ភ្នំពេញៈ មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា) ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី ត្រូវបានបើកសម្ពោធជាផ្លូវការ
នាថ្ងៃទី១៦ ខែមីនា ដើម្បីអភិវឌ្ឍស្តង់ដាជំនាញ និងពង្រឹងការត្រៀមខ្លួនចូលក្នុងវិស័យការងារផ្នែកយានយន្តសម្រាប់យុវជនកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីសម្ពោធនេះនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)។ លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងក្នុងឱកាសនោះថា ការបង្កើត និងបើកឱ្យដំណើរជាផ្លូវការ នូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia–ACEC) គឺមិនត្រឹមតែជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលីប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃភាពជាដៃគូ ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នាចំពោះការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិត។ ការណ៍នេះស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមចក្ខុវិស័យដ៏មុតស្រួច និងវែងឆ្ងាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដូចដែលលោកបានរំលឹកឡើងវិញថ្មីៗនាពេលនេះ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ថា “ប្រជាជន គឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់កម្ពុជា”។
រដ្ឋមន្រ្តីបានបញ្ជាក់ថា៖« អេស ខេមបូឌា នឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ហើយមានគោលបំណងលើកកម្ពស់ស្តង់ដា ពង្រឹងការត្រៀមខ្លួនចូលធ្វើការ និងណែនាំវិធីសាស្ត្រ “រៀនផង ធ្វើការផង” ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី»។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន ៥ ដូចជា៖ (១) ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី, (២) នវានុវត្តន៍ និងគម្រោងសាកល្បង, (៣) ការបំប្លែងឌីជីថលក្នុង TVET, (៤) ការសម្របសម្រួលគោលនយោបាយ និង(៥) ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។
តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់ BKI និងបច្ចេកវិទ្យាឧស្សាហកម្មទំនើបរបស់ ក្រុមហ៊ុន RMA Cambodia មិនត្រឹមតែបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតមជ្ឈមណ្ឌលគំរូសម្រាប់នវានុវត្តន៍ក្នុងការវិភាគវិនិច្ឆ័យ យានយន្តអគ្គិសនី និងសុវត្ថិភាព ហើយក៏ធានាថា សិស្សបញ្ចប់ការសិក្សាមានភាពត្រៀមខ្លួនសម្រាប់ការងារតាំងពីថ្ងៃដំបូង។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តាមរយៈផ្លែផ្កានៃកិច្ចសហការនេះ កម្ពុជា និងអូស្រ្តាលីនឹងរួមគ្នាបង្កើតប្រព័ន្ធ TVET ជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្មជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជាជាមួយនឹងទំនុកចិត្តដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។
លោកស្រី Bridget Collier បានចាត់ទុកមជ្ឈមណ្ឌលនេះ គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពមនុស្ស ខណៈពេលដែលកម្ពុជាកំពុងបន្តរីកចម្រើន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់ជាងមុន ហើយតម្រូវការកម្លាំងពលកម្មជំនាញ ក៏ក្លាយជាកត្តាស្នូលកាន់តែសំខាន់សម្រាប់ការសម្រេចបំណងអភិវឌ្ឍរបស់ខ្លួន។
លោកស្រី Sharan Burrow ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងលោក វ៉ាន់ វិចិត្រ ដេវីត នាយកមជ្ឈមណ្ឌល អេស ខេមបូឌា សុទ្ធតែបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃភាពជាដៃគូនៃកិច្ចសន្ទនា ដែលនាំឱ្យមានសមិទ្ធផលនេះ។ អូស្រ្តាលីពិតជាមានមោទនភាពដែលបានរួមចំណែកបង្កើតឡើងដែលនឹងគាំទ្រដល់សិស្សរាប់ពាន់នាក់នៅក្នុងឆ្នាំខាងមុខ ក្នុងការកសាងជំនាញ ពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្ត និងវិស័យផលិតកម្មកម្ពុជា។
នាឱកាសនោះដែរ លោករដ្ឋមន្រ្តី ហេង សួរ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោកស្រី Bridget COLLIER, លោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, ក្រុមហ៊ុន RMA Cambodia, មូលនិធិអភិវឌ្ឍជំនាញ និងដៃគូដទៃទៀត ចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការវិនិយោគលើគំរូភាពជាដៃគូរដ្ឋ-ឯកជន នេះឡើង (PPP) ដែលជួយបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕



