កម្ពុជា ថៃ មិនអាចចុះហត្ថលេខាលើឯកសារកិច្ចប្រជុំកម្រិតភូមិភាគ RBC ដោយសារនៅមានការខ្វែងគំនិតគ្នានៅលើចំណុចមួយចំនួន បន្ទាប់ពីក្រុមលេខានៃកិច្ចប្រជុំនេះបានធ្វើការជាមួយគ្នាអស់រយៈពេល ៣ ថ្ងៃនៅច្រកអន្តរជាតិប៉ោយប៉ែត។ នេះបើតាមក្រសួងការពារជាតិ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅព្រឹកថ្ងៃទី២៩ ខែមករានេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ។
បើតាមអ្នកនាំពាក្យ កិច្ចប្រជុំនេះបានដំណើរការចាប់ពីថ្ងៃទី២៧ ដល់ព្រឹកថ្ងៃទី២៩ ខែមករា ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ របស់ថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។
លោកស្រីថ្លែងថា៖ «ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ»។
កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាកិច្ចប្រជុំកម្រិតយោធាថ្នាក់តំបន់ ដែលភាគច្រើនពិភាក្សាលើកិច្ចការកម្រិតយោធា ទៅតាមតំបន់នីមួយៗ។ កិច្ចប្រជុំលើកនេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឈានដល់បទឈប់បាញ់ចាប់ពីពេលនោះមក។
លោកស្រី ម៉ាលី សុជាតា ថ្លែងថា កិច្ចប្រជុំ GBC តម្រូវឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

