ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២៥ កន្លងមកអង្គភាពមួយនេះរកប្រាក់ចំណេញសុទ្ធបានជិត ២០ លានដុល្លារ កើនឡើងជិតពាក់កណ្តាលបើធៀបនឹងឆ្នាំ២០២៤។
របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់កំពង់ផែស្វយ័តភ្នំពេញ(ក. ស. ភ.) ដែលក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) ចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា បង្ហាញថា សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៥ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មផ្សេងៗមានទឹកប្រាក់សរុប ៥០,៣១ លានដុល្លារអាមេរិក (២០១ ៨០២ ៥៥១ ពាន់រៀល) ដែលសម្រេចបាន ១០៩,១៣% នៃផែនការឆ្នាំ២០២៥ ហើយបើធៀបនឹងឆ្នាំ២០២៤ គឺកើនឡើង ៨,៧២ លានដុល្លារ (៣២ ៤៩៧ ០៩៩ ពាន់រៀល) ឬស្មើនឹងកំណើន ១៩,១៩%។ ភាគច្រើននៃទំនិញដែលនាំចូលតាម ក. ស. ភ. គឺជាគ្រឿងសំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះ ផលិតផលអាហារ ភេសជ្ជៈ និងវត្ថុធាតុដើមវាយនភណ្ឌ។ ចំណែកទំនិញនាំចេញរួមមាន ផលិតផលវាយនភណ្ឌ សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារសំណង់ និងផលិតផលអគ្គិសនី ជាដើម។
របាយការណ៍ឱ្យដឹងទៀតថា ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ឆ្នាំ២០២៥ គឺមានចំនួនសរុប ១៩,៣៣ លានដុល្លារ (៧៧ ៥៥២ ៦៧០ ពាន់រៀល) ដោយសម្រេចកំណើនបាន ១៤៣,១៩% នៃផែនការឆ្នាំ២០២៥ និងធៀបនឹងឆ្នាំ២០២៤ គឺកើនឡើង ៤៧,០២%។
ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ី បាវី បានអះអាងថា សមិទ្ធិផលខាងលើអាស្រ័យដោយ ក. ស. ភ. តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។ ជាក់ស្តែង ក. ស. ភ. បានប្រើប្រាស់គ្រប់យន្តការ តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការពង្រីកសមត្ថភាពលើកដាក់ និងផ្ទេរផ្ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលថែទាំ ការងារជលធារសាស្ត្រ និងការងារបំពាក់គ្រឿងចក្រ និងឧបករណ៍ថ្មីៗជាដើម។
លោកថ្លែងថា៖«ក. ស. ភ. មានជំនឿចិត្ត និងគោលជំហរយ៉ាងរឹងមាំក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងប្រតិបត្តិការនៅតាមបណ្តាចំណតផែនានាឱ្យមានតម្លាភាព ភាពឆាប់រហ័ស ដើម្បីបង្កើននូវទំនុកចិត្ត និងការទាក់ទាញនៃការផ្តល់សេវាកំពង់ផែប្រកបដោយស្តង់ដាជូនដល់អតិថិជន»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វឌ្ឍនភាពក្នុងវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជា គឺមានសន្ទុះខ្លាំងចាប់តាំងពីចុងឆ្នាំ២០២៣ មក ដោយសារការកើនឡើងនៃអ្នកវិនិយោគដែលចូលមកបណ្តាក់ទុនផ្ទាល់ ។ លោកបន្តថា ក. ស. ភ. នឹងកាន់តែមានភាពមមាញឹកនៅពេលគម្រោងព្រែកជីកហ្វូណនតេជោបើកឱ្យដំណើរការ។ គម្រោងនេះនឹងតភ្ជាប់ការដឹកទំនិញពីទន្លេទៅកាន់កំពង់ផែសមុទ្រ ដោយឆ្លងកាត់តាមខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងប្រហែល ១៨០គីឡូម៉ែត្រ។
លោកថ្លែងថា៖«កំណើនសេដ្ឋកិច្ចកម្ពុជា និងកំណើនផលិតកម្មក្នុងស្រុក បានធ្វើឱ្យមានលំហូរទំនិញនាំចេញ-នាំចូលច្រើនកាលពីឆ្នាំ២០២៥។ ជាទូទៅការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺផ្តល់ផលចំណេញច្រើនដូចជា តម្លៃទាប មិនកកស្ទះចរាចរណ៍ដូចផ្លូវគោក និងអាចដឹកបានបរិមាណច្រើន»៕

