ជនបរទេស​ជាង១១ម៉ឺននាក់​ពាក់​ព័ន្ធ​ការឆបោកតាមអនឡាញ ​ចាកចេញពី​កម្ពុជាចាប់​ពី​ខែមករាដល់​ដើមខែកុម្ភៈ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជនបរទេស​ជាង១១ម៉ឺននាក់​ពាក់​ព័ន្ធ​ការឆបោកតាមអនឡាញ ​ចាកចេញពី​កម្ពុជាចាប់​ពី​ខែមករាដល់​ដើមខែកុម្ភៈ

 ការ​បង្ក្រាប​​អំពើ​ឆបោក​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​ជនបរទេសចំនួន ១១០.០៩៥ នាក់ មាន ៦ សញ្ជាតិ បានចាកចេញពីប្រទេសកម្ពុជាក្នុងចន្លោះ​ពី​ខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦​នេះ ខណៈដែល​ប្រតិបត្តិការ​ «ម្អាត​ផ្ទះ​យើង»​ កំពុង​បន្ត។


លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បាន​ឲ្យដឹង​ថា ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ច បានបង្រ្កាប និងបិទខ្ទប់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើទីតាំងសរុបចំនួន ១៩០ កន្លែង ក្នុងនោះមានកាស៊ីណូចំនួន ៤៤ទីតាំង។

ការ​បង្ក្រាបទាំងនេះ​ ធ្វើឡើង​នៅក្នុងខេត្តព្រះស៊ីហនុ, កំពត, កណ្តាល, ស្វាយរៀង, រាជធានីភ្នំពេញ, ពោធិ៍សាត់, ព្រៃវែង និងមណ្ឌលគិរី ដោយសមត្ថកិច្ចបានគ្រប់គ្រង រឹបអូសវត្ថុតាងជាច្រើនប្រភេទ និង​ច្រើន​គ្រឿង មានកំព្យូទ័រ ទូរស័ព្ទ ស៊ីមកាតជាដើមនិងបំពេញសំណុំរឿង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ 

ប្រតិបត្តិការ​នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២ ៥០៨ នាក់។ បន្ថែម​ពី​លើ​នេះ ក៏​មាន​កិច្ចសហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អាមេរិក កូរ៉េ ជាដើម ក្នុងការបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំងនៅពីក្រោយករណីទាំងនេះ។

គ.ប.ឆ.ប. ថ្លែង​ថា៖ «ប្រតិបត្តិការទាំងនេះបានជំរុញឱ្យជនបរទេសចំនួន ១១០.០៩៥ នាក់ មាន ៦ សញ្ជាតិ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន បានចាកចេញពីប្រទេសកម្ពុជាក្នុងចន្លោះខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៦»។

គិត្រឹម​រយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់។ នេះ​បើតាម​ក្រសួងយុត្តិធម៌។

គ.ប.ឆ.ប. ថ្លែង​ថា កិច្ចខិតខំទាំងនេះបានបង្ហាញពីឆន្ទៈពិតប្រាកដ ជាមួយការអនុវត្តច្បាប់តឹងរឹងក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមិនមានការលើកលែងឡើយ ដើម្បីការពារសន្តិសុខសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គម ទាំងក្នុងប្រទេសកម្ពុជា តំបន់ និងនៅលើសកលលោក។

គ.ប.ឆ.ប. ថ្លែង​ថា៖ «កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ»។ 

លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​កាលពីថ្ងៃទី៤ ខែកុម្ភៈ​ថា កម្ពុជា​ដាក់​គោលដៅ​បោស​សម្អាត​បទ​ល្មើស​ឆបោក​តាម​បច្ចេកវិទ្យា​ឲ្យ​អស់​ត្រឹម​ខែមេសា​ ខាង​មុខ​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន ម៉ាណែត ក៏​ស្នើ​សុំ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដើម្បី​បោស​សម្អាត​ផ្ទះ​ ឲ្យ​ស្អាត ដែល​លោក​សំដៅ​ទៅលើ​ការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​នេះ៕

Post a Comment (0)
Previous Post Next Post