ជនបរទេស ដែលបានលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ ចំនួន៦១៥នាក់ មកពី១៧សញ្ជាតិ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី១ ដល់៤ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គ្ឋានបញ្ជាត បានថ្លាសន៍បតី ហ៊នាវានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៦១៥នាក់ (ស្រី ៨៤នាក់) ដោយអនុវត្តទៅតាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ចំពោះជនបរទេសទាំង ៦១៥នាក់ ដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជានេះ មាន ១៧សញ្ជាតិ រួមមានចិន ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន ឥណ្ឌូនេស៊ី ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា នីហ្សេរីយ៉ា ម៉ាឡេស៊ី ហ្គាណា ថៃ កូរ៉េ រវ៉ាន់ដា និងនេប៉ាល់។
នៅក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះ គឺមានជនជាតិចិនចំនួន ៣៣០នាក់ ស្រី ១២នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមថា ចំណាត់ការនេះត្រូវធ្វើឡើង «ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ»។
ជុំវិញសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនាថា រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់នូវគោនយោបាយជាតិ ពីការទប់ស្កាត់ឱ្យក្លាយទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹម ខែមេសា ឆ្នាំ២០២៦ ។
លោក ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃពុធនោះថា៖ «ស្របតាមការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិ ការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ២០២៦ ដើម្បីពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុច្ចរិតភាព ក្នុងបរិយាកាសវិនិយោគ»៕

