ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ ការបម្លែងអាកាសយានដ្ឋានភ្នំពេញចាស់ឱ្យក្លាយទៅជាទីក្រុងអេប៉ុង» បានទៅលើក្រុម «ស្ថាបត្យកម្មបណ្ណាល័យហ្លួងម៉ែ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោយការវាយយ៉ាងសម្រិតសម្រាងដោយគណៈកម្មការវាយតម្លៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងចំណោមជ័យលាភីបីក្រុមចុងក្រោយពីលេខ១ដល់លេខ៣ ដែលគណៈកម្មាធិការដាក់ពិន្ទុក្នុងការប្រកួតប្រជែងប្រកាសថ្ងៃទី៩ មីនា គឺមានលេខ១ស្ទួនពីរក្រុម ហើយក្នុងចំណោមនោះមានក្រុម «ស្ថាបត្យកម្មបណ្ណាល័យហ្លួងម៉ែ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្រុមការងារបានជ្រើសរើសគម្រោង «ការផ្លាស់ប្តូរទីតាំងប្រវត្តិសាស្ត្រដ៏រឹងមាំមួយរបស់កម្ពុជា តាមរយៈវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបៃតង» ដើម្បីចូលរួមប្រកួតប្រជែង។
ក្រោយត្រូវបានប្រកាសបិទដំណើរការកាលពីឆ្នាំមុន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានរដ្ឋាភិបាលទុកធ្វើជាសួនច្បារទីក្រុងអេប៉ុង និងសម្រាប់ផលប្រយោជន៍សាធារណៈផ្សេងទៀត។
បន្ទាប់មក គំនិតផ្ដួចផ្ដើមកែប្រែទីតាំងនេះ ត្រូវបានដាក់ឲ្យមានការប្រកួតប្រជែង ដែលមានបេក្ខភាព២៥០ក្រុម ដែលមានស្ថាបត្យករវ័យក្មេងចំនួន៨៥០រូបបានចូលរួម។ ពួកគេត្រូវឆ្លងកាត់ការជម្រុះ៣វគ្គ គឺវគ្គ៤៥ក្រុម និងវគ្គ១០ក្រុម ហើយលទ្ធផលចុងក្រោយត្រូវបានប្រកាសនៅថ្ងៃទី៩ ខែមីនា។
រូបឯកសារ៖ យន្តហោះនៅព្រលានយន្តហោះពោធិ៍ចិនតុង។ មជ្ឈមណ្ឌលឯកសារកម្ពុជា
គម្រោងសួនច្បារទីក្រុងអេប៉ុង គឺជាការអនុវត្តគោលការណ៍ស្នូលនៃការរចនាទីក្រុងដែលងាយរងគ្រោះដោយជំនន់ទឹកភ្លៀង។ គម្រោងនេះគឺជាការស្រូបយក រក្សាទុក ត្រង និងបញ្ចេញទឹកភ្លៀងដោយធម្មជាតិ។ ដូច្នេះ អតីតអាកាសយានដ្ឋាននឹងក្លាយជាផ្លូវដើរដែលអាចជ្រាបទឹកបាន ដោយមានច្រករបៀងបៃតង ដែលទឹកភ្លៀងជ្រាបចូលតាមរយៈផ្លូវជីវសាស្រ្ត សួនច្បារទឹកភ្លៀង និងផ្លូវក្រាលកៅស៊ូ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
ផ្នែកដ៏ធំនៃបរិវេណអាកាសយានដ្ឋាននឹងត្រូវបានផ្លាស់ប្តូរទៅជាតំបន់សើម បឹងស្តុកទឹក និងតំបន់ទំនាបលិចទឹកដែលអាចកាត់បន្ថយទឹកភ្លៀង ខណៈពេលដែលតំបន់នេះគាំទ្រដល់ជីវចម្រុះ និងសត្វព្រៃដែរ។ គម្រោងនេះ នឹងបង្កើនជីវចម្រុះដល់ទីក្រុង និងកែលម្អបញ្ហាបរិស្ថាន និងសង្គម ដូចជា ការកាត់បន្ថយកម្រិតនៃការបំពុលបរិស្ថាន និងការបង្កើតកន្លែងកម្សាន្ត និងលើកទឹកចិត្តដល់ការផ្លាស់ប្តូររវាងមនុស្សជំនាន់មុនទៅកាន់មនុស្សជំនាន់ក្រោយ។
យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ការរចនាឡើងវិញសម្រាប់ព្រលានយន្តហោះពោធិ៍ចិនតុង ផ្ដោតលើប្រជាជន ដែលនឹងកំណត់ស្តង់ដារសម្រាប់គម្រោងអភិវឌ្ឍន៍នាពេលអនាគត ដែលរួមមានការកាត់បន្ថយកំដៅទីក្រុង បើកកន្លែងសាធារណៈ កន្លែងកម្សាន្ត ទីលានកីឡា និងសួនច្បារវប្បធម៌សម្រាប់ការប្រើប្រាស់ជាសាធារណៈពេញមួយឆ្នាំ។
គម្រោងនេះនឹងជួយបំពេញតម្រូវការនៃការអភិវឌ្ឍន៍ទីក្រុងនាពេលអនាគតប្រកបដោយចីរភាព ជាមួយនឹងសារសំខាន់នៃភាពធន់នឹងអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងបេតិកភណ្ឌពិសិដ្ឋរបស់ប្រទេសកម្ពុជា។
ទិដ្ឋភាពព្រលានយន្តហោះពោធិ៍ចិនតុងកាលពីអតីតកាល។ ជម្ឈមណ្ឌលឯកសារកម្ពុជា
យោងតាមការរចនាស្ថាបត្យកម្មពីក្រុមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគម្រោងនេះមានរួមបញ្ចូលអគារប្រវត្តិសាស្រ្ត ព្រះរាជបណ្ណាល័យ ហ្លួងម៉ែ, ទីតាំងរំឭកវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ, សាលពិព័រណ៍រូបថតមេដឹកនាំពិភពលោកដែលបានធ្វើដំណើរមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង និងមជ្ឈមណ្ឌលភស្តុភារកម្ម។
ក្រុម «ស្ថាបត្យកម្មបណ្ណាល័យហ្លួងម៉ែ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលទទួលបានជ័យលាភីលេខ១ នឹងធ្វើបទបង្ហាញនៅក្រសួងដែនដី នរគរូបនីយកម្ម និងសំណង់ បន្តទៀត៕



