លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានជួបពិភាក្សាការងារជាមួយប្រតិភូអង្គការអេហ្វអេកកម្ពុជា (FH Cambodia) ដឹកនាំដោយ លោក Mark Viso អគ្គនាយករបស់អង្គការនេះប្រចាំសហរដ្ឋអាមេរិក និងលោកស្រី ពិន ទិត្យវាសនា នាយិកាប្រចាំប្រទេសនៃអង្គការ FH Cambodia ដោយផ្តោតទៅលើ «ការលើកកម្ពស់ការអប់រំសម្រាប់កុមារនៅក្នុងតំបន់គោលដៅ» ជាពិសេសតំបន់ដាច់ស្រយាល ដែលអង្គការបានដំណើរការកម្មវិធីសិក្សាច្រើនឆ្នាំកន្លងមក។
សម្រាប់ការពិភាក្សាការងារ ដែលធ្វើនៅទីស្នាក់ការក្រសួងអប់រំ កាលពីថ្ងៃទី ១៦ ខែមីនានេះ តំណាងអង្គការ FH Cambodia បានថ្លែងអំណរគុណដល់ក្រសួងអប់រំ ចំពោះការផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់នូវរាល់គម្រោងពាក់ព័ន្ធនឹងវិស័យអប់រំរបស់ FH Cambodia (Food for the Hungry) និងបានគូសបញ្ជាក់ពីបេសកកម្មរបស់អង្គការ ដែលបាននិងកំពុងប្រតិបត្តិការនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ ដែលមានក្រុង/ស្រុកចំនួន៥ ដូចជា ស្រុកពួក ចុងកាល់ ត្រពាំងប្រាសាទ បន្ទាយអំពិល និងក្រុងសំរោង ដែលគាំទ្រសាលារៀនគោលដៅចំនួន២៣២សាលា។
នៅក្នុងដំណើរការសិក្សាអប់រំនេះ អង្គការបានសហការជាមួយមន្ទីរអប់រំខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ លើគម្រោងចំនួន២ ទី១ បណ្ណាល័យឌីជីថល (Digital Libraries) ដោយបានបង្កើតនិងជួសជុលបណ្ណាល័យតាមសាលារៀនគោលដៅ ដោយបញ្ចូលបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសិស្សអាចស្វែងរកឯកសាររៀនសូត្របានសម្បូរបែប។
ចំណែកទី២ កម្មវិធីអានដំបូង (Early Grade Reading) ដោយបានគាំទ្រដល់គ្រូបង្រៀនក្នុងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យសិស្សថ្នាក់ទី១ ដល់ទី៣ ឆាប់ចេះអាន និងសរសេរ។បន្ថែមពីនេះ អង្គការបានរៀបចំវគ្គបណ្តុះបណ្តាលសហការគ្នាជាមួយមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើការគ្រប់គ្រងសាលារៀន និងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀន ដើម្បីឱ្យសាលារៀនមានភាពម្ចាស់ការក្នុងការដឹកនាំ។
ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន បានកោតសរសើរ និងអំណរគុណដល់ FH Cambodia ចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជាជាច្រើនឆ្នាំមកនេះ និងបានលើកឡើងពីវឌ្ឍនភាពនៃការអប់រំកុមារតូច ដោយគូសរំលេចពីសារៈសំខាន់នៃការពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងចាប់ពីកម្រិតបឋមសិក្សា តាមរយៈការបន្តអនុវត្តកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង ការបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូ ការអនុវត្តស្តង់ដាសាលារៀនគំរូ និងជំរុញការចូលរួមគាំទ្រពីសំណាក់សហគមន៍ មាតាបិតា និងអាណាព្យាបាល។
លោកបានបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ FH Cambodia បានផ្តោតលើការលើកកម្ពស់គុណភាពអប់រំនៅតាមតំបន់ដាច់ស្រយាល និងការឆ្លើយតបទៅនឹងស្ថានភាពអាសន្ន តាមរយៈគម្រោងការអប់រំក្នុងស្ថានភាពអាសន្ន (Education in Emergencies), ការលើកកម្ពស់អក្ខរកម្ម និងបណ្ណាល័យ (Literacy & Library Support), អាហារូបត្ថម្ភ និងសុខភាពក្នុងសាលារៀន និងការកសាងសមត្ថភាពមន្ត្រីអប់រំ និងគ្រូបង្រៀន»។
ជាមួយគ្នានេះ តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ FH Cambodia ដោយបានបង្កើតសមិទ្ធផល និងវឌ្ឍនភាពជាច្រើន ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា៖ «ការកាត់បន្ថយអត្រាបោះបង់ការសិក្សា និងជំរុញបាននូវកំណើនអត្រាចុះឈ្មោះចូលរៀននូវគ្រប់កម្រិត សម្រាប់កុមារនៅក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តគោលដៅ បានរំលេចថា FH Cambodia គឺពិតជាដៃគូយុទ្ធសាស្ត្រមួយ ដែលតែងតែផ្តល់ការគាំទ្រភ្លាមៗដល់ក្រសួងអប់រំ យុវជន និងកីឡា ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យផ្តល់ការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន»៕

