សភាពាណិជ្ជកម្មកម្ពុជា(CCC) និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹងរៀបចំ«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦» នៅខែមីនាខាងមុខ ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតបរិយាកាសកាន់តែល្អប្រសើរសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ CCC លើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន នឹងរៀបចំ«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម»។
CCC បានបញ្ជាក់ថា៖«ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលកំណើនសកល»។
បើតាម CCC ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមជាមួយនឹងឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។
កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង«យុទ្ធសាស្ត្រកម្ពុជា» ដោយមានប្រធានបទសំខាន់ៗមកជជែកពិភាក្សាដូចជាៈ ១. ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាត ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់», ២. នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖«ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម», ៣.សមាហរណកម្មតំបន់៖«កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍», និង ៤. ការវិវត្តនៃកម្លាំងពលកម្ម៖«ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។
អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា លោក ម៉េង និមល បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៧ ខែកុម្ភៈថា នេះជាលើកទី៣ ឆ្នាំជាប់ៗគ្នាដែលកម្ពុជារៀបចំ«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន» ដោយលើកទី១ ក្នុងឆ្នាំ២០២៤។ ប៉ុន្តែកន្លងមកកិច្ចប្រជុំនេះកម្ពុជាក៏ធ្លាប់បានរៀបចំដែរ គឺក្នុងឆ្នាំ២០១២ និងឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានប្តូរវេនសមាគមអាស៊ាន។
លោកបានថ្លែងថា៖«កម្មវិធីនេះនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់កម្ពុជា តាមរយៈការផ្តល់វេទិកាឱ្យមានជំនួបពិភាក្សារវាងធុរជនក្នុ្ងងស្រុក និងអន្តរជាតិ។ យើងបានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់ចូលរួម។ ក្រៅពីនេះយើងក៏អញ្ជើញបណ្តាប្រទេសដែលសភាពាណិជ្ជកម្មកម្ពុជាមានការិយល័យតំណាង ព្រមទាំងសហគមន៍អ៊ឺរ៉ុបផងដែរ»។
យោងតាម CCC បច្ចុប្បន្នបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជាមានការិយាល័យតំណាងចំនួន ៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់៕

