ស្ទឹងត្រែង៖ ការងារអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង ភូមិភាគឦសាននៃប្រទេសកម្ពុជា កំពុងផ្តោតខ្លាំងលើការការពារសត្វស្លាបកម្រ និងជិតផុតពូជ ជាពិសេសសត្វត្មាត និងត្រយ៉ង ខណៈមន្ត្រីអភិរក្សបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីធានាបាននូវនិរន្តរភាពនៃធនធានធម្មជាតិ។
លោក អៀង សំណាង ឧទ្យានុរក្សមកពីដែនជម្រកសត្វព្រៃសៀមប៉ាង បានឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ថា ការអភិរក្សសត្វត្មាតគឺជាការងារសំខាន់មួយក្នុងការរក្សាជីវចម្រុះ និងការពារសុខភាពបរិស្ថាន។
លោកបាននិយាយថា៖ «សត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយមេរោគរាតត្បាត និងសម្អាតបរិស្ថាន។ ក្នុងករណីមានសត្វឈឺ ឬសត្វងាប់ ជំងឺនិងក្លិនអាក្រក់អាចសាយភាយជុំវិញទីតាំង ប៉ុន្តែសត្វត្មាតអាចជួយសម្អាតសាច់សត្វស្លាប់បានយ៉ាងឆាប់រហ័ស កាត់បន្ថយហានិភ័យនៃជំងឺដែលអាចរាលដាលតាមទឹក និងបរិស្ថានជុំវិញ»។
លោក អៀង សំណាង បានពន្យល់ទៅកាន់អ្នកសារព័ត៌មានដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាថា ការការពារសត្វត្មាតបានក្លាយជាកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះដ៏សំខាន់មួយ ដោយសារតែតួនាទីរបស់វាក្នុងការរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ី។ រូបថត ហុង រស្មី
តាមការបញ្ជាក់របស់លោក សំណាង សត្វត្មាតនៅកម្ពុជាមានបីប្រភេទ។ ក្នុងនោះ ត្មាតភ្លើង មានចំនួនប្រហែល ២១ក្បាលនៅទូទាំងប្រទេស ខណៈនៅដែនជម្រកសៀមប៉ាងមានប្រហែល ១១ក្បាល។
ត្មាតត្នោត ដែលមានកវែងគ្មានរោម និងខ្លួនពណ៌ត្នោតចាស់ មានតួនាទីស៊ីគ្រឿងក្នុងសាច់សត្វងាប់ មានប្រមាណ ៤៥ក្បាលនៅទូទាំងប្រទេស ហើយនៅសៀមប៉ាងមាន ៣៦ក្បាល តាមការជំរឿនឆ្នាំ២០២៥។
ដោយឡែក ត្មាតផេះ មានប្រមាណ ៩៧ក្បាលនៅទូទាំងប្រទេស ក្នុងនោះមានរហូតដល់ ៨១ក្បាលរស់នៅក្នុងដែនជម្រកសៀមប៉ាង ដែលធ្វើឱ្យតំបន់នេះក្លាយជាទីជម្រកសំខាន់បំផុតសម្រាប់សត្វត្មាតនៅកម្ពុជា។
លោក សំណាង បានបន្ថែមថា សត្វត្មាតមានសមត្ថភាពពិសេសខ្លាំង ដោយអាចហើរឡើងដល់កម្ពស់ប្រហែល ៦គីឡូម៉ែត្រពីដី ហើយសមត្ថភាពភ្នែករបស់វាលើសមនុស្សជាច្រើនដង។
ថ្វីដ្បិតតែសត្វត្មាតជាសត្វស៊ីសាច់ជាអាហារ ប៉ុន្តែពួកវាមិនសម្លាប់សត្វដោយផ្ទាល់នោះទេ។ ពួកវាពឹងផ្អែកលើសាច់សត្វដែលស្លាប់ដោយសារជំងឺ ឬត្រូវសត្វព្រៃផ្សេងៗសម្លាប់។
ដោយសារតែធនធានអាហារនៅក្នុងព្រៃកាន់តែខ្វះខាត ក្រុមការងារអភិរក្សបានរៀបចំកម្មវិធីផ្គត់ផ្គង់អាហារបន្ថែម។
លោក សំណាង បាននិយាយថា ក្រុមការងារត្រូវចំណាយថវិកាប្រហែល ៨០០ដុល្លារអាមេរិកក្នុងមួយសប្ដាហ៍ ដើម្បីទិញក្របីមួយក្បាលសម្រាប់ផ្គត់ផ្គង់អាហារដល់សត្វត្មាត ខណៈថវិកាសរុបប្រចាំឆ្នាំសម្រាប់កម្មវិធីនេះមានប្រមាណ ៥ម៉ឺនដុល្លារ។
តាមការរាប់ចំនួនចុងក្រោយ សត្វត្មាតនៅកម្ពុជាមានសរុប ១៦៣ក្បាល ហើយក្នុងនោះដែនជម្រកសៀមប៉ាងមានចំនួនច្រើនជាងគេ ប្រមាណ ១២២ក្បាល។
ចំនួនសត្វត្មាតភ្លើងនៅតែមានចំនួនតិចតួចណាស់ ដោយមានត្រឹមតែប្រហែល ២១ ក្បាលប៉ុណ្ណោះទូទាំងប្រទេស ដោយ ១១ ក្បាលត្រូវបានកត់ត្រានៅសៀមប៉ាង។ រូបថត សហការី
ក្រៅពីនេះ ក្រុមការងារអភិរក្សក៏បានរកឃើញសម្បុកសត្វត្មាតជាមធ្យមប្រហែល ១៣សម្បុកក្នុងមួយឆ្នាំ ដែលភាគច្រើនជាត្មាតត្នោត។
ការដាក់ឧបករណ៍ GPS តាមដានសត្វត្មាតចំនួន ១០ក្បាល បានបង្ហាញពីផ្លូវហោះហើររបស់ពួកវាឆ្លងកាត់តំបន់ព្រៃនៅខេត្តមណ្ឌលគិរី ក្រចេះ ឆែប ខេត្តព្រះវិហារ និងទៅដល់ប្រទេសឡាវផងដែរ។
ក្រៅពីសត្វត្មាត ដែនជម្រកសៀមប៉ាងក៏ជាទីជម្រកសំខាន់សម្រាប់សត្វស្លាបកម្រ២ប្រភេទ គឺ ត្រយ៉ងយក្ស និងត្រយ៉ងចង្កំកស។
ត្រយ៉ងយក្ស ដែលជាតំណាងសត្វស្លាបជាតិរបស់កម្ពុជា ជាប្រភេទសត្វកម្រ និងរស់នៅក្នុងព្រៃជ្រៅ។ បច្ចុប្បន្ន វាបានបាត់បង់វត្តមាននៅប្រទេសថៃ វៀតណាម និងឡាវ ហើយនៅសល់តែកម្ពុជាប៉ុណ្ណោះ។
រីសត Siempang Forest Lodge ជាគម្រោងទេសចរណ៍ធម្មជាតិមួយ ដែលសាងសង់លើផ្ទៃដីប្រហែល ៨០០ ហិកតា នៅក្នុងតំបន់ការពារដ៏ធំទូលាយជាង ១៣៣,០០០ ហិកតារបស់ទីជម្រក។ រូបថត ហុង រស្មី
អ្នកអភិរក្សប៉ាន់ប្រមាណថា ប្រជាជនត្រយ៉ងយក្សនៅលើពិភពលោកមានប្រមាណ ២០០ក្បាល ក្នុងនោះប្រហែល ២៥ភាគរយរស់នៅក្នុងតំបន់សៀមប៉ាង។ រៀងរាល់ឆ្នាំ ក្រុមការងាររកឃើញសម្បុកត្រយ៉ងយក្សប្រមាណ ១៥សម្បុក និងកូនដែលហើរចេញពីសម្បុកប្រមាណ ១៥ក្បាល។
ចំណែក ត្រយ៉ងចង្កំកស មានចំនួនសរុបប្រហែល ៨៥០ក្បាលនៅកម្ពុជា ហើយក្នុងការរាប់ចំនួនខែសីហា ឆ្នាំ២០២៥ នៅដែនជម្រកសៀមប៉ាងមានចំនួន ៤០៤ក្បាល និងរកឃើញសម្បុកប្រមាណ ៣០សម្បុកក្នុងមួយឆ្នាំ។
លោក ម៉េង ហៀង ប្រធានអង្គការអភិរក្សសៀមប៉ាង បានឱ្យដឹងថា ការងារសំខាន់បំផុតនៅក្នុងដែនជម្រកនេះគឺការអភិរក្ស ប៉ុន្តែបច្ចុប្បន្ន ការអភិវឌ្ឍត្រូវធ្វើទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើគោលការណ៍ «អភិរក្ស និងអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា» ដើម្បីធានានិរន្តរភាព។
លោកបានថ្លែងថា៖ «ការងារចម្បងរបស់យើងគឺអភិរក្ស ប៉ុន្តែឥឡូវនេះយើងកំពុងអនុវត្តគោលនយោបាយដែលធ្វើឱ្យការអភិរក្ស និងការអភិវឌ្ឍដើរទន្ទឹមគ្នា ដើម្បីឱ្យមាននិរន្តរភាព»។
ក្នុងចំណោមគម្រោងអភិវឌ្ឍថ្មី មានគម្រោងរមណីយដ្ឋានអេកូទេសចរណ៍ Siempang Forest Lodge ដែលស្ថិតលើផ្ទៃដីប្រមាណ ៨០០ហិកតា ក្នុងចំណែកផ្ទៃដីសរុបជាង ១៣ម៉ឺនហិកតានៃដែនជម្រកសត្វព្រៃសៀមប៉ាង។
រមណីយដ្ឋាននេះបានចាប់ផ្តើមដំណើរការសាកល្បងទទួលភ្ញៀវទេសចរណ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានគោលបំណងបង្កើតទីផ្សារទេសចរណ៍បៃតង បង្កើនចំណូលសហគមន៍ និងគាំទ្រការអភិរក្សធនធានធម្មជាតិ។
តំបន់ស្នាក់នៅត្រូវបានរចនាជាតង់សាហ្វារីប្រណិតចំនួន ១៥ តង់ ដែលសម្របសម្រួលទៅតាមទេសភាពធម្មជាតិជុំវិញ។
ភ្ញៀវទេសចរអាចចូលរួមសកម្មភាពជាច្រើន ដូចជា ការមើលសត្វស្លាបកម្រ ការដើរកម្សាន្តក្នុងព្រៃ ការតាមដានសត្វព្រៃ និងការទស្សនាសហគមន៍ ដើម្បីស្វែងយល់ពីការខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវចម្រុះក្នុងតំបន់។
លោក ម៉េង ហៀង បានបន្ថែមថា នៅខែមិថុនា ឆ្នាំក្រោយ គម្រោងនេះនឹងដំណើរការទីលានចុះចតយន្តហោះខ្នាតតូច ដែលអាចដឹកភ្ញៀវពីខេត្តសៀមរាបមកកាន់រមណីយដ្ឋានដោយផ្ទាល់។
ប្រសិនបើធ្វើដំណើរតាមផ្លូវគោក ត្រូវចំណាយពេលប្រហែល ៧ ទៅ ៨ ម៉ោង ខណៈធ្វើដំណើរតាមអាកាសប្រើពេលតែប្រមាណ ៥០នាទីប៉ុណ្ណោះ។
ដែនជម្រកសត្វព្រៃសៀមប៉ាង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ មានផ្ទៃដីសរុបជាង ១៣៣,៧០៧ហិកតា ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយត្រូវបានបែងចែកជាតំបន់គ្រប់គ្រងចំនួន៤ រួមមាន តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។
តំបន់នេះសម្បូរទៅដោយជីវចម្រុះ និងជាទីជម្រកសម្រាប់សត្វព្រៃជាច្រើនប្រភេទ ដូចជា ទន្សោង រមាំង ខ្លាឃ្មុំ ពង្រូល និងក្រពើភ្នំ ព្រមទាំងសត្វស្លាបកម្រ និងជិតផុតពូជជាច្រើន។
ទោះជាយ៉ាងណា មន្ត្រីបានបញ្ជាក់ថា ដែនជម្រកនេះនៅតែប្រឈមមុខនឹងការគំរាមកំហែងមួយចំនួន ដូចជា ការចាប់យកដីខុសច្បាប់តាមដងទន្លេសេកុង ការពង្រីកដីស្រែ ការកាប់រុករានដីព្រៃ និងការបរបាញ់សត្វព្រៃ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមមន្ត្រីឧទ្យានុរក្សបានពង្រឹងការចុះល្បាតដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថ និងដៃគូអភិរក្សផ្សេងៗ។ ក្នុងឆ្នាំ២០២៥ ការចុះល្បាតសរុបមានចំនួន ៦៨លើក ស្មើនឹង ២៤៣ថ្ងៃ។
អ្នកអភិរក្សបានបញ្ជាក់ថា ការរស់រានមានជីវិតរបស់សត្វស្លាបកម្រ នៅដែនជម្រកសៀមប៉ាង នឹងពឹងផ្អែកលើការពង្រឹងការការពារបន្ត និងការអភិវឌ្ឍដែលដាក់អាទិភាពលើការរក្សាទុកជីវចម្រុះជាមូលដ្ឋាន៕




