វិស័យ​វាយនភណ្ឌ​នាំ​ថវិកាចូល​សេដ្ឋកិច្ច​ជាតិ​បាន​​ជិត ១៦ ពាន់លាន​ដុល្លារ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

វិស័យ​វាយនភណ្ឌ​នាំ​ថវិកាចូល​សេដ្ឋកិច្ច​ជាតិ​បាន​​ជិត ១៦ ពាន់លាន​ដុល្លារ​

 ទឹក​ប្រាក់​ដែល​កម្ពុជា​ប្រមូល​បាន​ពី​ការ​​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ទៅ​ទីផ្សារ​អន្តរជាតិ​​កាល​ពី​​ឆ្នាំ​២០២៥ មានតម្លៃជិត ១៦ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ១៦% បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ចំនួន​​នេះ​គឺស្មើ​នឹង​​ជាងពាក់កណ្តាល​​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ទំនិញចេញ​​​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​។​


ក្នុង​ពិធី​សន្និបាតលើកទី ១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥ ​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​រក​ចំណូល​ពី​ការ​នាំចេញ​ផលិតផល​​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បាន​​ប្រាក់​​​ប្រមាណ ១៥,៧ ពាន់លានដុល្លារ កើនឡើង ១៥,៨% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ ១៣,៥ ពាន់លានដុល្លារ។

យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំចេញ​ទំនិញទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​សរុប ៣០,១៥ ពាន់លាន​ដុល្លារ កើន​​ ១៤,៧% ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការនាំចេញ​​​ផលិត​ផល​​​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មាន​ចំណែកប្រមាណ ៥២% នៃ​ចំនួន​ទឹក​ប្រាក់នាំសរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥។​

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ បាន​និយាយ​ថា ការ​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ជាពិសេស​​សមាគម TAFTAC គឺ​បានចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការជួយ​លើក​កម្ពស់​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា។ ភាពជោគជ័យរបស់ TAFTAC បាន​នាំមកនូវផលប្រយោជន៍ជា​ច្រើនដល់​​និយោជក និងកម្មករនិយោជិត តាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា​ឱ្យស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោក​បាន​ថ្លែង​ថា៖​«ក្នុងរយៈពេល ២៩ឆ្នាំមកនេះ សមាគម TAFTAC បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិន ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​នាំចេញ​ផលិតផល​វាយនភណ្ឌកម្ពុជា​ បាន​​ពឹង​ផ្អែកស្ទើរ​​ទាំងស្រុង​ទៅ​លើតម្រូវ​ការ​​​ពី​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ​​អាមេរិក កាណាដា សហគម​​អឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​អាស៊ីមួយ​ចំនួន​។ លោក​បន្ត​ថា ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ត្រូវ​រំពឹង​ថា​នឹង​កើន​ឡើង​ថែម​​ទៀត​ក្នុង​ឆ្នាំ​២០២៦ នេះ ខណៈ​កាល​ពី​ឆ្នាំ​២០២៥ គេ​សង្កេតឃើញមាន​រោងចក្រ​/​សហគ្រាស​ក្នុង​វិស័យ​វាយនភណ្ឌ​ជា​ច្រើន​បាន​បន្ត​ចូល​មក​បើក​ដំណើរ​ការ​​នៅ​កម្ពុជា។​

លោក​​ថ្លែង​ថា៖​«​សមត្ថភាព​ផលិតកម្ម និង​កំណើន​តម្រូវ​ការ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្វើ​ឱ្យ​ទឹក​ប្រាក់​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ ​ស្បែកជើង និងផលិតផលធ្វើដំណើរ​​កើនឡើងគួរ​ឱ្យ​កត់​សម្គាល់​​កាល​ពី​ឆ្នាំ​២០២៥។ ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​កាន់​តែ​​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​​២០២៦ នេះ គឺ​ការនាំ​​ចេញ​របស់​កម្ពុជាប្រាកដ​ជា​នឹង​កើន​ឡើងថែម​​ទៀត​»៕

Post a Comment (0)
Previous Post Next Post