លោក សោម ស៊ុន បញ្ជា​ឱ្យ​​កងកម្លាំងចម្រុះ បង្ក្រាប​បទល្មើសក្នុងតំបន់​ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដើម្បីចាប់​បញ្ជូន​ជនល្មើស​ទៅតុលា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក សោម ស៊ុន បញ្ជា​ឱ្យ​​កងកម្លាំងចម្រុះ បង្ក្រាប​បទល្មើសក្នុងតំបន់​ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដើម្បីចាប់​បញ្ជូន​ជនល្មើស​ទៅតុលា

 លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹករង អនុប្រធាន​អចិន្ត្រៃយ៍នៃ​គណកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បាន​​ដាក់​បទ​បញ្ជា​ដល់​កងកម្លាំងចម្រុះ ឱ្យ​ការពារ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសកាប់​ទន្ទ្រានព្រៃឈើ ក្នុង​តំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ ឱ្យបានដាច់ខាត ដើម្បីកសាងសំណុំរឿងបញ្ជូនជនល្មើស​ទៅកាន់តុលាការផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឱ្យ​​បាន​ធ្ងន់ធ្ងរ។


ការ​ដាក់​បទ​បញ្ជា​​នេះ ត្រូវបាន​​ធ្វើ​​ឡើង​​​ក្នុង​កិច្ចប្រជុំកងកម្លាំងចម្រុះ នៅទីបញ្ជាការ​តំបន់​ប្រតិបត្តិការសឹករងកំពង់ធំ កាលពី​ថ្ងៃទី ១៨ ខែ​ឧសភា ដោយ​​មានថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រី​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើន​បានចូលរួម ហើយនេះ​ជាការអនុវត្តតាម​បទបញ្ជារបស់លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។


នៅក្នុងកិច្ចប្រជុំ​នោះ លោក សោម ស៊ុន បានថ្លៃអំណរគុណ​​ដល់​កងកម្លាំងចម្រុះ​​ទាំង​​អស់ ដែលបាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ​ខ្ពស់ ក្នុងភារកិច្ច​ការពារធនធាន​ធម្ម​ជាតិ ពិសេសការការពារ​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ នាពេលកន្លងទៅ ទោះបីជាមានការខូចខាតខ្លះ​នៅកន្លែង​មួយ​ចំនួន ប៉ុន្តែ​ជារួម​កង​កម្លាំង​​ចម្រុះ​​របស់យើង​គ្រប់គ្រង​ថែ​រក្សា​បាន តំបន់​ព្រៃឡង់​ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំ។


យ៉ាងណាក៏​ដោយ សោម ស៊ុន បានប្រគល់ភារកិច្ច និងដាក់បទបញ្ជា​​ដល់​កងកម្លាំង​ចម្រុះ ត្រូវ​ធ្វើការ​កែ​សម្រួល និងបង្កើន​បន្ថែម​ទីតាំងឈរជើងថ្មីមួយកន្លែងទៀត នៅតំបន់អូដូង ជាប់​ព្រំប្រទល់ខេត្ត​កំពង់ធំ និង​ខេត្តក្រចេះ ដើម្បីធានា​ប្រសិទ្ធភាព ក្នុង​ការ​ធ្វើ​សកម្មភាព និង​ការពារ ទប់ស្កាត់ មិន​ឱ្យ​មាន​ការកាប់ទន្ទ្រានព្រៃឈើ នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាថ្មីទៀតជាដាច់ខាត។


ជាមួយគ្នានេះ លោក​បានស្នើ​ទៅសមត្ថកិច្ចជំនាញ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់លោក​ នួន ផារ័ត្ន ក្នុងការរៀបចំដី ការដកហូតដីព្រៃ ដែល​បាន​កាប់ទន្ទ្រាន​នាពេលកន្លងទៅ ដើម្បី​ដាក់ជាសម្បត្តិរដ្ឋ និងបន្តស្រាវជ្រាវរក​មុខ​សញ្ញាជនល្មើស ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យ​បានធ្ងន់ធ្ងរបំផុត។


លោក​បានបញ្ជាក់ថា៖​ «ចំពោះ​កងកម្លាំងចម្រុះ ដែលត្រូវបានកែសម្រួលទៅឈរជើងនៅទីតាំងថ្មី ត្រូវធ្វើ​សកម្មភាពឱ្យ​​បាន​ជាប់​ជាប្រចាំ ដើម្បី​ឃ្លាំចាំមើល និង​ចាប់​ឃាត់​ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើសជាក់ស្ដែងក្នុងការកាប់​​ទន្ទ្រានព្រៃឈើ​ក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ ដើម្បី​បញ្ជូន​ទៅ​កាន់តុលាការ​អនុវត្ត​តាមវិធានការ​ច្បាប់ឱ្យ​​បាន​ម៉ឺងម៉ាត់​បំផុត»។


តាមរបាយការណ៍​របស់ ​លោក ណុប ឆៃយ៉ា អនុប្រធានមន្ទីរបរិស្ថាន​ខេត្ត និងជា​ប្រធាន​ទីបញ្ជាការ​ស្រាល​បង្ក្រាប​បទល្មើសធនធានធម្មជាតិ នៅ​តំបន់​អូរឃ្មង ក្នុង​ឃុំសុចិត្រ ស្រុក​សណ្ដាន់ បានឱ្យ​ដឹង​ពីស្ថានភាព​គ្រប់គ្រង​តំបន់ដែន​ជម្រកសត្វព្រៃ ព្រៃឡង់ ក្នុង​ឃុំសុចិត្រ ស្រុកសណ្ដាន់ ដោយ​កន្លែង​មួយ​ចំនួន ត្រូវ​រង​ការ​កាប់​ទន្ទ្រានពី​ជន​ល្មើស ស្ថិត​នៅ​ក្នុង​តំបន់​អូដូង និង​តំបន់​អូកង់ ដែលមាន​ព្រំប្រទល់ជាប់​ខេត្ត​ក្រចេះ ហើយ​តំបន់នេះ កងកម្លាំងចម្រុះ​ ធ្លាប់​បាន​ចាប់ឃាត់​ខ្លួន​ជនល្មើសកាប់ទន្ទ្រានព្រៃឈើ បញ្ជូនទៅកាន់តុលា​ការផ្តន្ទាទោស​រួច​មក​ហើយ។


ជាមួយគ្នានេះ លោក គង់ វ៉ាន់ មន្ត្រីឧទ្យានុរៈនៃមន្ទីរបរិស្ថានខេត្ត​កំពង់ធំ បានបញ្ជាក់អំពីស្ថានភាពនៃការគ្រប់គ្រង និងការរៀបចំកែសម្រួលទីតាំងឈរជើងរបស់ទីបញ្ជាការស្រាល ដើម្បី​ការពារតំបន់ព្រៃឡង់នេះឱ្យ​បាន៕


Post a Comment (0)
Previous Post Next Post