នាយករដ្ឋមន្ត្រី​នឹង «វះកាត់​សាច់​ស្អុយ» ចំពោះមន្ត្រីពាក់ព័ន្ធ​បទល្មើស​ និង​បណ្ដេញអំពើអាក្រក់​ចេញឲ្យអស់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នាយករដ្ឋមន្ត្រី​នឹង «វះកាត់​សាច់​ស្អុយ» ចំពោះមន្ត្រីពាក់ព័ន្ធ​បទល្មើស​ និង​បណ្ដេញអំពើអាក្រក់​ចេញឲ្យអស់

 លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ប្រកាស​ជា​ថ្មី​ថា​នឹង«​វះកាត់​ដោយ​គ្មាន​ការ​លើក​លែង​ចំពោះ​មន្ត្រី​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​បទល្មើស​នានា ជា​ពិសេស​បទល្មើស​ឆបោកតាម​អនឡាញ ខណៈដែ​ល​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម«បណ្ដេញរាល់អំពើ អាក្រក់ចេញពីប្រទេសឱ្យអស់»ពី​កម្ពុជា។

លោក​ ហ៊ុន ម៉ាណែត ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បូក​សរុបការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ឆ្នាំ២០២៦ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី៥ ខែ​កុម្ភៈ កន្លង​ទៅ។ នេះ​បើ​យោង​តាម​ក្រសួង​មហាផ្ទៃ។

សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​មហាផ្ទៃ ថ្លែងថា លោក​ ហ៊ុន ម៉ាណែត​ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម។

ក្រសួង​មហា​ផ្ទៃ​ស្រង់​សម្ដីលោក ហ៊ុន ម៉ាណែត ដែល​ថ្លែង​ថា៖ «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើ អាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។

ក្រសួង​បន្ត​ថា៖ «ក្នុងន័យនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្ត​មរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ​នៅឆ្នាំ ២០២៥ បានថយចុះ ១៧ភាគរយ ធៀបឆ្នាំ២០២៤ ដោយ​ការបង្ក្រាបទទួលលទ្ធផល ៩៦% ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ក្រុមក្មេងទំនើង។ នេះ​បើ​តាម​ក្រសួង​មហា​ផ្ទៃ។

ក្រសួង​បន្ត​ថា ស្ថានប័ន​នេះ​ក៏កំពុងស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាប់ខ្លួនមេក្លោង និងបញ្ជូនជនបរទេសប្រព្រឹត្តបទល្មើសទៅប្រទេសកំណើតវិញ ដោយមានកិច្ចសហការ ជាមួយសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕


Post a Comment (0)
Previous Post Next Post