ខេត្ដឧត្ដរមានជ័យ៖ ជិតប្រាំមួយសប្តាហ៍ក្រោយបទឈប់បាញ់ត្រូវបានរំពឹងថានឹងបន្ធូរភាពតានតឹងតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ បន្លាលួស និងលូប្រអប់បេតុងធំៗ ត្រូវបានគេឃើញដាក់ព័ទ្ធលើផ្ទៃដីក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅច្រកទ្វារអន្តរជាតិអូរស្មាច់។
ច្រកទ្វារអន្ដរជាតិនេះ ដែលធ្លាប់ជាតំបន់សកម្មសម្រាប់ពាណិជ្ជកម្មឆ្លងដែន ប៉ុន្តែបច្ចុប្បន្នត្រូវបានសម្គាល់ដោយផ្សារស្ងាត់ជ្រងំ ផ្ទះសម្បែងខូចខាត និងភាពភ័យខ្លាចនៅតែគ្របដណ្ដប់លើប្រជាពលរដ្ឋ។
ក្រោយបទឈប់បាញ់ចូលជាធរមានរវាងកងទ័ពកម្ពុជា–ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ នៅថ្ងៃទី២៨ ខែធ្នូ យោធាថៃបានបំពានបទឈប់បាញ់ ដោយរាយបន្លាលួស និងដាក់លូប្រអប់ រំកិលចូលក្នុងទឹកដីកម្ពុជា ប្រមាណ ៤២០ម៉ែត្រ ពីបង្គោលសីមាលេខ១៥ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់នឹងខេត្តសុរិន្ទ ដែលភាគីថៃបានឯកភាពទទួលស្គាល់។
ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយរវាងខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា និងខេត្តសុរិន្ទ នៃប្រទេសថៃ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២។ ប៉ុន្តែដោយសារភាពតានតឹងព្រំដែន ភាគីថៃបានសម្រេចបិទច្រកទ្វារនេះជាឯកតោភាគីក្នុងខែមិថុនា ឆ្នាំ២០២៥។
រដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា សំណង់ទាំងនេះត្រូវបានដាក់នៅក្នុងទឹកដីកម្ពុជា បើទោះបីរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងទទួលស្គាល់ជាផ្លូវការលើបង្គោលព្រំដែនលេខ១៥រួចហើយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដែលចុះពិនិត្យស្ថានភាពជាក់ស្តែង នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា សកម្មភាពនេះបង្ហាញថា «ភាគីថៃបានឈ្លានពានយ៉ាងគឃ្លើន និងមិនខ្លាចក្រសែភ្នែកអន្តរជាតិ ក្នុងការរំលោភចូលទឹកដីកម្ពុជា»។
លោកបានព្រមានថា វត្តមានយោធា ក៏ដូចជាការតម្លើងលួសបន្លា និងលូរប្រអប់ បានគំរាមកំហែងសន្តិសុខតំបន់ព្រំដែន បង្ខំឱ្យអាជីវកម្មជាច្រើនបិទទ្វារ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។
ផ្សារអូរស្មាច់ ដែលមានជាង៦០០តូប បានផ្អាកសកម្មភាពជាចម្បង ខណៈអគារសេវាសាធារណៈមួយចំនួនត្រូវបានបិទ និងរងការខូចខាតក្នុងអំឡុងការបាញ់ប្រហារពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោក មាសភក្តី បានលើកឡើងថា សង្គ្រាមឈ្លានពាននេះមានវិសាលភាពលើសតំបន់ព្រំដែន ដោយការប្រយុទ្ធបានលាតសន្ធឹងជ្រៅរហូតដល់ប្រមាណ១០០គីឡូម៉ែត្រ ប៉ះពាល់ដល់តំបន់ដូចជា ស្ពានអូរជីក ជាប់ព្រំដែនខេត្តសៀមរាប និងតំបន់ក្បែរភ្នំសំពៅ ក្នុងខេត្តបាត់ដំបង។
លោកសង្កត់ធ្ងន់ថា អំពើហិង្សាបានបន្សល់ «សោកនាដកម្មពីរ គឺផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការខូចខាតទីតាំងនានា»។ប្រជាពលរដ្ឋប្រមាណ៥ម៉ឺនគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ បានរងផលប៉ះពាល់ ក្នុងចំណោមប្រមាណ៧ម៉ឺនគ្រួសារ ដែលត្រូវជម្លៀសចេញពីលំនៅឋាន ខណៈនៅខេត្តនេះ មានអ្នកស្លាប់យ៉ាងហោចណាស់១០នាក់ និងរបួស១៥នាក់។
ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយផ្ទះប្រជាពលរដ្ឋ៦៥០ខ្នងត្រូវបានវាយប្រហារ ក្នុងនោះជិត១៥០ខ្នងខូចខាតទាំងស្រុង នៅក្នុង៥០ភូមិ។ វិស័យឯកជនក៏រងផលប៉ះពាល់ផងដែរ រួមមានសណ្ឋាគារ៤ទីតាំង ស្ថានីយប្រេង៣ទីតាំង និងយានយន្តព្រមទាំងគ្រឿងចក្រជាច្រើន។
ទ្រព្យសម្បត្តិរដ្ឋមិនអាចគេចផុតបានឡើយ ដោយប្រាសាទបុរាណខ្មែរចំនួន២ គឺប្រាសាទតាក្របី និងប្រាសាទច័ន្ទ ក្បែរប្រាសាទតាមាន់ ត្រូវបានទម្លាក់គ្រាប់បែក ខណៈស្ពានអូរជីក វត្តអារាមចំនួន ៤ មណ្ឌលសុខភាព៣ និងសាលារៀន១៥កន្លែង រងការខូចខាត។
លោក មាសភក្តី បានបញ្ជាក់ថា ការប្រើប្រាស់អាវុធធុនធ្ងន់របស់យោធាថៃ «មិនមែនជាជម្លោះព្រំដែនទេ តែជាសង្គ្រាមឈ្លានពាន»។
ស្ថានភាពមនុស្សធម៌នៅតែផុយស្រួយ ដោយបច្ចុប្បន្ននៅសល់មជ្ឈមណ្ឌលសុវត្ថិភាព៣ ក្នុងខេត្តឧត្តរមានជ័យ កំពុងផ្តល់ជម្រកដល់ប្រជាពលរដ្ឋប្រមាណ៧,០០០នាក់ ខណៈគ្រួសារ២១៣ ក្នុង៣ភូមិ នៅតែត្រូវការជម្រកបណ្តោះអាសន្នរយៈពេលវែង។
ភស្តុតាងនៃការប្រយុទ្ធនៅតែអាចមើលឃើញលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងស្រុកបន្ទាយអំពិល ដែលមានរណ្តៅបង្កឡើងដោយគ្រាប់បែកប្រភេទ MK-84 មានមុខកាត់ជាង១៥ម៉ែត្រ និងជម្រៅ១០ម៉ែត្រ។
លោក ជិន ប៊ុនហឿត អនុប្រធានកងឯកភាពកម្ចាត់មីនទិសឧត្តរមានជ័យ នៃស៊ីម៉ាក់ បានឱ្យដឹងថា ការខូចខាតនេះបានកាត់ផ្តាច់ផ្លូវដឹកជញ្ជូនសំខាន់ៗ។
សម្រាប់ប្រជាពលរដ្ឋជាច្រើន ការបាត់បង់មានន័យលើសពីទ្រព្យសម្បត្តិ។ អ្នកស្រី ស៊ុន ស្រី អាយុ៤០ឆ្នាំ ដែលផ្ទះត្រូវបានបំផ្លាញដោយគ្រាប់ផ្លោង បានរំឭកថា៖ «អង្គុយដីយំតែម្ដង កូនៗខ្ញុំទាំងអស់ថា តើយើងទៅនៅឯណា។ បើគ្មានអី យើងមានតែបាំងតង់នៅ។ ស្ដាយណាស់ ខំអស់ពាក់កណ្ដាលជីវិត ទើបបានផ្ទះមួយប៉ុណ្ណឹង យើងរកអីបានទៀត»។
ជាមួយគ្នានេះ កម្ពុជាក៏បានតវ៉ាយ៉ាងខ្លាំង បន្ទាប់ពីមន្ត្រីថៃបានដឹកនាំអ្នកសារព័ត៌មាន បុគ្គលិកយោធាបរទេស និងមន្ត្រី FBI អាមេរិក ចុះពិនិត្យទីតាំងមួយស្ថិតនៅជម្រៅប្រមាណ៣៩៧ម៉ែត្រ ក្នុងទឹកដីកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៤ ខែកុម្ភៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កម្ពុជាបានដាក់លិខិតតវ៉ាផ្លូវការចំពោះដំណើរទស្សនកិច្ចថ្ងៃទី២ ខែកុម្ភៈ នៅតំបន់អូរស្មាច់ ដោយចាត់ទុកថា ជាសកម្មភាពគ្មានការអនុញ្ញាត រំលោភអធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រសួងបានបញ្ជាក់ថា សណ្ឋាគារ និងទីតាំងដែលត្រូវបានចុះពិនិត្យ ស្ថិតនៅជិតបង្គោលព្រំដែនលេខ១៥ ក្នុងតំបន់ដែលកម្ពុជាអះអាងថា ត្រូវបានកងកម្លាំងថៃកាន់កាប់ក្នុងអំឡុងប្រតិបត្តិការវាយប្រហារពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ។
កម្ពុជា «បដិសេធ និងតវ៉ាយ៉ាងដាច់ខាត» ចំពោះអ្វីដែលហៅថា ការអនុវត្តអធិបតេយ្យភាពថៃដោយខុសច្បាប់ និងព្រមានថា វាអាចជាការប៉ុនប៉ងបង្កើតស្ថានភាពថ្មីលើដី។
មន្ត្រី និងអ្នកវិភាគកម្ពុជា ក៏មើលឃើញថា ដំណើរទស្សនកិច្ចដែលដឹកនាំដោយប្រធានស៊ើបការណ៍យោធាថៃ និងមានអនុព័ន្ធយោធាពី២០ប្រទេស ព្រមទាំងអ្នកសារព័ត៌មានអន្តរជាតិ ចូលរួម អាចជាការបង្វែរ ការយកចិត្តទុកដាក់អន្តរជាតិទៅលើប្រតិបត្តិការបង្ក្រាបអំពើឆបោកអនឡាញ ជំនួសឱ្យបញ្ហាកាន់កាប់ទឹកដី។
ភស្តុតាងនៃការប្រយុទ្ធនៅតែអាចមើលឃើញលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងស្រុកបន្ទាយអំពិល ដែលមានរណ្តៅបង្កឡើងដោយគ្រាប់បែកប្រភេទ MK-84 មានមុខកាត់ជាង១៥ម៉ែត្រ និងជម្រៅ១០ម៉ែត្រ។ រូបថត ហុង រស្មី
ទោះបីមានភាពតានតឹង ក្រសួងការបរទេសបានអះអាងថា កម្ពុជា នៅតែប្តេជ្ញាចិត្តដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងប្រកាន់ជំហរថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។
នៅថ្នាក់ជាតិ កម្ពុជាក៏បានពង្រឹងកិច្ចខិតខំដាក់បញ្ហានេះក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងយន្តការសិទ្ធិមនុស្ស។
ក្នុងជំនួបថ្ងៃទី៥ ខែកុម្ភៈ ជាមួយលោក John C. Coughenour ចៅក្រមជាន់ខ្ពស់សហរដ្ឋអាមេរិក ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងពីការរំលោភធ្ងន់ធ្ងរដែលកើតឡើង ទោះមានបទឈប់បាញ់ក៏ដោយ។
លោកបានបញ្ជាក់ថា កម្ពុជាតែងគោរពអនុសញ្ញា និងសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ ខណៈចោទថា ភាគីថៃនៅតែប្រើផែនទីគូសជាឯកតោភាគី។
លោក រ៉េមី ក៏បានអះអាងថា កងកម្លាំងថៃបានប្រើអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំង F-16, Gripen និង T-50 ចូលវាយប្រហារជ្រៅក្នុងទឹកដីកម្ពុជា។
លោកបន្ថែមថា៖ «សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ទាំងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ»។
ជាការឆ្លើយតប លោក John C. Coughenour បានបង្ហាញការគាំទ្រចំពោះការអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់ ព្រមទាំងសម្ដែងការខកចិត្តចំពោះសកម្មភាពយោធាថៃ ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល។
អាជ្ញាធរខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋាន នៅពេលស្ថានភាពមានសុវត្ថិភាព។
អភិបាលខេត្ត លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា បទឈប់បាញ់ «មិនមានន័យថា តំបន់ទាំងអស់មានសុវត្ថិភាពទេ» ដោយមានតំបន់ក្រហមជាង២០០គីឡូម៉ែត្រ ត្រូវហាមឃាត់ និងតំបន់លឿងដែលមានគ្រាប់មិនទាន់ផ្ទុះ ត្រូវការការសម្អាតជាមុន។
លោកបានបន្ថែមថា «បទឈប់បាញ់អនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅវិញ ប៉ុន្តែត្រូវធានាសុវត្ថិភាពជាមុនសិន»។
ខណៈភាពតានតឹងនៅតែបន្ត អាជ្ញាធរព្រមានថា ស្ថិរភាពតាមបន្ទាត់ព្រំដែន នឹងអាស្រ័យលើការសន្ទនា និងការគោរពច្បាប់អន្តរជាតិ មិនមែនលើសម្ពាធយោធាទេ ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់នៅតែប្រឈមមុខនឹងផលវិបាកនៃជម្លោះដែលបានផ្លាស់ប្តូរជីវភាពសហគមន៍នៅភាគខាងជើងកម្ពុជា៕ ភ្នំពេញប៉ុស្តិ៍



