រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី បានទៅដល់ទីក្រុងហ្សឺណែវហើយដើម្បីចរចាជុំទីពីរអំពីបញ្ហានុយក្លែអ៊ែរជាមួយសហរដ្ឋអាមេរិក និងស្វែងរកការបន្ធូរបន្ថយភាពតានតឹងនិងបញ្ចៀសការប៉ះទង្គិចដាក់គ្នាខាងផ្នែកយោធា។
លោក អាបាស អារ៉ាជី បានសសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ ទី ១៦ កុម្ភៈថា៖ «លោកមកដល់ទីក្រុងហ្សឺណែវជាមួយនឹងគំនិតពិតប្រាកដដើម្បីសម្រចបាននូវកិច្ចចព្រមព្រៀងមួយដែលមានយុត្តិធម៌ និងស្មើភាព ហើយអ្វីដែលមិនអាចយកមកចរចាបាន គឺការចុះចាញ់ចំពោះការគំរាមកំហែង»។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Aljazeera។
លោក អាបាស អារ៉ាជី បានជួបប្រជុំជាមួយប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) គឺលោក រ៉ាហ្វាអែល ហ្គ្រូស៊ី ដោយលោកបាននិយាយថា ក្រុមអ្នកជំនាញនុយក្លេអ៊ែររបស់លោករំពឹងថា នឹងមានការពិភាក្សាផ្នែកបច្ចេកទេសយ៉ាងស៊ីជម្រៅ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអង្គការត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានស្នើសុំចូលត្រួតពិនិត្យទីតាំងរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ដែលធ្លាប់ត្រូវបានទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងអំឡុងសង្គ្រាមរយៈពេល ១២ ថ្ងៃ កាលពីខែមិថុនាឆ្នាំមុន តែរដ្ឋាភិបាលរបស់អ៊ីរ៉ង់បាននិយាយថាអាចមានហានិភ័យខ្ពស់នៃវិទ្យុសកម្ម។ ដូច្នេះត្រូវការបង្កើតនីតិវិធីផ្លូវការមួយមុននឹងធ្វើការត្រួតពិនិត្យ។
គួររំលឹកផងដែរថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញនៅដើមខែនេះ ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើង ដោយទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំង រួមទាំងនាវាផ្ទុកយន្តហោះទៅកាន់តំបន់នោះ ខណៈដែលក្រុមអ្នកសម្របសម្រួលកំពុងព្យាយាមមិនឲ្យសង្គ្រាមកើតឡើង។
អ៊ីរ៉ុងធ្លាប់បានប្រកាសម្តងហើយម្តងទៀតថា អ៊ីរ៉ុងនឹងមិនបោះបង់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន នោះទេ ហើយបញ្ចាក់ថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានគោលបំណងសន្តិភាពទាំងស្រុង ហើយបានបោះសំដីថា គ្មានប្រទេសណាមួយមានសិទ្ធមកប្រាប់អ៊ីរ៉ង់ថា ត្រូវមានអ្វី ឬ មិនត្រូវមានអ្វីនោះទេ៕

