង់ទីតាំងដែលកងកម្លាំងថៃបានវាយកម្ទេចរូបសំណាកព្រះវិស្ណុ កាលពីខែធ្នូ។
ស្របពេលជាមួយគ្នានេះ ពួកគេក៏បានបន្តដាក់កុងតឺន័របន្ថែមជារបាំង និងជីកលេណដ្ឋាននៅតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែមករា នេះ លោក ប៉ែន បូណា បានលើកឡើងដូច្នេះថា៖ «កម្ពុជាអំពាវនាវឱ្យថៃអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ធ្នូ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងគោលបំណងកសាងទំនុកចិត្ត និងស្តារសន្តិភាពនៅតាមព្រំដែននៃប្រទេសទាំងពីរ»។
បើតាមលោក ប៉ែន បូណា កាលពីថ្ងៃទី១៦ ខែមករា យោធាថៃបានដាក់របាំងលួសបន្លានៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដោយរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
លោកបានបញ្ជាក់ជាថ្មីថា កម្ពុជាមានបំណងដោះស្រាយជម្លោះជាមួយថៃដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងព្រមទាំងសន្ធិសញ្ញាដែលទទួលស្គាល់ដោយអន្តរជាតិផ្សេងទៀត ខណៈដែលកម្ពុជាក៏ប្តេជ្ញាថានឹងមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលត្រូវបានគូសឡើងដោយប្រើប្រាស់កម្លាំងឡើយ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ចំណុចទី១ នៃសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយភាគីទាំងពីរ បានយល់ព្រមរក្សាទីតាំងកងទ័ពនៅក្នុង «ទីតាំងបច្ចុប្បន្ន» របស់ពួកគេ ដូចដែលពួកគេស្ថិតនៅ នៅថ្ងៃបទឈប់បាញ់ និងចៀសវាងការដាក់ពង្រាយបន្ថែមទៀត។ យ៉ាងណាក៏ដោយ ភាគីថៃកំពុងធ្វើផ្ទុយពីខ្លឹមសារនេះ។
អង្គភាពនេះបានពន្យល់ថា៖ «អ្វីដែលសំខាន់នោះគឺពាក្យថា ពាក្យថា «ទីតាំងបច្ចុប្បន្ន» មិនមែនជាការទទួលស្គាល់អធិបតេយ្យភាព ឬផ្តល់កម្មសិទ្ធិស្របច្បាប់នោះទេ វាគ្រាន់តែជាវិធានការបណ្តោះអាសន្នដែលមានបំណងបញ្ឈប់ការបង្ហូរឈាម និងកាត់បន្ថយភាពតានតឹងតែប៉ុណ្ណោះ»។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានប្រាប់សារព័ត៌មានចិន CGTN Frontline នៅថ្ងៃទី២០ ខែមករា ថា ប្រជាជនកម្ពុជាប្រហែល ១៥០.០០០ នាក់ មិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ ដោយសារការភ័យខ្លាចផ្នែកសន្តិសុខ ឬដោយសារភូមិរបស់ពួកគេស្ថិតនៅក្រោមការកាន់កាប់របស់យោធាថៃ។
លោកបានថ្លែងអំណរគុណចំពោះប្រទេសចិនសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រសន្តិភាពតាមរយៈបណ្តាញការទូត ក៏ដូចជាជំនួយហិរញ្ញវត្ថុប្រមាណ ២,៨ លានដុល្លារសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ និងផ្លាស់ទីលំនៅ។
ខណៈពេលដែលកម្ពុជា ដែលជាប្រទេសតូចជាងថៃគិតពីកម្លាំងយោធា បានប្តេជ្ញាគោរពកិច្ចព្រមព្រៀងរួម កងកម្លាំងថៃត្រូវបានគេរាយការណ៍ថា កំពុងបន្តប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីវាយកម្ទេចផ្ទះប្រជាជនកម្ពុជាដែលនៅពីក្រោយរបាំងកុងតឺន័រទាំងនោះ៕ ភ្នំពេញប៉ុស្តិ៍

