កម្ពុជានៅតែបន្តប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងការគោរពប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ បើទោះជាខ្លួនសង្កេតឃើញថា ការរំលោភអធិបតេយ្យភាពរដ្ឋ ការទន្ទ្រាន និងការកាន់កាប់បូរណភាពទឹកដី នៅតែបន្តកើតមានក៏ដោយ។ នេះជាការលើកឡើងរបស់លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។
លោក កែវ ឈា បានថ្លែងដូច្នេះ ក្នុងអំឡុងពេលកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញអង្គការសហប្រជាជាតិនៅខួបទី៨០ឆ្នាំ៖ ការគិតគូរឡើងវិញអំពីការទប់ស្កាត់ និងដោះស្រាយជម្លោះ» ដែលរៀបចំឡើងដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ាគីស្ថាន ដែលជាសមាជិកមិនអចិន្ត្រៃយ៍ជាប់ឆ្នោតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៥-២០២៦ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៦ ខែមករា។
ក្នុងកិច្ចពិភាក្សានោះ លោក កែវ ឈា បានរំលឹកថា ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ពហុភាគីនិយម និងច្បាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់។ លោកបានលើកឡើងថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការបង្ការតាមរយៈការទូត និងការសម្របសម្រួល គឺជាឧបករណ៍ដែលមានប្រសិទ្ធភាព និងចំណាយតិច សម្រាប់ការបង្ការ និងការដោះស្រាយជម្លោះ។
លោកបានបន្ថែមថា ការចូលរួមដោះស្រាយពីដំណាក់កាលដំបូង វិធានការកសាងទំនុកចិត្ត និងយន្តការអន្តរការីដ៏ល្អនិងមិនលំអៀង នៅតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ជម្លោះមិនឱ្យរីកសាយភាយទៅជាសង្គ្រាម។
លោកបានថ្លែងថា៖ «ក្នុងនាមជារដ្ឋតូចមួយដែលស្រឡាញ់សន្តិភាព កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី និងការរៀបចំក្នុងតំបន់ ដូចដែលមានចែងក្នុងជំពូកទី ៦ និងទី ៨ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លោកក៏បានលើកយកពាក្យរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលថា «សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ»។ លោក កែវ ឈា ក៏បានលើកឡើងថា កម្ពុជាបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ មុននឹងទទួលបានសន្តិភាពយូរអង្វែង ដែលសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
លោកបានសង្កត់ធ្ងន់ថា៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង មិនមានចែងនៅក្នុងគោលនយោបាយរបស់កម្ពុជា ឬនៅក្នុងការអនុវត្តទំនាក់ទំនងអន្តរជាតិរបស់យើងឡើយ»។
លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណាក៏ដោយ កម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតដែរ សង្កេតឃើញថា ការរំលោភអធិបតេយ្យភាពរដ្ឋ ការទន្ទ្រាន និងការកាន់កាប់បូរណភាពទឹកដី និងការអនុវត្តច្បាប់អន្តរជាតិដោយការជ្រើសរើស នៅតែបន្តកើតមានមិនថមថយឡើយ»។
លោក កែវ ឈា បានបន្តទៀតថា លោកសង្កេតឃើញថា នៅពេលដែលច្បាប់អន្តរជាតិត្រូវបានរំលោភបំពាន និងធ្វើឱ្យចុះខ្សោយ នោះធម្មនុញ្ញអង្គការសហប្រជាជាតិក៏ត្រូវបានបំផ្លាញ ហើយភាពជឿជាក់នៃស្ថាប័នរួមដែលត្រូវបានគេឱ្យតម្លៃបំផុតនោះ ក៏ត្រូវបានសាបរលាបផងដែរ។
លោកបានថ្លែងថា៖ «ទោះបីជាយើងប្រឈមមុខនឹងបញ្ហាអ្វីក៏ដោយ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ ក្នុងការប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ទាំងពាក្យសម្តី និងការអនុវត្តជាក់ស្តែង ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញសន្តិភាព និងសន្តិសុខអន្តរជាតិ សម្រាប់សហគមន៍ពិភពលោករបស់យើង»។
យ៉ាងណាក៏ដោយ លោក មិនបានលើកឡើងពីការឈ្លានពានរបស់ថៃ និងការបន្តឈរជើងរបស់យោធាថៃលើទឹកដីកម្ពុជានោះទេ ដែលស្របទៅនឹងការលើកឡើងរបស់លោកខាងលើនេះទេ៕

