ផលិតផលម្ហូបអាហារ និងភេសជ្ជៈកម្ពុជា អាចមានឱកាសក្នុងការឈានទៅកាន់ទីផ្សារអន្តរជាតិតាមរយៈព្រឹត្តិការណ៍«ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ «SIAL PARIS 2026- ដែលនឹងធ្វើនៅក្នុងទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅអំឡុងខែតុលា ខាងមុខ។
ក្រសួងពាណិជ្ជកម្ម បានថ្ងៃទី១៧ ខែកុម្ភៈ នេះ បានលើកឡើងថា នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនឹងមានរៀបចំ«ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026»។ ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាពិព័រណ៍អាហារ និងភេសជ្ជៈធំបំផុតលំដាប់ពិភពលោក ដែលដើរតួនាទីដ៏សំខាន់ក្នុងការតាំងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ការផ្តល់ឱកាសដល់ការបង្កើនបណ្តាញទំនាក់ទំនង និងការស្វែងយល់ពីនិន្នាការថ្មីៗក្នុងឧស្សាហកម្មម្ហូបអាហារ និង ភេសជ្ជៈ។
ក្រសួងបានបញ្ជាក់ថា៖«ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ លោក-លោកស្រី ជាពាណិជ្ជករ ផលិតករវិនិយោគិន និង សាធារណជន ដែលមានបំណងចង់ចូលរួមតាំងបង្ហាញនូវផលិតផលទំនិញជាអាហារ និងភេសជ្ជៈនៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ សូមធ្វើការទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ ក្រសួងពាណិជ្ជកម្ម ឱ្យបានមុន ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦»។
ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា ៨ផ្នែក ដែលក្នុងផ្នែកនីមួយៗផ្តោតសំខាន់លើវិស័យផ្សេងៗគ្នា ពាក់ព័ន្ធ នឹងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយក្នុងនោះរួមមាន៖ អាហារកែច្នៃ អាហារឆ្អិនស្រាប់ (ready-to-eat food) គ្រឿងផ្សំ គ្រឿងទេស នំចំណី បង្អែម ភេសជ្ជៈ ផលិតផលទឹកដោះគោ ផលិតផលសរីរាង្គ និងកសិផល។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕

