រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកអគ្គរដ្ឋទូតឥណ្ឌា ជួបពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦ ខណៈដែលសន្ទុះនៃទេសចរណ៍ឥណ្ឌាកំពុងកើនឡើង ស្របពេលពួកគេពហិការថៃ។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា បានពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦ នៅទីស្តីការក្រសួង។ នេះបើតាមក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោក Vanlalvawna លើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និតរមួតរវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាដែលបានជួយឱ្យបានសម្រេចនូវលទ្ធផល ក៏ដូចជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាច្រើនដែលបាននាំនូវកំណើនភ្ញៀវទេសចរឥណ្ឌាគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ កន្លងមកនេះ។
លោក Vanlalvawna ក៏បានបង្ហាញជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact Project (QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។
លោក ហួត ហាក់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា» កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជានាប៉ុន្នានខែចុងឆ្នាំ២០២៥។
លោក ហួត ហាក់ បានបញ្ជាក់ប្រាប់ទៅលោកឯកអគ្គរដ្ឋទូតឥណ្ឌាថា វិស័យឯកជននៅកម្ពុជាបានត្រៀមលក្ខណៈជាស្រេចដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និង រវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines។
លោកបន្តថា កំណើនទេសចរឥណ្ឌាក៏អាស្រ័យទៅលើកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន័របស់កម្ពុជា និងសក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចរួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ។
ស្របពេលជាមួយគ្នានឹងការមានជើងហោះហើរត្រង់ពីឥណ្ឌា ភ្ញៀវទេសចរឥណ្ឌាក៏ត្រូវបានរំពឹងផងដែរថា នឹងកើនឡើងក្រោយពេលពួកគេបានពហិការមិនទៅប្រទេសថៃ ក្រោយពេលយោធាថៃបំផ្លាញរូបបដិមាព្រះវិស្ណុ នៅតំបន់អានសេះ កាលពីខែធ្នូកន្លងទៅ។ នៅលើបណ្ដាញសង្គមក៏មានការធ្វើយុទ្ធនាការធ្វើពហិការមិនទៅទស្សនាប្រទេសថៃពីសំណាក់ជនជាតិឥណ្ឌាផងដែរ៕

