លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ពីសក្តានុពលរបស់កោះរ៉ុង ដោយលោកបានចាត់ទុកថា ជាដង្ហើមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ហើយជាទីកន្លែងដ៏អំណោយផល សម្រាប់អ្នកចូលនិវត្តន៍មកពីអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗ ដោយបានចាត់ទុក កោះរ៉ុង និងកម្ពុជា ជាផ្ទះ និងជាស្រុកកំណើតរបស់ពួកគាត់ផងដែរ។
លោក សាយ សំអាល់ បានលើកឡើងបែបនេះ នៅពេលលោកបានចុះទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអ្នករស់នៅកោះរ៉ុង ដោយផ្តោតលើ «ដំណើរនៃការអភិវឌ្ឍ និងរួមគ្នារៀបចំកោះរ៉ុង ជាដង្ហើមសេដ្ឋកិច្ចទ្រទ្រង់ខេត្តព្រះសីហនុឱ្យរស់រានមានជីវិត»។ លោកបានរំឭកពីប្រវត្តិរបស់កោះរ៉ុង ដែលពីមុនគ្រាន់តែភូមិនេសាទ តែបច្ចុប្បន្នត្រូវបានអភិវឌ្ឍឱ្យក្លាយជាក្រុងកោះរ៉ុង ដែលមានអំណោយផលខ្លាំងលើវិស័យទេសចរណ៍ធម្មជាតិ ជាពិសេសតំបន់ឆ្នេរស្អាត ជាច្រើនកន្លែងនៅលើកោះមួយនេះ។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងអ្នករស់នៅកោះរ៉ុង នាឱកាសនោះ លោក សាយ សំអាល់ បានបញ្ជាក់ថា កោះរ៉ុង ពីមុនមានមនុស្សរស់នៅមែន ប៉ុន្តែមិនមានហេដ្ឋារចនាសម្ព័ន្ធជាក្រុងនោះទេ ព្រោះវាជាភូមិនេសាទ អ៊ីចឹងយើងត្រូវទទួលស្គាល់ការពិតថា ពីមុនមក នៅទីនេះ អត់មានអីទេទាំងរចនាសម្ព័ន្ធរដ្ឋបាល ភូមិ ឃុំ និងក្រុង។
លោកបន្ថែមថា៖ «កាលណាយើងអត់មានអាហ្នឹងទេ យើងអត់មានទំនៀមទម្លាប់ប្រពៃណី ក្នុងការដឹកនាំនៅទីនេះឡើយ! ភូមិរបស់យើង ពីណាពីណីមក គឺយើងរស់នៅតជំនាន់អ៊ីចឹង តែសួរថា ឱ្យមានប្លង់ មានផ្លូវ គឺអត់ទេ។ ទឹកក៏អត់ ភ្លើងក៏អត់ ហេតុនេះយើងក៏បានឱ្យក្រុមហ៊ុនវិនិយោគនៅកោះរ៉ុង ព្រោះយើងចង់បានកន្លែងនេះ ឱ្យវាល្អ»។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «កោះរ៉ុង ជាដង្ហើមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ សម្រាប់ខ្ញុំ កន្លែងនេះជាពាងទឹក និងជាលុយ ប៉ុន្តែទន្ទឹមជាលុយរបស់យើង ក៏យើងត្រូវមានជីវិតរុងរឿងនៅទីនេះដែរសម្រាប់ទាំងអស់គ្នា»។
ជាមួយគ្នានេះ លោក សាយ សំអាល់ បានទទួលស្គាល់ថា ភាពល្បីល្បាញទាំងកោះរ៉ុងក្នុង និងកោះរ៉ុងក្រៅ (កោះរ៉ុងសន្លឹម) ដែលបច្ចុប្បន្ន មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកពីតាមបណ្តាប្រទេសផ្សេងៗ ទៅលេងកម្សាន្តយ៉ាងច្រើននោះ គឺអ្នកទាំងអស់នោះ មិនមែនស្គាល់កោះរ៉ុង តាមរយៈក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលនោះទេ តែគេស្គាល់តាមគ្នា ហើយបាននាំគ្នាមកលេងនៅទីនេះ កាន់តែច្រើន។
យ៉ាងណាក៏ដោយ ដើម្បីឱ្យអ្នកកោះរ៉ុង រស់រានមានជីវិត សុខសប្បាយ និងសុវត្ថិភាពទាំងអស់គ្នា លោក សាយ សំអាល់ បានដាក់គោលការណ៍ឱ្យនគរបាល កងរាជអាវុធហត្ថ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ត្រូវអនុវត្តគោលការណ៍ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំងនៅកោះរ៉ុងក្នុង និងនៅកោះរ៉ុងសន្លឹម ឱ្យបានខ្ជាប់ខ្ជួនបំផុត។
លោកបញ្ជាក់ថា៖ «យើងត្រូវរួមគ្នាធ្វើ ហើយត្រូវយល់ថា ដើម្បីឱ្យកោះរ៉ុង រស់រានមានជីវិត និងបន្តមានចំណូល យើងទាំងអស់គ្នាត្រូវតែចូលរួមទាំងក្រុមហ៊ុន ព្រោះក្រុមហ៊ុន មិនអាចរស់រានមានជីវិត ដោយគ្មានការចូលរួមរបស់អ្នកនៅកោះរ៉ុងបាននោះទេ អ៊ីចឹងក្រុមការងារកាន់នៅកោះរ៉ុងនេះ មិនសាមញ្ញទេ គឺជាក្រុមការងារ ដឹកនាំ កសាងទីក្រុងមួយ!»។


