ព័ត៌មានជាតិ
កាលបរិច្ឆេទផ្សាយ:
២៧ មីនា ២០២៦ | ១២:៣០
អ្នកយកព័ត៌មាន:
ឈន ណន
ប្រធានបទផ្សេងៗ
លោក ហែម វណ្ណឌី ពេលបង្ហាញពីប្លង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ដល់លោក ហ៊ុន ម៉ាណែត និភាគីជប៉ុន កាលពីថ្ងៃទី ២៦ ខែមីនា។ រូបថត STPM
ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌនៅទូទាំងប្រទេសកម្ពុជា បានកើនឡើង ៨០ភាគរយ គឺពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥ ហើយចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួង បានកើនឡើងទ្វេដងពី ៧៨១.៩០៨ គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ១.៥៧១.៩៧៦ គ្រួសារ ក្នុងឆ្នាំ២០២៥។
នេះជាតួលេខបង្ហាញដោយលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមីនា ដែលជាជំនួសរបស់ភាគីជប៉ុន។
លោក ហែម វណ្ណឌី បានឱ្យដឹងថា វិស័យទឹកស្អាត បានទទួលការគាំទ្រជាជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាបន្តបន្ទាប់ ដើម្បីរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្ដល់សេវាប្រកបដោយនិរន្តរភាព និងគុណភាព សម្រាប់ប្រជាជន និងតំបន់រោងចក្រ សហគ្រាសអាជីវកម្ម នៅតាមបណ្តារាជធានី-ខេត្តនានា។
ទន្ទឹមនឹងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ និងការងារទឹកស្អាត ព្រមទាំងបាននឹងកំពុងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់វិស័យទឹកស្អាត។
យ៉ាងណាក៏ដោយ លោក ហែម វណ្ណឌី បានអះអាងថា ទោះបីជាមានវឌ្ឍនភាព និងសម្រេចបានសមិទ្ធផលការងារជាវិជ្ជមានយ៉ាងណាក្តី តែការទទួលបានសេវាទឹកស្អាតតាមប្រព័ន្ធបណ្ដាញទូទាំងប្រទេស នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការ និងកំណើនប្រជាជន, សន្ទុះនៃកំណើននគរូបនីយកម្ម និងការរីកលូតលាស់នៃឧស្សាហកម្មនៅឡើយទេ។ តួយ៉ាង ចំនួនតំណទឹកស្អាត សរុបមានចំនួន ១.៥៧១.៩៧៦ តំណ ឬ ប្រមាណ ៤២% នៃចំនួនគ្រួសារសរុបទូទាំងប្រទេស។
ជាមួយគ្នានោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជាបន្តបន្ទាប់ ដើម្បីដោះស្រាយ នូវតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ក៏ដូចជាកំណើនសកម្មភាពសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦។ រូបថត STPM
លោក ហែម វណ្ណឌី បញ្ជាក់ថា៖ «ក្រសួង បានផ្ដល់អាទិភាពវិនិយោគ ទៅតំបន់ដែលនៅសេសសល់ក្នុងដែនសេវារបស់រដ្ឋាករទឹក សំដៅពង្រីកសមត្ថភាពផ្គត់ផ្គង់ឱ្យបានពេញលេញ ដើម្បីលើកកម្ពស់តួនាទីជាយុទ្ធសាស្រ្ត និងការចូលរួមរបស់រដ្ឋ ហើយអាទិភាពត្រូវបានផ្តល់ជូនតំបន់ដែលមានសក្ដានុពល និងមានតម្រូវការប្រើប្រាស់ទឹកខ្លាំង ជាពិសេសតំបន់ឧស្សាហកម្ម តំបន់កសិ-ឧស្សាហកម្ម និងតំបន់ដែលពុំមានប្រភពទឹកគ្រប់គ្រាន់ ដូចជា ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តព្រះសីហនុ»។
ចំណែកតំបន់ដែលមានសក្ដានុពលអាចក្លាយទៅជាតំបន់កសិ-ឧស្សាហកម្ម និងតំបន់ឧស្សាហកម្មដទៃទៀត ក៏ក្រសួងឧស្សាហកម្ម បានផ្ដល់អាទិភាពវិនិយោគផងដែរ ដើម្បីធានាថា នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានសាងសង់រួចរាល់ និងអាចដំណើរការបាន គឺអង្គភាពរដ្ឋាករទឹកនឹងមានលទ្ធភាពក្នុងការទទួលបានចំណូលបន្ថែម និងអាចពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការវិនិយោគបន្ដ និងជួយយឹតយោងដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្ដានុពល។
ចំណែកលោក ហ៊ុន ម៉ាណែត បានអះអាងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង ដែលទើបបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី ២៦ ខែមីនានេះ ថា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន សំដៅចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តស្វាយរៀង។
ចំពោះគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ មានស្វាយរៀង កំពង់ធំ មណ្ឌលគិរី ពោធិ៍សាត់ និងខេត្តកំពត គឺលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបំពេញតម្រូវការជាសារវន្ដនៃការអភិវឌ្ឍវិស័យឧស្សាកម្ម និងសិប្បកម្ម នៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេលបច្ចុប្បន្ន និងអនាគត ហើយក្នុងនោះរាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច» ព្រមទាំងបន្តលើកកម្ពស់ អភិបាលកិច្ច ការថែទាំ និងការប្រើប្រាស់ក្នុងវិស័យទឹកស្អាត»៕


