លោកមេធាវី សុក សំអឿន ថ្លែងថា ថ្វីត្បិតតែប្រព័ន្ធផ្សព្វផ្សាយកម្ពុជា តិចជាងប្រព័ន្ធផ្សព្វផ្សាយថៃក៏ពិតមែន តែមួយរយៈចុងក្រោយមុនឈប់បាញ់គ្នានេះ ពិភពលោកបានដឹងច្បាស់ថា ថៃជាអ្នកឈ្លានពានកម្ពុជា។
លោកបន្តថា បើមានភស្តុតាងគ្រប់គ្រាន់ កម្ពុជាអាចដាក់បណ្ដឹងតាមយន្តការអង្គសហប្រជាជាតិ ដើម្បីទាមទារសំណងខូចខាតដែលថៃបានប្រព្រឹត្តលើកម្ពុជា។
លោក សុក សំអឿន ថ្លែងថា ការថតរូប និងវីដេអូនៅតាមសមរភូមិទុកជាឯកសារ និងភស្តុតាងពិតជាអាចប្រើជាភស្តុតាងបាន ហើយក្នុងករណីកម្ពុជាមានភស្តុតាង កម្ពុជាអាចប្រើយន្តការអង្គការសហប្រជាជាតិដើម្បីទាមទារសំណងការខូចខាតដែលកើតដោយសង្រ្គាមនេះ។
លោកថ្លែងថា៖ «ដើម្បីដាក់ពាក្យបណ្តឹងទាមទារសំណងពីការខូចខាតដោយសារសង្រ្គាម គឺប្រទេសដែលត្រូវគេឈ្លានពានអាចផ្ញើរកំណត់ការទូត ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កំណត់ការទូតទាំងនេះត្រូវចែងពីការខូចខាត និង ទំហំនៃការខូចខាត និង ភស្តុតាងដែលបង្ហាញថាប្រទេសម្ខាងទៀតជាអ្នកឈ្លានពាន និង តើការឈ្លានពាននោះអាចនឹងបង្ករគ្រោះថ្នាក់ដល់សន្តិភាព និង សន្តិសុខអន្តរជាតិផង»។
លោកបន្តទៀតថា បន្ទាប់មកគឺត្រូវស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យដាក់បញ្ចូលបញ្ហារបស់កម្ពុជាទៅក្នុងរបៀបវារៈប្រជុំរបស់ក្រុមប្រឹក្សា និង សុំឱ្យក្រុមប្រឹក្សាសម្រេចលើបណ្តឹងរបស់យើង។ ត្រូវភ្ជាប់ជាមួយនូវរាល់ភស្តុតាងដើម្បីគាំទ្របណ្តឹង និង ភ្ជាប់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។
ចំពោះការរំលោភលើទឹកដីខ្មែរដោយភាគីថៃ កម្ពុជាប្រហែលជាត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រសិនបើថៃមិនព្រមគោរព និង ប្រើយន្តការគណកម្មការដោះស្រាយវិវាទព្រំដែន ដែលធ្លាប់បានបង្កើតឡើងរវាងថៃ និង កម្ពុជានោះទេ។លោកបន្តថា៖ «តែអ្វីៗទាំងអស់នេះ គឺស្ថិតនៅលើការសម្រេចចិត្តបែបនយោបាយរបស់ថ្នាក់ដឹកនាំ ព្រោះរវាងប្រទេសនិងប្រទេស គឺវាផ្អែកទៅលើនយោបាយផងដែរ មិនមែនគិតពី ខុស និង ត្រូវ តែមួយមុខនោះទេ»។
យ៉ាងណាក៏ដោយ បើតាមប្រភពនានានៅកម្ពុជា មានភស្តុតាងច្រើនរាប់មិនអស់ដែលទាហានថៃ បានបាញ់ប្រហារមកលើកម្ពុជា ជាពិសេសតំបន់ជនស៊ីវិលរស់នៅ សាលារៀន មណ្ឌលសុខភាព ស្ពាន ផ្លូវ សណ្ឋាគារ វត្តអារាម និងប្រាសាទបុរាណ៕

