ថៃបញ្ចេញយន្តហោះចម្បាំង F-16 ល្បាតតាមព្រំដែនខ្លួន ស្របពេលរដ្ឋាភិបាលមីយ៉ាន់ម៉ាបង្កើនការ វាយប្រហារតាមអាកាស ហើយក្រុមផ្តាច់ខ្លួនការ៉ែនបានតបតដោយប្រើប្រាស់ដ្រូន ដែលធ្វើឱ្យស្ថានភាពព្រំដែនថៃ-មីយ៉ាន់ម៉ាកាន់តែកើនកម្តៅខ្លាំងឡើង ជាពិសេសនៅជិតខេត្តតាក់របស់ថៃ។
បើតាមសារព័ត៌មានថៃ Khaosod English បានចុះផ្សាយនៅថ្ងៃទី ៣០ ខែមេសានេះថា កងទ័ពអាកាសយោធាថៃ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ចំនួន ២ គ្រឿង ឲ្យហោះល្បាតលើដែន អាកាសក្នុងតំបន់ស្រុក Phop Phra នៃខេត្តតាក់ កាលពីថ្ងៃទី ២៩ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នាបានកើតឡើងរវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធការ៉ែនកើនឡើងយ៉ាងខ្លាំងនៅតំបន់ជិតព្រំដែន។
ការប្រយុទ្ធគ្នានេះបានកើតឡើងនៅម៉ោងប្រហែល៤រសៀល ដោយកងកម្លាំងចម្រុះនៃសហភាពជាតិការ៉ែន និងក្រុមប្រយុទ្ធតស៊ូសម្ព័ន្ធមិត្តបានបើកការវាយប្រហាររួមគ្នា ទៅលើមូលដ្ឋានយោធាមីយ៉ាន់ម៉ា នៅទីក្រុង Myawaddy ខេត្ត Karen ដែលស្ថិតតាមបណ្តោយព្រំដែនជាប់ខេត្តតាក់របស់ប្រទេសថៃ។
ការប្រយុទ្ធគ្នានោះក្រុមផ្តាច់ខ្លួនមីយ៉ាន់ម៉ាបានប្រើប្រាស់ដ្រូន រីឯកងកម្លាំងអាកាសនៃរដ្ឋាភិបាលមីយ៉ាន់ម៉ា បានធ្វើការទម្លាក់គ្រាប់បែកជាការសងសឹក ស្របពេលកងទ័ពជើងគោកក៏បានធ្វើការវាយប្រហារជាបន្តបន្ទាប់ ដែលបណ្តាលឲ្យមានផ្សែងខ្មួលខ្មៅពេញមេឃ។ រដ្ឋាភិបាលមីយ៉ាន់អះអាងថា ការវាយប្រហារនេះ គឺសំដៅលើទីតាំងដែលកាន់កាប់ដោយកងកម្លាំងតស៊ូការ៉ែន។
គួររំឭកថា លោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនថៃតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយព្រមានថាការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា មិនត្រូវប៉ះពាល់ ឬរាលដាលដល់ប្រទេសថៃឡើយ។
លោកបាននិយាយថា៖ «អាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ឧប្បត្តិហេតុទាំងនេះគឺជាផ្នែកមួយនៃការប្រយុទ្ធគ្នាផ្ទៃក្នុង មិនមែនជាការរំលោភបំពានដោយចេតនាលើទឹកដីថៃទេ ប៉ុន្តែខ្ញុំមិនទទួលយករឿងនេះទេ ប្រសិនបើមានការប្រយុទ្ធគ្នា វាត្រូវតែនៅខាងទឹកដីមីយ៉ាន់ម៉ា ប្រទេសថៃមិនត្រូវរងផលប៉ះពាល់ទេ»៕

