មេដឹកនាំមីយ៉ាន់ម៉ា បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្របពេលមានការរិះគន់បញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា និងមានការស្នើឲ្យចាប់ខ្លួន តាមយន្តការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ោងឡាំង ដែលជាប់ឆ្នោតនិងរងការរិះគន់កាលពីខែមេសា កំពុងបំពេញទស្សនកិច្ចមកកម្ពុជា ដោយលោកបានជួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ទស្សនកិច្ចរបស់លោកពីថ្ងៃទី១១ដល់១២ ខែកញ្ញា ធ្វើឡើងបន្ទាប់ពីលោកបានទៅវៀតណាម។ មុនដំណើរទស្សនកិច្ចនេះ លោកក៏បានទៅប្រទេសរុស្ស៊ី ឥណ្ឌា ថៃ ចិន និងឡាវផងដែរ។
អ្នកធ្វើការក្នុងការការពារសិទ្ធិមនុស្សបានរិះគន់ថា កម្ពុជាទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែលរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោក និងការបោះឆ្នោតដែលប្រទេសលោកខាងលិចថាមិនមានភាពត្រឹមត្រូវ។
បន្ថែមពីលើនេះ អ្នករិះគន់មួយចំនួនថែមទាំងបានបញ្ចេញមតិស្នើឲ្យកម្ពុជាចាប់ខ្លួនលោក មីន អ៊ោងឡាំង តាមយន្តការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសារតែកម្ពុជាជាសមាជិកនៃ ICC។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងលោក ហ៊ុន សែន និង លោក មីន អ៊ោងឡាំង, អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានថ្លែងថា កម្ពុជានិងមីយ៉ាន់ម៉ាជាមិត្តល្អ ហើយមិនដែលមានបញ្ហាជាមួយគ្នាអស់រយៈពេល ៧០ឆ្នាំមកហើយ។
ចំពោះការរិះគន់ថាកម្ពុជា ប្រថាប់ត្រាទទួលស្គាល់លោក មីន អ៊ោងឡាំង ជាមេដឹកនាំមីយ៉ាន់ម៉ា ស្របច្បាប់, លោក ជា ធីរិទ្ធ បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសទី១ ដែលលោក មីន អ៊ោងឡាំង ទៅបំពេញទស្សនកិច្ចនៅក្រោយពេលក្លាយជាប្រធានាធិបតីទេ។
លោកថ្លែងថា៖ «យើងដឹងថានៅសងខាងប្រទេសរបស់យើង លោក មីន អ៊ោងឡាំង បានអញ្ជើញទៅដល់អស់ហើយ តើនោះបង្ហាញយ៉ាងដូចម្ដេចចំពោះរដ្ឋាភិបាលរបស់លោក មីន អ៊ោងឡាំង?»។
លោកបន្តថា៖ «សំណួរមួយទៀតដែលយើងគួរតែពិចារណាថា តើតាំងពីលោក មីន អ៊ោងឡាំង ត្រូវបានសភាបោះឆ្នោតរើសធ្វើជាប្រធានាធិបតី តើមានប្រទេសណាខ្លះដែលដកទូតចេញពីប្រទេសមីយ៉ាន់ម៉ាដែលបង្ហាញពីការមិនទទួលស្គាល់? តើមានទេ? តើមានប្រទេសណាខ្លះ? ដូច្នេះប្រសិនបើប្រទេសទាំងអស់នោះ នៅតែបន្តធ្វើការងារសហការការទូតជាមួយលោក មីន អ៊ោងឡាំង មានន័យថាម៉េច? ទទួលស្គាល់ឬក៏មិនទទួលស្គាល់?»។
លោកបន្តថា សូម្បីប្រទេសកម្ពុជាខ្លួនឯង ក៏ធ្លាប់ត្រូវបានក្រុមខ្លះប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាយើង ប៉ុន្តែចុងពួកគេនៅតែបន្តធ្វើការជាមួយកម្ពុជាដដែល។ យ៉ាងណាក៏ដោយ សម្រាប់បញ្ហាផ្ទៃក្នុងមីយ៉ាន់ម៉ា លោកថា កម្ពុជា គោរពតាមគោលការណ៍អាស៊ាន គឺមិនជ្រៀតជ្រែកផ្ទៃក្នុងរវាងសមាជិកអាស៊ាន។
បើតាមលោក ជី ធីរិទ្ធិ បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជានិងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ ដែលមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

