ជនភៀសសឹកនៅខេត្តឧត្តរមានជ័យទទួលបានការផ្គត់ផ្គង់បន្លែ ពងទា និងត្រី ពីកិច្ចប្រឹងប្រែងរួមគ្នានៅជំរំស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលនៅតែមិនទាន់អាចត្រឡប់ទៅផ្ទះវិញបានដោយសារតែផ្ទះរបស់ពួកគេស្ថិតនៅតំបន់ក្រហមនៅព្រំដែន។
នៅថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញ ជនភៀសសឹកនិងសិស្សានុសិស្សនៅក្នុងសាលារៀនមណ្ឌលសុវត្ថិភាពនៃនៅជំរំភៀសសឹកវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានរួមគ្នាប្រមូលផលបន្លែត្រកួនបានសរុប ១០០០គីឡូក្រាម ព្រមទាំងទទួលបានការចែកស៊ុតទាចំនួន ១៦០០គ្រាប់ផងដែរ។
យោងតាមមន្ត្រីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ការដាំបន្លែនៅជំរំនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ការប្រមូលផលបានធ្វើចំនួន ១១លើកហើយ ស្មើ ១៥ ៦១០គីឡូក្រាម ដែលក្នុងនោះរួមមាន ត្រកួន ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់។ ក្រៅពីនេះក៏មានការផ្គត់ផ្គង់ស៊ុតទាដល់ជនភៀសសឹកចំនួន ៦៨៩០គ្រាប់ងដែរ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងថា ការដាំបន្លែគឺធ្វើឡើងនៅក្បែរជំរំបណ្ដោះអាសន្នតែម្ដង ប៉ុន្តែ ការចិញ្ចឹមទា និង ត្រី ធ្វើនៅសង្កាត់កូនក្រៀល ក្រុងសំរោង ហើយត្រូវបានដឹកមកផ្គត់ផ្គង់ដល់ជនភៀសសឹកនៅវត្តនេះ។
ស៊ីសុខឃាង ថ្លែងថា៖ «យើងបំប៉នទាយកពង ហើយបែងចែកជាបន្តបន្ទាប់ជូនដល់បងប្អូនជនភៀសសឹក ដែលពេលនេះគាត់អត់មានប្រាក់កម្រៃ ឬ ចំណូលប្រចាំថ្ងៃ។ ដូច្នេះ យើងផ្គត់ផ្គង់ដល់ពួកគាត់។ មួយរយៈចុងក្រោយនេះ យើងផ្ដោតលើកុមារ ព្រោះគាត់ត្រូវការអាហារូបត្ថម្ភ ហើយចែកគាត់ពេលគាត់មករៀននៅសាលាក្នុងមណ្ឌលសុវត្ថិភាព ហើយពួកគាត់យកទៅឲ្យម្ដាយចម្អិនឲ្យពួកគាត់»។
លោកបន្តថា ការផ្គត់ផ្គង់នេះនឹងបន្តរហូតដល់ជនភៀសសឹកទាំងអស់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ហើយបច្ចុប្បន្ន អាជ្ញាធរព្យាយាមផ្គត់ផ្គង់បន្លែដល់ពួកគាត់ឲ្យបាន ២ដងក្នុងមួយសប្ដាហ៍។ ក្រៅពីការទទួលបានផ្គត់ផ្គង់នេះ ជនភៀសសឹកក៏ទទួលបានការបណ្ដុះបណ្ដាលអំពីការដាំបន្លែ ដែលពួកគេអាចដាំដុះបានពេលត្រឡប់ទៅផ្ទះវិញ។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ នៅមានពលរដ្ឋភៀសសឹកចំនួន ៧៤.១៣៩នាក់ទៀត ដែលពុំទាន់អាចវិលទៅលំនៅឋានវិញ ដោយសារតែការព័ទ្ធយកផ្ទះរបស់ពួកគាត់ពីសំណាក់យោធាថៃ ឬ ផ្ទះរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហម។ ពួកគេស្ថិតក្នុងចំណោមមនុស្សជាង ៦សែន៤ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនទៅរកទីតាំងមានសុវត្ថិភាពនៅពេលផ្ទុះការប្រយុទ្ធគ្នានៅក្នុងខែធ្នូ៕

