ប្រទេសអេស្ប៉ាញបានបិទដែនអាកាសរបស់ខ្លួនមិនអនុញ្ញាតឲ្យយន្តហោះអាមេរិកដែលពាក់ព័ន្ធនឹងការវាយប្រហារទៅលើអ៊ីរ៉ង់ ចុះចតនោះទេ ដែលនេះគឺជាជំហានមួយទៀតបន្ថែមទៅលើការបដិសេធកាលពីពេលមុន។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិលោកស្រី ម៉ាហ្គារីតា រ៉ូប៊លស៍ បាននិយាយកាលពីថ្ងៃចន្ទទី៣០ មីនាម្សិលមិញ។
អេស្ប៉ាញធ្លាប់បានបដិសេធមិនឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធាដែលដំណើរការរួមគ្នាដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់ ម្ដងរួចហើយ។
រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ាឌ្រីដថា «អេស្ប៉ាញមិនអនុញ្ញាតឲ្យប្រើប្រាស់មិនថាមូលដ្ឋានយោធា ឬការប្រើប្រាស់ដែនអាកាសសម្រាប់សកម្មភាពដែលពាក់ព័ន្ធទៅនឹងសង្គ្រាមនៅអ៊ីរ៉ង់ឡើយ»។ នេះបើយោងតាមការចុះផ្សាយរបស់សារពត័មាន រ៉យទ័រ។
ការបិទដែនអាកាសនេះ បានបង្ខំឲ្យយន្តហោះយោធាអាមេរិកត្រូវបង្វែរទិសដោយមិនឆ្លងកាត់ប្រទេសអេស្ប៉ាញ ដែលជាសមាជិកណាតូ នៅពេលធ្វើដំណើរទៅកាន់គោលដៅនៅមជ្ឈិមបូព៌ា។ យ៉ាងណាក៏ដោយការបដិសេធនេះត្រូវបានលើកលែងសម្រាប់ស្ថានភាពបន្ទាន់ណាមួយ។ នេះបើយោងតាម ចុះផ្សាយរបស់សារពត័មានអេស្ប៉ាញ El Pais។
នៅពេលត្រូវសួរថា តើការសម្រេចចិត្តបិទដែនអាកាសរបស់អេស្ប៉ាញមិនឲ្យអាមេរិកប្រើប្រាស់ដើម្បីសង្គ្រាមនៅអ៊ីរ៉ង់ អាចធ្វើឲ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែអាក្រក់ទៅដែរឬទេ, លោក ឃឺប៉ូ មិនបានឆ្លើយពាក់ពន្ធទៅនឹងទំនាក់ទំនងទេ ប៉ុន្តែលោកបានឆ្លើយថា «ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃការសម្រេចចិត្តដែលរដ្ឋាភិបាលអេស្ប៉ាញ ដែលធ្លាប់បានធ្វើរួចហើយ គឺមិនឱ្យចូលរួម ឬពាក់ព័ន្ធក្នុងសង្គ្រាមមួយដែលត្រូវបានផ្តួចផ្តើមឡើងជាឯកតោភាគី ដែលវាប្រឆាំងទៅនឹងច្បាប់អន្តរជាតិ»។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ប៉េដ្រូ សាន់ឆេស គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកប្រឆាំងខ្លាំងបំផុតចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដោយលោកបានពិពណ៌នាថា វាជាសកម្មភាពខុសច្បាប់ និងជាការធ្វេសប្រហែស។
គួរឲ្យដឹងផងដែរថា ថ្មីៗនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ ដោយសារតែអេស្ប៉ាញបានបដិសេធមិនឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់អេស្ប៉ាញនៅក្នុងសង្គ្រាមមួយនេះ៕

