ប្រធានរដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភា និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្ម
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រធានរដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភា និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្ម

 លោក​ស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា បានស្នើ​រដ្ឋ​សភា​ហុងគ្រី ​តាម​រយៈ​លោក ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃ​រដ្ឋ​សភាហុងគ្រី ឱ្យ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំង​២ និង​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្មបន្ថែម​ទៀត។


សំណើ​នេះ ​បាន​​ធ្វើ​​ឡើង ក្នុង​ពេល​​លោកស្រី បាន​អនុញ្ញាត​​ឱ្យ​លោក ​ជីយ៉ចជី ស៊ូច និងសហការី ចូល​ជួប​សម្តែងការ​គួរ​សម និង​ពិភាក្សា​ការងារ កាល​​ពី​ថ្ងៃទី ១០ ខែមីនា​នេះ គឺ​ក្នុងឱកាសដែល​លោក ​បាន​ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។


          ដំណើរ​ទស្សនកិច្ច​នេះ មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភាប្រទេស​ទាំង​​២​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឱកាស​​ដែល​កម្ពុជា និង​ហុងគ្រី ពិនិត្យ​លើ​សក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ថែម​ទៀត ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​ទាំង​សង​ខាង ដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យា និង​ទេសចរណ៍​​ជា​ដើម។


លោកស្រី ឃួន សុដារី បាន​ចាត់ទុកដំណើរទស្សនកិច្ច​របស់​លោក ជីយ៉ចជី ស៊ូច ថា ជាជំហាន​ថ្មី​មួយ​ទៀត ដែល​បង្ហាញ​ពី​លទ្ធផល​ជាក់ស្តែង នៃ​ការ​អនុវត្ត​ដោយ​ប្រសិទ្ធភាព​នូវ​អនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង​រវាង​រដ្ឋ​សភា​នៃ​ប្រទេសទាំង​២ ជាពិសេស រវាង​អគ្គលេខាធិការ​ដ្ឋាន​ទាំង​២ ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ និង​ស៊ី​ជម្រៅ​បន្ថែម​ទៀត។


ចំពោះ​ដំណើរទស្សនកិច្ចផ្លូវការ​របស់ថ្នាក់​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភាហុងគ្រី មកកាន់​កម្ពុជា​នេះ កើត​ចេញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធាន​រដ្ឋ​សភា​ក​ម្ពុជា ដែល​បានទៅ​​បំពេញ​ទស្សន​កិច្ច​ផ្លូវការ និង​មិត្តភាព នៅប្រទេសហុងគ្រី កាលពីខែតុលា ឆ្នាំ២០២៥ ដោយ​​ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋសភា​ប្រទេស​ទាំង​២ បាន​ចុះ MoU រវាងរដ្ឋ​សភា​កម្ពុជា និង​រដ្ឋសភា​ហុងគ្រី ទាំង​កម្រិត​រដ្ឋសភា និង​កម្រិត​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋ​សភា។


លោកស្រី ឃួន សុដារី បាន​លើក​ឡើង​ថា ហុងគ្រី គឺ​ជា​មិត្ត​ចាស់​របស់​កម្ពុជា ជាមិត្ត​ដែលមាន​ការ​យោគយល់ ជឿជាក់ គោរពគ្នា និងស្មោះត្រង់ ហើយ​​ទំនាក់​ទំនង​ការ​ទូត​ទ្វេភាគី​រវាងប្រទេស​កម្ពុជជា និង​​ហុងគ្រី បាន​ឈានដល់​ខួបទី​៧០​ឆ្នាំ ដែល​បាន​ឆ្លុះ​បញ្ចាំង​នូវ​ស្មារតី​នៃ​ចំណងមិត្តភាព​ដ៏​យូរ​អង្វែង ប្រកប​ដោយ​ភាព​ស្អិត​ល្មួត និង​កិច្ច​សហប្រតិបត្តិ​ការ​ដ៏ល្អ។ 


ប្រធានរដ្ឋសភាកម្ពុជា បាន​បញ្ជាក់ថា៖ «រដ្ឋសភាប្រទេសទំាង​២ បានឱ្យតម្លៃចំពោះសន្តិភាព ដោយ​សារ​សន្តិភាពជាតម្រូវការរបស់ពលរដ្ឋគ្រប់ជាតិសាសន៍ ហើយ​នៅក្នុង​បរិបទ​ស្មុគស្មាញ​របស់​ពិភពលោក​នេះ យើង​​ត្រូវ​នាំ​គ្នា​បញ្ចប់​សង្រ្គាម បើមិន​ដូច្នេះ​សង្រ្គាម​នឹង​បញ្ចប់​យើងទាំងអស់គ្នា»។ លោកស្រី​បន្ថែម​ថា សភាកម្ពុជា និងហុងគ្រី នឹង​បន្ត​ជំរុញ​គំនិត​ផ្តួច​ផ្តើម​នេះ​ឱ្យ​កាន់​​តែ​សកម្ម និង​ជាក់​ស្តែង។ 


ទន្ទឹម​នឹងនេះ លោកស្រី ឃួន សុដារី បាន​អរគុណ​ដល់​ប្រទេស​ហុងគ្រី ដែល​បាន​ផ្តួច​ផ្តើម​គំនិត​សហប្រតិបត្តិការ Danube–Mekong ដែល​មានសារៈ​សំខាន់​ដល់​ប្រជាពលរដ្ឋ​នៅ​ទ្វីបទាំង​២ ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ទន្លេ​ដ៏​ធំ និង​មាន​សក្តានុពល​ទាំង​ផ្នែក​សេដ្ឋកិច្ច កសិកម្ម និងវប្បធម៌ ហើយ​លោកស្រី​ បាន​ស្នើរដ្ឋាភិបាលហុងគ្រី ជួយគាំទ្រ​កម្ម​វិធី Software និងជំនាញ​ឯកទេស ដើម្បី​លើក​កម្ពស់​ស្ថាប័ន​រដ្ឋសភា​កម្ពុជា ទៅ​ជា​សភាឌីជីថល ដែល​បច្ចុប្បន្ន​នេះកំពុង​ដំណើរ​ការ​បាន​មួយ​ជំហាន​ធំ​រួច​មក​ហើយ។


លោកស្រី ឃួន សុដារី និង​លោក ​ជីយ៉ចជី ស៊ូច បាន​យល់​ស្របគ្នា​ថា ទំនាក់​ទំនង​​សភា ឬ​ការ​ទូតសភា ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​សភា​តំណាង​ឱ្យ​សំឡេង​របស់​ប្រជាពលរដ្ឋ ហើយ​ការពង្រឹងទំនាក់ទំនងនេះ នឹង​ជួយ​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ដែល​ជាមូលដ្ឋាន​គ្រឹះ ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​លើ​វិស័យ​សំខាន់ៗ​ដទៃ​ទៀត។ 


លោក ជីយ៉ចជី ស៊ូច បានគាំទ្រប្រសាសន៍ប្រធាន​រដ្ឋសភា​ក​ម្ពុជា និង​បាន​បង្ហាញ​ក្តី​សង្ឃឹមថា តាមរយៈដំណើរ​ទស្សន​កិច្ច​នេះ អគ្គលេខាធិការ​ដ្ឋាន​រដ្ឋ​សភា​ប្រទេសទាំង​​២ នឹង​សម្រេច​បានលទ្ធផល​ជា​ច្រើន ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំ​ង​​២ ក៏​ដូច​ជា​វិស័យ​ជា​ច្រើន​ទៀត ដូច​ជាពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ។


លោកស្រី ឃួន សុដារី ក៏បាន​អរគុណ​ដល់​ប្រទេស​ហុងគ្រី ដែល​បាន​ផ្តល់​អាហារូបករណ៍ដល់​និស្សិត​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក ហើយ​លោកស្រី បាន​ស្នើ​ប្រទេស​ហុងគ្រី ជួយ​បន្ថែម​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បាន​ទៅសិក្សា​នៅ​ប្រទេស​ហុងគ្រី​បន្ថែម​ទៀត និង​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ហុងគ្រី ដែល​បាន​យក​ចិត្តទុក​ដាក់​ចំពោះ​និស្សិត​កម្ពុជា ដូច​ជា​ប្រជាពលរដ្ឋ​ហុងគ្រី​ផង​ដែរ៕


Post a Comment (0)
Previous Post Next Post