ក្រុមហ៊ុន VINCI Group ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅ​ដល់​ពិភពលោក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុមហ៊ុន VINCI Group ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅ​ដល់​ពិភពលោក

 ក្រុមហ៊ុន VINCI Group ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ឈាន​មុខ​គេ​ក្នុង​ការ​គ្រប់គ្រង និងដំណើរ​ការ​អាកាស​យាន​ដ្ឋាន​ធំៗ បាន​ប្ដេជ្ញា​បន្ត​កិច្ចសហការ​ផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍​កម្ពុជា​ទៅ​ដល់​ពិភព​លោក។


ការ​ប្តេជ្ញា​បន្ត​កិច្ច​សហការ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សាការងារ​រវាង​​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក Emmanuel MENANTEAU សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន VINCI Airport និង​ជា​នាយក​ទទួល​បន្ទុក​តំបន់​សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និង​ខាង​កើត និងអាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុម​ហ៊ុន Société Concessionnaire de l’Aéroport (SCA) នៅទីស្តីការ​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី ១០ ខែមីនា។


នៅ​ក្នុង​ជំនួប​កិច្ចពិភាក្សា​នេះ តំណាងក្រុមហ៊ុន VINCI Group បាន​ជម្រាប​អំពី​សមាសភាព​ថ្នាក់​ដឹក​នាំថ្មី​របស់ក្រុមហ៊ុន និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​សកម្មភាព​ចុង​ក្រោយ​នៃ​អាកាសយានដ្ឋាន​នៅ​​ខេត្ត​ព្រះសីហនុ និង​វឌ្ឍនភាព​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ របស់​ប្រទេស​កម្ពុជា។


ជាមួយគ្នា​នោះ ​ភាគី​ទាំង​​២ ​​ក៏​បាន​​ផ្លាស់ប្តូរ​យោបល់ និង​​​ពិភាក្សា​អំពី​ទស្សន​វិស័យ​វិស័យ​ទេសចរណ៍ និង​វិស័យសក្តានុពល សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងទេសចរណ៍ ក្រុម​ប្រឹក្សា​ភិបាល​ទេសចរណ៍​​កម្ពុជា (CTB) និង​ក្រុម​ហ៊ុន VINCI Group ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាពផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍​កម្ពុជា និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​​កម្ពុជាបន្ថែម​ទៀត។


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បាន​កោត​សរសើរ វាយ​តម្លៃ​ខ្ពស់ និង​ថ្លែងអំណរ​គុណ​ចំពោះ​ក្រុមហ៊ុន VINCI Airport ដែល​ជាបុត្រសម្ព័ន្ធ​របស់ក្រុម​ហ៊ុន VINCI Group ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។


បន្ថែម​លើនេះ លោក ហួត ហាក់ បានបញ្ជាក់ពីសារៈសំខាន់នៃ «ការពង្រឹងកិច្ចសហការរវាង​វិស័យ​អាកាសចរណ៍ និង​វិស័យ​ទេសចរណ៍ ក្នុង​ការ​​លើក​​កម្ពស់​​ការ​​តភ្ជាប់​​អន្តរ​ជាតិ និង​​ការអភិវឌ្ឍ​វិស័យ​​ទេសចរណ៍​​ឱ្យ​​កាន់​​តែ​​មាន​​ចីរភាព និង​​ប្រកួត​​ប្រជែង​​នៅ​​ក្នុង​​តំបន់ និង​​លើ​​ឆាក​​អន្តរជាតិ​​ផងដែរ»។


តាមរយៈ​កិច្ចជំនួប​ដ៏​សំខាន់ និង​ប្រកប​ដោយ​ផ្លែផ្កា​នេះ ភាគី​ទាំង​​២ បាន​ឯកភាព​បន្ត​សហការ​រៀបចំ​​ផែនការ​​សកម្មភាព​​ផ្សព្វផ្សាយ​​សក្តានុពល​ទេសចរណ៍​​កម្ពុជា និង​​ពង្រឹង​​ការ​​តភ្ជាប់​​ផ្លូវអាកាស ដើម្បី​ទាក់​ទាញ​​ភ្ញៀវទេសចរ​​អន្តរជាតិ​​មក​កាន់​​កម្ពុជា​កាន់​តែ​ច្រើន។


តាម​របាយការណ៍​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល បាន​បង្ហាញថា ក្នុង​ឆ្នាំ២០២៥ ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មាន​ចំនួន ៦,៩៩ លាន​នាក់ កើន​ឡើង ១២% និង​ទំនិញដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ៩៣ ៨៨៩តោន កើន ២១%។ គិត​មក​ដល់​ពេល​នេះ កម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣៦ កំពុង​ធ្វើ​ប្រតិបត្តិការ ដោយ​ក្រុម​ហ៊ុន​ជាតិ​ចំនួន ៤ និង​ក្រុម​ហ៊ុនអន្តរជាតិ ៣២ ហើយ​ការ​ហោះហើរ​របស់​កម្ពុជា ត្រូវ​បាន​តភ្ជាប់​ទៅ​កាន់ ១៨ ប្រទេស និង ៤៦ទីក្រុង៕


Post a Comment (0)
Previous Post Next Post