ជប៉ុនបាន​ផ្តល់​ហិរញ្ញប្បទានឥតសំណង១១លាន​ដុល្លារ​ទៀត ដើម្បី​បោសសម្អាតមីន និង​ជួយសង្រ្គោះជនពិការដោយសារមីន នៅកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជប៉ុនបាន​ផ្តល់​ហិរញ្ញប្បទានឥតសំណង១១លាន​ដុល្លារ​ទៀត ដើម្បី​បោសសម្អាតមីន និង​ជួយសង្រ្គោះជនពិការដោយសារមីន នៅកម្ពុជា

 រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយហិរញប្បទានឥតសំណងចំនួន ១ ៧០០​លានយ៉េន (ប្រមាណ១១លាន​ដុល្លារអាមេរិក)​ទៀតជូន​កម្ពុជា គាំទ្រដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) លើ​គម្រោងសមាហរណកម្មការ​បោសសម្អាត​មីន និងជួយ​សង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ បន្ទាប់ពី​​គម្រោងដំណាក់កាលទី​២ បានបញ្ចប់ កាលពី​ចុង​ឆ្នាំ ២០២៥ ដោយ​ចំណាយ​ទឹកប្រាក់សរុបអស់​ជិត​១៧លានដុល្លារអាមេរិក។


ចំពោះ​​ពិធីផ្ទេរ-ប្រគល់សមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះ​ជនពិការដោយសារមីន ដំណាក់កាលទី២ ត្រូវបាន​រៀបចំឡើង នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ខេត្តបាត់ដំបង នាថ្ងៃទី ១៨ ខែឧសភានេះ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង​លោក UENO Atsushi ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំជាច្រើន​ទៀត។


ជុំវិញការងារ​ទាំងអស់នេះ លោក ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា គូស​បង្ហាញ​តាម​រយៈការ​បង្ហោះសារ​របស់​លោក​​ថា គម្រោងសមាហរណកម្មការបោស​សម្អាតមីន និងជួយសង្គ្រោះ​ជន​ពិការ​ដោយ​សារមីនដំណាក់កាលទី២ គឺ​រដ្ឋាភិបាល​ជប៉ុនបាន​សម្រេច​ផ្តល់​ជំនួយហិរញប្បទានឥត​សំណង​មាន​ទឹក​ប្រាក់​សរុប​ចំនួន ២ ០០០លានយ៉េន ស្មើនឹងជិត​១៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៤៥ខែ ចាប់ពី​ថ្ងៃទី ១ មេសា ឆ្នាំ​២០២២ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ​២០២៥។


គម្រោង​នេះ ត្រូវ​បាន​អនុវត្តនៅ​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ព្រម​ទាំង​សម្រេចបាន​សមិទ្ធផលមានជាអាទិ៍ បោសសម្អាតផ្ទៃដី​ចម្ការមីន/គ្រាប់​បាន​ចំនួន ១២ ០១១ហិកតា ស្មើនឹង១២៧% ធៀប​នឹង​ផែនការ។ ​រុករក​ឃើញ និងកម្ទេចចោល​គ្រាប់​មីន និង​គ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន ២៧ ៨៤៧​គ្រាប់ និង​​​ផ្ដល់​សារ​អប់រំយល់ដឹង​​ពី​មីន​​បាន​​ចំនួន ១២ ៥៨២​​លើក មាន​ប្រជាពលរដ្ឋចូលរួម​សរុប​ចំនួន ​៣៤៣ ២០៩​​នា​ក់។


លោក​បានបន្ថែម​ថា ប្រជាពលរដ្ឋ​​ចំនួន ៧៦៣ ៦០២នាក់ បាន​ទទួល​ផល​ពី​គម្រោង​ដំណាក់កាលទី​២នេះ ដោយ​សាងសង់ផ្លូវ​​គក្រួស​ក្រហ​មប្រវែង ៩ ៨០០ម៉ែត្រ និង​​សំណង់​​​រំដោះ​​ទឹក​​​គ្រប់ប្រភេទ​ចំនួន​ ២៩​កន្លែង ទិញ​​សម្ភារ​បោស​សម្អាត​​​មីន​​​មួយ​​ចំនួន ​រួមមាន​ម៉ាស៊ីនរាវមីន ALIS ចំនួន ១២​គ្រឿង គ្រឿង​ចក្រ​បោស​សម្អាត​មីន Komatsu ចំនួន ១គ្រឿង រថយន្ត​​សណ្តោង​​ចំនួន១ ​គ្រឿង និង​គ្រឿ​ង​បន្លាស់​​ផងដែរ។


ដោយឡែក​សម្រាប់​គម្រោង​ថ្មី ដំណាក់​កាលទី​៣ ដែល​ត្រូវ​សម្ពោធ​បើកការ​ដ្ឋាន ​នៅ​ថ្ងៃ​​ទី ១៨ ខែឧសភានេះ លោក ហេង រតនា បញ្ជាក់ថា មានហិរញ្ញប្បទាន​ឥត​សំណង (ពីជប៉ុន) ចំនួន១ ៧០០​លានយ៉េន ស្មើនឹងប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់រយៈពេល ២៤ខែ ចាប់​ពី​​ថ្ងៃទី ១៩ ខែ​មករា ២០២៦ ដល់​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៨។


ចំពោះ​គម្រោង​ថ្មី ដំណាក់​កាលទី​៣នេះ ដើម្បី​គាំទ្រ​ដល់​​អង្គភាព CMAC លើ​​គោល​ដៅ​​ដូ​ច​ជា បោស​សម្អាត​ផ្ទៃដី​ចម្ការមីន/គ្រាប់​ចំនួន ៤ ៩៣៩​ហិកតា ក្នុង​ភូមិសាស្រ្ដ​ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង ព្រមទាំង​ឆ្លើយតប​សំណើ​សុំ​អន្ដរាគមន៍បន្ទាន់ក្នុង​​ខេត្ត​ប៉ៃលិន រួម​ទាំងជួយសង្គ្រោះជនរងគ្រោះ​ដោយសារ​មីន និង​ការអភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសម្អាត​មីន​រួច ក៏ដូចជា​ទិញម៉ាស៊ីនរាវមីន ALIS និងកសាងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត (AI)។


ជាមួយគ្នានេះ លោក ហេង រតនា បានអរ​គុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន​ ដែលបានផ្តល់ជំនួយទាំងសម្ភារៈ និងថវិកា​ ដើម្បីគាំទ្រដល់ CMAC ក្នុងការបោសសម្អាតមីននៅកម្ពុជា ជាពិសេសសរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​អង្គភាព CMAC។លោក រតនា ក៏​បាន​អរគុណចំពោះដៃគូអភិវឌ្ឍ និង​ម្ចាស់​ជំនួយ​ទាំង​អស់ ដែលបាន​ចូលរួម​ចំណែក​​ក្នុង​​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ដ​របស់​រាជរដ្ឋាភិបាល សំ​ដៅឆ្ពោះ​ទៅ​រក​ «កម្ពុជា​អស់ការ​គំរាមកំហែង​​ដោយសារ​​គ្រាប់មីន​​ប្រឆាំង​​មនុស្ស​​​នៅ​ត្រឹម​ចុង​ឆ្នាំ ២០៣០ និង​កាត់​បន្ថយ​​ការ​​គំរាម​កំហែង​​ដោយ​សារ​​បញ្ហា​​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រា​ម​​ត្រឹម​ឆ្នាំ២០៣៥»។

ចំណែក​លោក ប្រាក់ សុខុន ក៏បានអរគុណ និងកោតសរសើរ​ដល់​គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស​ជប៉ុន ដែលបានផ្តល់ជំនួយ​ដល់​កម្ពុជា សម្រាប់​គាំទ្រ CMAC នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ទាំង​ដំណាក់កាលទី២ និងការបើកកិច្ចប្រតិបត្តិការគម្រោងថ្មី ដំណាក់កាលទី៣ ហើយលោកក៏​បានរំឭក​ពីពលិកម្មរបស់អ្នកដោះមីន ដែលបានរងរបួស និងបាត់បង់ជីវិត ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតមីន​របស់​ពួកគេ។

ជាមួយហេតុផលនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖​ «ក្នុងនាមជា​ប្រទេស​ដែល​រងគ្រោះ​ពីបញ្ហា​គ្រាប់​មីនធ្ងន់ធ្ងរបំផុត​មួយ​ក្នុង​ពិភពលោក និង​ជា​រដ្ឋភាគី​នៃ​​អនុសញ្ញាមីន​អន្តរជាតិ​អូតាវ៉ា កម្ពុជា ប្រកាន់ជំហរយ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​​បំពេញ​តាម​​គ្រប់​​កាតព្វកិច្ច និងស្មារតី​​នៃ​​អនុសញ្ញា​អន្តរជាតិនេះ ហើយ​កម្ពុជាក៏​មាន​មោនទនភាព ដែល​បាន​បញ្ជូនកងកម្លាំង​​បោស​សម្អាតមីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចូលរួមបេសកកម្មរក្សា​សន្តិភាពក្រោម​ឆ័ត្រអង្គការ​សហប្រជាជាតិ»។

ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ដៃគូអ្នក​ផ្តល់ជំនួយផ្សេងៗទៀត ដែលបាន ហើយនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ក្នុងនោះក្រៅពីជប៉ុន គឺមានចិន សហរដ្ឋអាម៉េរិក អូស្ត្រាលី ប៊ែលហ្ស៊ិក កាណាដា សហគមន៍អឺរ៉ុប អាល្លឺម៉ង់ ន័រវេស្ស ស៊ុយអ៊ែត ចក្រភពអង់គ្លេស និងអង្គការជាដៃគូរួមមាន UNDP អង្គការ NPA ទីភ្នាក់ងារ JICA អង្គការយេម៉ាស់ (JMAS) អង្គការ អាប៉ូប៉ូ (APOPO) អង្គការ Golden West, Japan International Cooperation System ក្រុមហ៊ុន Japan Crown Agents Japan Limited ក្រុមហ៊ុន Komatsu និងក្រុមហ៊ុន Nikken Corporation៕




Post a Comment (0)
Previous Post Next Post