កាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន ត្រូវ​បានដាក់​ឱ្យដំណើរការ ដើម្បី​បង្កើនសន្ទុះ​យុទ្ធនាការទេសចរណ៍​នៅកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន ត្រូវ​បានដាក់​ឱ្យដំណើរការ ដើម្បី​បង្កើនសន្ទុះ​យុទ្ធនាការទេសចរណ៍​នៅកម្ពុជា

 សេវាកម្ម​ទូទាត់​ប្រាក់​ឆ្លង​ដែន និង «កាត​ឥណពន្ធទេសចរណ៍​កម្ពុជា-ចិន» ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​​ការជាផ្លូវការ​​ហើយ ហើយ​កាត​ឥណពន្ធ​នេះ បាន​ក្លាយ​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកប​ដោយ​នវានុវត្តន៍ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ភ្ញៀវទេសចរ​កម្ពុជា ចិន និង​អន្តរជាតិ​មក​ទេសចរនៅ​កម្ពុជា ហើយវា​ក៏ជាយន្តការ​ថ្មី​ជួយ​បង្កើន​សន្ទុះ​យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។


ពិធីដាក់​ឱ្យ​ដំណើរការ សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និង​កាត​ឥណពន្ធទេសចរណ៍កម្ពុជា-ចិន ដែល​រៀបចំ​ឡើង​ដោយ​ធនាគារ Bank of China សាខាភ្នំពេញ​នេះ ត្រូវបាន​ធ្វើ​ឡើង នៅសណ្ឋាគារ Raffles Hotel Le Royal កាលពី​ថ្ងៃទី ១៨ ខែមីនា ​​ក្រោម​អធិបតី លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​រួមជាមួយ​លោកស្រី Zhong Jie អគ្គទីប្រឹក្សា ការិយាល័យ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អម​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា លោក Sun Yu នាយក​ប្រតិបត្តិ​នៃ​ធនាគារ Bank of China សាខាហុងកុង និង​លោក អ៊ុក សារ៉ាត់ តំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា។


ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់ «សេវា​ទូទាត់​ឆ្លង​ដែន និងកាត​ឥណពន្ធទេសចរណ៍​កម្ពុជា-ចិន» នេះ មិនត្រឹម​តែ​ជំរុញ​ការ​ទូទាត់​ដោយ​ពុំ​ប្រើ​សាច់​ប្រាក់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំង​ចូលរួម​ចំណែក​ធ្វើ​ទំនើបកម្ម និង​លើក​កម្ពស់​គុណភាព​សេវាកម្មទេសចរណ៍​តាម​បែប​ឌីជីថល និង​ឱ្យ​កាន់​តែ​សម្បូរ​បែប​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ភ្ញៀវទេសចរ​ចិន និង​អន្តរជាតិ​ជំរុញកំណើន​ភ្ញៀវទេសចរ​ចិន និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែច្រើន ព្រម​ទាំង​ផ្តល់​នូវ​កាលានុវត្តភាព​វិនិយោគ​កាន់​តែ​ច្រើន។


លោក ហួត ហាក់ បាន​កោតសរសើរ និង​វាយ​តម្លៃខ្ពស់​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ដ៏ល្អ​ក្នុង​ការ​បង្កើតឱ្យ​មានបណ្ណ​ឬកាត​ឥណពន្ធ​ទេសចរណ៍កម្ពុជា-ចិននេះ ដែលផ្តល់​នូវ​ភាព​កាន់​តែ​ងាយ​ស្រួល​ដល់ភ្ញៀវទេសចរ ឬ អ្នក​ធ្វើ​ដំណើរ​ចិន ឬ អន្តរជាតិ​ដែល​អញ្ជើញ​មក​ដល់​កម្ពុជា អាច​ធ្វើការ​ទូទាត់​ប្រាក់ឆ្លង​ប្រទេស​តាម​ប្រព័ន្ធ QR ជា​ធម្មតា។


លោក​បញ្ជាក់ថា៖ «ការ​ផ្តល់​សេវាកម្ម​នេះ ជា​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត និង​គួរ​ជាទីមោទនៈ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ចិន លើការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​លើ​ផ្នែក​ទេសចរណ៍ ហរិញ្ញវត្ថុ និង​ប្រព័ន្ធទូទាត់​ឆ្លង​ប្រទេស ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ «ត្បូងពេជ្រ» ដែល​ឈរ​លើ​គោលការណ៍ឈ្នះ-ឈ្នះ និង​ការ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​អាទិភាព ដែល​មាន​គោលដៅរួម គឺ​ការកសាង «សហគមន៍​ជោគវាសនា​រួម​កម្ពុជា-ចិន» គ្រប់​រដូវ​កាល ក្នុង​យុគ​សម័យថ្មី ប្រកប​ដោយគុណភាព​ខ្ពស់ កម្រិត​ខ្ពស់ ស្តង់ដា​ខ្ពស់ និង​ជា​យន្តការ​ថ្មី​ជួយ​បង្កើន​សន្ទុះ​យុទ្ធនាការ​ឆ្នាំទេសចរណ៍​កម្ពុជា-ចិន»។


ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី បានអរ​គុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ និង​បន្ត​ឥត​ឈប់​ឈររបស់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា និង​ធនាគារចិន​សាខាភ្នំពេញ ជាដៃគូ​សហប្រតិបត្តិការ​ដ៏​សំខាន់មួយ​របស់​ក្រសួងទេសចរណ៍ ក្នុង​ការ​ជួយ​អភិវឌ្ឍវិស័យ​ទេសចរណ៍​កម្ពុជា និង​កំណើន​ភ្ញៀវទេសចរ​ចិន និង​អន្តរជាតិ​មក​កាន់​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌ​នៃ​យុទ្ធនាការ «ឆ្នាំ​ទេសចរណ៍កម្ពុជា-ចិន»។


លោក ហួត ហាក់ ​បាន​បញ្ជាក់​ជូន​ដល់​អង្គ​ពិធី និង​ភ្ញៀវទេសចរ​ចិន និង​អន្តរជាតិ​ ថា៖ «ការ​ធានាផ្តល់​ជូន​នូវ​សុខ​សុវត្ថិភាព និង​សន្តិសុខ​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ និង​ធុរជន​បរទេស ដែល​កំពុងស្នាក់​នៅ ទស្សនា និង​ធ្វើ​ដំណើរ​នៅ​កម្ពុជា គឺ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ និង​ឈ្លាសវៃរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​ដែល​ជា​អ្នក​ដឹកនាំ​បន្ត​វេនពី​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្រ្តី និងបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា»៕


Post a Comment (0)
Previous Post Next Post